ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេដឹកនាំ​យោធា​បូស្នៀ​ស៊ែប រ៉ាតកូ ម្លាឌីក ត្រូវ​ចាប់​ខ្លួន


ស្តី្រម្នាក់ដើរកាត់រូបគំនូរឧត្តមសេនីយ៍ រ៉ាតកូ ម្លាឌីក (Ratko Mladic) ​អតីត​មេដឹកនាំ​​​យោធា​បូស្នៀស៊ែប​ក្នុង​រដ្ឋធានី ប៊ែលហ្ក្រេដ ​(Belgrade) ​កាលពី​ថ្ងៃទី១១​ខែមិថុនា​ឆ្នាំ២០០៩។
ស្តី្រម្នាក់ដើរកាត់រូបគំនូរឧត្តមសេនីយ៍ រ៉ាតកូ ម្លាឌីក (Ratko Mladic) ​អតីត​មេដឹកនាំ​​​យោធា​បូស្នៀស៊ែប​ក្នុង​រដ្ឋធានី ប៊ែលហ្ក្រេដ ​(Belgrade) ​កាលពី​ថ្ងៃទី១១​ខែមិថុនា​ឆ្នាំ២០០៩។

ឧត្តមសេនីយ៍​ រ៉ាតកូ ​ម្លាឌីក ​(Ratko Mladic) អតីត​មេដឹកនាំ​យោធា​បូស្នៀ​ស៊ែប​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ បន្ទាប់​ពីរត់គេច​ចេញពី​ការចាប់​ខ្លួនអស់​ជាច្រើន​ឆ្នាំ​លើ​បទចោទ​ប្រកាន់ឧក្រិដ្ឋកម្ម​សង្គ្រាម។ ឧត្តម​សេនីយ៍ ម្លាឌីក ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយតុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាមរបស់​អង្គការ​សហ​ប្រជាជាតិ​ពី​បទ​ប្រល័យ​ពូជសាសន៍ ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ដែលបង្កឡើង​នៅ​ក្នុង​សង្គ្រាម​នៅ​បូស្នៀ ​កាល​ពី​ឆ្នាំ​១៩៩២ ដល់​១៩៩៥។

ក្នុង​ឋានៈជា​មេបញ្ជាការ​កងទ័ព​បូស្នៀស៊ែប​ ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិលនៅ​បូស្នៀ​រយៈពេល​បី​ឆ្នាំ លោក រ៉ាតកូ ម្លាឌីក បាន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ត្រូវ​បាន​ចាត់​ទុក​ថាជា​អំពើ​ឃោរឃៅ​ដ៏​ធ្ងន់ធ្ងរ​បំផុតនៅ​ទី្វប​អឺរ៉ុប ចាប់តាំង​ពី​សង្គ្រាម​លោកលើក​ទី​២ ​ដែលជា​ការសម្លាប់​រង្គាលជនស៊ីវិល​កាន់​សាសនា​មូស្លីម ​នៅ​ក្នុង​តំបន់ស្រេប្រ៊ីនីត​សា ​(Srebrenica) ដែល​ទទួល​ការការពារ​ពី​អង្គការ​សហ​ប្រជាជាតិ។

លោក​ក៏​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​ផ្លោងរយៈ​ពេល​៤៣​ខែ (​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៦) ទៅ​លើ​រដ្ឋធានី​បូស្នៀ​ ឈ្មោះ​សារ៉ាជីវ៉ូ (Sarajevo) ដែល​ជា​ការឡោមព័ទ្ធមាន​រយៈពេល​យូរ​បំផុតនៅ​ក្នុង​ប្រវតិ្ត​សាស្ត្រ​សង្គ្រាម​សម័យ​ទំនើប​នេះ។ ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ពលរដ្ឋ​នៅ​សារ៉ាជីវ៉ូ បាន​ក្លាយ​ជា​គោលដៅរបស់កងទ័ព​បូស្នៀ​ស៊ែប ក្រោម​ការបញ្ជា​របស់​ ឧត្តមសេនីយ៍ម្លាឌីក។ ការផ្សព្វផ្សាយ​សេចក្តីរាយ​ការណ៍​ព័ត៌មាន ​នៅ​ជុំវិញ​ពិភព​លោក ​បាន​បង្ហាញ​ឲ្យ​ឃើញពី​ការបំផ្លិច​បំផ្លាញ ដែលបានប្រព្រឹត្តទៅ​លើ​ពលរដ្ឋមូលដ្ឋាន។

លោក រ៉ាតកូ ម្លាឌីក ​កើត​នៅ​បូស្នៀ នៅ​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​១៩៤២ នៅ​ក្នុង​ភូមិ​កាលីណូវីក​ (Kalinovik)។

លោក​ ត្រូវ​បានធំ​ដឹងក្តីឡើង​នៅប្រទេស​យូហ្គោស្លាវី (Yugoslavia) សម័យ​លោក​ទីតូ​ហើយ​ត្រូវ​បាន​បណ្តុះ​បណ្តាល​នៅ​ឯ​សាលា​បណ្ឌិតសភា​យោធា នៃ​កងទ័ព​ប្រជាជន​យូហ្គោស្លាវី (Yugoslav People's Army) ក្នុង​ទីក្រុង​បេលហ្គ្រាដ (Belgrade)។ លោកបាន​ឡើង​ឋានៈ​ជាវរៈសេនីយ​ឯក។

លោក ដានីញ៉េល សើវើ (Daniel Serwer) នៃ​វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក​ ថ្លែង​ថា លោក​ម្លាឌីក ប្រើ​តួនាទី​យោធា​មិន​ត្រឹមត្រូវ។

«វា​ជា​ការលំបាក​ដែល​ខ្ញុំប្រកាសអំពី​មុខ​តំណែង​ទាហាន​ណា​មួយ នៅ​ពី​មុខឈ្មោះ​របស់​គាត់ ដោយ​សារ​តែ​ឥរិយាបថ​របស់​គាត់​មិន​គ្រាន់​តែគ្មាន​លក្ខណៈ​អាជីព​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំងមាន​ភាព​ឃោរឃៅបំផុត​ទៀត​ផង»។

ខណៈ​ដែល​ប្រទេស​យូហ្គោស្លាវី ​ចាប់ផ្តើម​បែកបាក់​នៅ​ឆ្នាំ​១៩៩១ លោក​ម្លាឌីក ត្រូវបាន​ប្រគល់​មុខងារ​ប្រចាំ​នៅ​ទីក្រុង​នីន (Knin) ដែល​ជា​ទីតាំង​បះបោរ​របស់​ពួកក្រូអាត​ស៊ែប​ (Croatian-Serb) ប្រឆាំង​នឹង​ការប្រកាស​ឯករាជ្យ​ភាព​របស់​ក្រូអាត​ពី​យូហ្គោស្លាវី។

មួយ​ឆ្នាំ​ក្រោយ​មក លោក​ម្លា​ឌីក ត្រូវ​បាន​តំឡើង​ឋានន្តរ​សក្តិ​ជា​ឧត្តម​សេនីយ៍​ឯក​ និង​ដឹកនាំ​បញ្ជា​ទាំង​ស្រុងលើ​កង​កម្លាំង​យោធា​បូស្នៀ​ស៊ែប ដែល​ចាប់ផ្តើម​ប្រយុទ្ធ​ដើម្បីរដ្ឋ​ស៊ែប​ដាច់​ដោយ​ឡែក​មួយ ក្រោយ​ពី​បូស្នៀ ហេហ្សេ​ហ្គោវីណា (Bosnia-Herzegovina) បាន​ប្រកាស​ឯករាជ្យភាព​ពី​យូហ្គោ​ស្លាវី។

ក្រុម​អ្នក​វិភាគ​ និយាយ​ថា ឧត្តម​សេនីយ៍ ម្លាឌីក ​នឹង​ត្រូវបាន​ចងចាំ​យ៉ាង​ច្បាស់​បំផុតចំពោះការវាយ​ប្រហារ​នៅ​បូស្នៀ​ស៊ែបក្នុង​ឆ្នាំ​១៩៩៥ ទៅ​លើតំបន់​គ្រប់គ្រង​របស់​ក្រុមមូស្លីម​ក្នុង​ទីក្រុង​ស្រេប៊្រី​នីតសា។

លោក អេដវើត ចូសិប (Edward Joseph) អ្នក​ជំនាញខាង​តំបន់​បាល់​កង់ (Balkan) មាន​ប្រសាសន៍​ថា មុន​ដំបូង កងកម្លាំង​បូស្នៀ​ស៊ែប ធ្វើ​ការឡោម​ព័ទ្ធ​ទីក្រុង​ស្រេប៊្រី​នីតសា ​ដែល​ស្ថិត​នៅ​បូស្នៀ​ភាគ​ខាង​កើត ដែលជនស៊ីវិលរាប់​ម៉ឺន​នាក់ បាន​ជ្រកកោនដើម្បី​គេច​ចេញពីការវាយ​លុករបស់​បូស្នៀ​ស៊ែប​នៅ​តាមកន្លែង​ផ្សេងៗ។

«នៅ​ទី​ក្រុង​ស្រេប្រ៊ី​នីតសា ក្នុង​ខែកក្កដា ឆ្នាំ​១៩៩៥ តំបន់​ទាំង​នោះត្រូវ​បាន​ដណ្តើម​កាន់​កាប់​ដោយកង​កម្លាំងស៊ែប បើ​ទោះ​ជា​ថា​តំបន់​ទាំង​នោះ​ជា​ទីតាំង​សុវត្ថិភាពរបស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​មាន​កងទ័ព​ហូឡង់​នៅ​ទីនោះ​និង​មាន​លទ្ធភាព​ក្នុង​ការអំពាវ​នាវ​ឲ្យ​មាន​ការវាយ​ប្រហារ​ពី​លើ​អាកាស​របស់​អង្គការ​ណាតូ​( NATO) ក៏​ដោយ។ ប៉ុន្តែ​ជា​ជំនួស​វិញ ​វា​គ្រាន់តែ​ជា​ការវាយ​ប្រហារ​ពី​លើ​អាកាស​ជានិមិត្ត​រូបតែ​ប៉ុណ្ណោះ ហើយ​កងទ័ព​ហូឡង់​ មិន​បាន​ការពារ​ទីតាំង​សុវត្ថិភាព និង​ពលរដ្ឋ​ប្រកប​ដោយប្រសិទ្ធភាព​នោះ​ទេ។ ស្ត្រី​ភាគ​ច្រើនត្រូវ​បាន​បំបែកចេញ ស្ត្រីនិង​កុមារភាគ​ច្រើនត្រូវ​បាន​បំបែកចេញ ​ហើយ​បុរសដោយ​រាប់​បញ្ចូល​ទាំង​ក្មេង​ប្រុសៗ ត្រូវ​បាន​ប្រមូល​ផ្តុំ ​និង​សម្លាប់​រង្គាល​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ទីនោះ។ ហើយ​បើ​យោង​តាម​អង្គការ​កាកបាទក្រហមអន្តរជាតិ (International Red Cross) មាន​មនុស្សយ៉ាងហោច​ណាស់​ក៏​៧.០០០​នាក់​ដែរ​ ដែល​ជា​ចំនួន​មនុស្ស​បាត់​ខ្លួន ហើយ​ថា​នោះ​គឺ​ជា​ការសម្លាប់រង្គាលតាម​ការប៉ាន់​ស្មាន​ក្នុង​កម្រិត​ទាប​បំផុតប៉ុណ្ណោះនៅ​ស្រេប៊្រី​នីតសា»។

លោកដុសស្កូ ដូដើ (Dusko Doder) អ្នកកាសែត​ បាន​ស្ថិត​នៅ​ខាង​ក្រៅ​ទីក្រុង​ស្រេប៊្រី​នីត​សា​ នៅ​ពេល​នោះ ហើយ​នៅ​ចាំ​ថា​បាន​ឮ​ដំបូង​បង្អស់​ស្តីពី​ការសម្លាប់​រង្គាល​នេះ ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែលចេញ​មក​ពី​ទីក្រុង​នោះ។

«ខ្ញុំ​បាន​បើក​ឡាន​ជូន​ស្រ្តី​នោះ​ ហើយ​លោកស្រីបាន​រៀបរាប់​ប្រាប់​យើង​ថា កងទ័ពបាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ ហើយ​ថាកងទ័ព​បាន​ប្រមូល​ផ្តុំ​មនុស្ស​នៅ​ពហុ​កីឡាដ្ឋាន។ ហើយខ្ញុំ​មិន​ចង់​ជឿ​រឿង​នោះឡើយ។ ខ្ញុំ​បាន​គិត​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នោះ បាន​និយាយបំផ្លើស។ រឿងរ៉ាវ​ដំបូង ​ដែល​ខ្ញុំ​បាន​សរសេរ ​ខ្ញុំ​និយាយ​តែ​ចំនួនរាប់​រយ​នាក់​ប៉ុណ្ណោះ ​ដោយសារ​ខ្ញុំមិន​ជឿ​ថា​រឿងរ៉ាវ​បែប​នោះអាច​កើត​មាន​ឡើង​សោះ»។

នៅ​ឆ្នាំ​១៩៩៥ តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិសម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី (The International Criminal Tribunal for the Former Yugoslavia) ដែល​មាន​ទីតាំង​នៅ​ក្នុង​ទី​ក្រុងឡាអេ បាន​ចោទ​ប្រកាន់​ឧត្តមសេនីយ៍ម្លាឌីក និង​មេដឹកនាំ​សម័យ​សង្គ្រាមបូស្នៀ​ស៊ែប​ ឈ្មោះ រ៉ាដូវ៉ាន ការ៉ាហ្សីក (Radovan Karadzic) ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម​ ប្រល័យ​ពូជ​សាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​ ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​នៅ​បូស្នៀ​រយៈពេល​បី​ឆ្នាំ (ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៥) ប្រជាពលរដ្ឋចំនួន១០០.០០០​នាក់​តាម​ការប៉ាន់​ស្មាន ត្រូវ​បាន​សម្លាប់ ​ហើយប្រជាពលរដ្ឋជាង​មួយ​លាន​នាក់​ទៀត​ គ្មាន​ផ្ទះ​សម្បែង។

ក្រោយ​ពី​សង្គ្រាម​ផុត​រលត់​ទៅ ឧត្តមសេនីយ៍ ម្លាឌីក បាន​វិល​ត្រឡប់​ទៅ​ទីក្រុង​បេលហ្គ្រាដ ​ដែល​ក្រុម​អ្នក​ជំនាញ​ជឿ​ជាក់​ថា លោកត្រូវ​បាន​គាំទ្រ ​និង​ការពារ​ដោយ​ប្រធានាធិបតីស៊ែប គឺ​លោក​ ស្លូបូដាន មីឡូសេវិច (Slobodan Milosevic)។ ប៉ុន្តែបន្ទាប់​ពី​លោក មីឡូសេវិច ត្រូវ​បានចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ទី​ក្រុង​ឡាអេ លោក​ម្លាឌីក បាន​លាក់​ខ្លួន។

លោក អេដ​វើត ចូសិប (Edward Joseph) អ្នកជំនាញខាងតំបន់​បាល់កង់ ​បាន​ឲ្យ​ដឹង​ថា ​ឧត្តមសេនីយ៍ ម្លាឌីក ​ប្រាកដ​ជា​ទទួល​ការគាំទ្រ​យ៉ាង​ខ្លាំងក្នុង​ជួរយោធា និង​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ស៊ែប ដើម្បី​គេច​ចេញ​ពី​ការចាប់​ខ្លួន​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​បែប​នេះ។

«វា​ច្បាស់​ណាស់​ថា អ្នក​នឹង​មិន​អាច​គេច​ខ្លួន​រួច​ ដោយ​គ្មាន​ការជួយ​ជ្រោម​ជ្រែង​នោះ​ឡើយបើ​អ្នក​ជា​មនុស្ស​ដ៏​ឆ្នើម និងធ្លាប់​បាន​ចេញមុខមាត់​បែប​នេះ។ ហើយ​ទីពីរ​ទៀត យើង​គួរ​បញ្ជាក់​ដែរ​ថា ​ក្នុង​ឋានៈជា​មេបញ្ជាការ​យោធា ​ឧត្តមសេនីយ៍​ ម្លាឌីក ​មាន​សម្ព័ន្ធ​មិត្ត​ច្រើន ​និង​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា ស៊ី​ជម្រៅ ​និង​ទូលំ​ទូលាយ​ទៀត​ផង​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ ដែល​មាន​លក្ខណៈទូលំ​ទូលាយ ​និង​ស៊ី​ជម្រៅ​ជាងលោក រ៉ាដូវ៉ាន ការ៉ាហ្សីក»។

ក្រុមអ្នក​ជំនាញ​ជា​ច្រើន ដូច​ជា​លោក​ឆាល គុប​ឆាន (Charles Kupchan) នៃ​ក្រុមប្រឹក្សាទំនាក់​ទំនង​បរទេស ​និយាយ​ថា ​ការចាប់​ខ្លួន​ឧក្រិដ្ឋជន​សង្គ្រាម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ គឺ​ជា​ជំហាន​មួយ​នៅ​ក្នុង​ដំណើរ​ការផ្សះ​ផ្សា ​និង​ព្យាបាល ​ក្នុង​ចំណោម​ក្រុមជន​ជាតិ​ភាគ​តិចជា​ច្រើន​នៅ​ក្នុង​តំបន់។

«ប្រសិន​បើ​អ្នកត្រូវការ​ក្របខ័ណ្ឌ​ពេល​វេលា​យូរ​ជាង​នេះ​បន្តិច ហើយ​អ្នក​អាច​និយាយ​ថា​តើហេតុ​ការណ៍​បែប​ណា​មាន​សារៈ​សំខាន់​ដើម្បី​ការផ្សះ​ផ្សា​សហគមន៍​ ការផ្សះផ្សា​ជា​សមូហភាព ​ការចាប់​ខ្លួន​ទាំង​អស់​នេះ ​ការកាត់​សេចក្តី​ទាំង​អស់​នេះ ​ការចោទ​ប្រកាន់​ទាំង​អស់​នេះ ​ពិត​ជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់សម្រាប់​បុគ្គល​ម្នាក់ៗ ដោយសារ​តែមាន​ការគិត​ថា ​យុត្តិធម៌​កំពុង​ត្រូវ​បាន​ផ្តល់​ជូន មាន​ការគិត​ថាអ្នក​ដែល​ទទួលខុស​ត្រូវចំពោះ​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ»។

លោក គុប​ឆាន និង​អ្នក​ដទៃ​ទៀត ថ្លែង​ថា ​ដោយ​មាន​ឧត្តមសេនីយ៍ ​ម្លាឌីក​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង បន្ទាប់​ពី​ការចាប់​ខ្លួន​លោក​ការ៉ា​ហ្សីក ​ឧបសគ្គ​យ៉ាង​ធំ​មួយ​ ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្នុង​ការស្វះ​ស្វែងរបស់​ស៊ែប ​ដើម្បី​ក្លាយ​ខ្លួន​ទៅជា​សមាជិក​ពេញ​សិទ្ធិរបស់​សហភាព​អឺរ៉ុប៕

ប្រែសម្រួល ដោយ​ លី សុខឃាង

XS
SM
MD
LG