កូដកម្មនានាដែលមានគោលបំណងឲ្យមានការបង្កើនការប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងប្រទេសកាមេរូនបានរាលដាលទៅដល់សាលារៀន និងសាកលវិទ្យាល័យជាច្រើន បន្ទាប់ពីក្រុមមេធាវីនិងគ្រូបង្រៀននៅតំបន់និយាយភាសាអង់គ្លេសមិនព្រមបញ្ឈប់ការធ្វើការតវ៉ាទាំងនេះ។ កិច្ចពិភាក្សាអំពីការប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការត្រូវបានធ្វើឡើងជាមួយនឹងនាយករដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាលផ្សេងៗ និងមេដឹកនាំតាមបែបប្រពៃណីនានា។
ក្រុមមេធាវី និងគ្រូបង្រៀន ដែលមានការគាំទ្រពីក្រុមយុវជនដែលមានការមិនពេញចិត្ត កំពុងចូលរួមនៅក្នុងជម្លោះដែលអូសបន្លាយអស់រយៈពេលជាយូរមកហើយជាមួយពួកយោធា ដើម្បីធ្វើបាតុកម្មទាមទារអ្វីដែលពួកគេហៅថា ឥទ្ធិពលដ៏លើសលប់នៃភាសាបារាំងក្នុងប្រទេសកាមេរូន ដែលជាប្រទេសចាត់ទុកភាសាអង់គ្លេសនិងភាសាបារាំងជាភាសាផ្លូវការនោះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកាមេរូន មិនមានអ្វីដែលបណ្ដាលឲ្យមានការជជែកដេញដោល និងបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមក្រុមរដ្ឋមន្ត្រីរដ្ឋាភិបាល សមាជិកសភា និងមេដឹកនាំតាមបែបប្រពៃណីនានា ដូចសកម្មភាពកូដកម្ម ដែលមានសភាពកាន់តែអាក្រក់ទៅៗរហូតដល់ក្លាយទៅជាកុបកម្មនៅក្នុងតំបន់និយាយភាសាអង់គ្លេសរបស់ប្រទេសកាមេរូននេះ នោះទេ។ លោកនាយករដ្ឋមន្ត្រី Philemon Yang ស្ថិតក្នុងចំណោមអ្នកដែលបានទៅចរចាជាមួយក្រុមបាតុករនាពេលកន្លងមក។
លោក Harmony Bogda អ្នកនាំពាក្យរបស់ក្រុមមេធាវីដែលធ្វើបាតុកម្ម បាននិយាយថា បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៣ ថ្ងៃ បានបញ្ចប់ទៅ ក្រុមមេធាវីបានចាកចេញដោយយល់ឃើញថា រដ្ឋាភិបាលមិនចង់ស្តាប់ការទាមទាររបស់ពួកគេឡើយ។ លោក Harmony Bogda និយាយថា ដោយសារដូច្នេះហើយបានជាកូដកម្មនឹងនៅតែបន្តធ្វើឡើង។
លោក Harmony Bogda បាននិយាយយ៉ាងដូច្នេះថា៖ «យើងនឹងមិនចូលធ្វើការឡើយ។ លោកនាយករដ្ឋមន្ត្រីបានបើកឲ្យមានផ្លូវសន្ទនាគ្នាជាមួយរដ្ឋាភិបាល ដែលស្របតាមការចង់បានពីក្រុមសមាជិកសភា។ លោកក៏បានថែមទាំងជំរុញឲ្យពួកយើងទៅជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ។ ប៉ុន្តែ ដោយសារតែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាអ្នកដែលស្ថិតនៅក្រោមអំណាចរបស់លោកនាយករដ្ឋមន្ត្រី ដូច្នេះយើងសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីនឹងអាចបំបែករបាំង ដែលលោករដ្ឋមន្ត្រីរូបនេះបានសាងឡើង ដើម្បីឲ្យយើងអាចមានការចរចារួមមួយជាមួយគ្រប់ភាគីទាំងអស់ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសកាមេរូន»។
លោកមេធាវី Ben Muna នៃសមាគមក្រុមប្រឹក្សាមេធាវីកាមេរូន និយាយថា សហការីរបស់លោកក៏មានការខឹងសម្បាផងដែរ ដោយហេតុថា កងកម្លាំងសន្តិសុខបានរំលោភបំពាន និងវាយដំពួកគេ ដោយសារតែការធ្វើបាតុកម្មដោយសន្តិវិធីនេះ។
លោក Ben Muna បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាពលរដ្ឋម្នាក់ មេធាវីរូបណាក៏មានសិទ្ធសេរីភាពដើម្បីទាមទារអ្វីមួយ បើទោះបីជាការទាមទារនោះជារឿងនយោបាយក៏ដោយ។ ដូច្នេះ គ្មានហេតុផលណាដែលពួកគាត់មិនអាចចូលរួមបាននោះទេ។ ខ្ញុំចង់និយាយថា មិនមែនដោយសារតែពួកគាត់ចង់ដកខ្លួនចេញនោះ ពួកគាត់គួរតែត្រូវបានគេវាយដំធ្វើបាបនោះទេ។ ដំណោះស្រាយចំពោះបញ្ហានេះ គឺថាក្រសួងយុត្តិធម៌គួរតែទៅកាន់ទីក្រុង Buea និងនិយាយជាមួយពួកគេ។ ពលរដ្ឋកាមេរូននៅតែជាពលរដ្ឋកាមេរូន»។
លោក Issa Tchiroma រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងជាអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា រដ្ឋាភិបាលមិនអាចធ្វើតាមការស្នើសុំមួយចំនួនដែលបានធ្វើឡើងនោះទេ។ លោកបានចោទប្រកាន់ក្រុមមេធាវីថាបានរៀបចំឲ្យមានអំពើហិង្សាជាបន្តបន្ទាប់កើតឡើងនៅតំបន់និយាយភាសាអង់គ្លេសនាពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រី Issa Tchiroma បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកដែលត្រូវទទួលខុសត្រូវចំពោះការរំលោភបំពានបែបនេះ ត្រូវដឹងថា នៅលើពិភពលោកយើងនេះ ភាពចលាចលមិនដែលនាំឲ្យមានអ្វីមួយដែលមានប្រយោជន៍នោះទេ។ ដូច្នេះ យើងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ឲ្យបង្ហាញឲ្យបានច្បាស់ថា បានត្រៀមខ្លួន គ្រប់គ្រងខ្លួនឯង មានការទទួលខុសត្រូវខ្ពស់ និងមានការតាំងចិត្តជាពលរដ្ឋ នៅក្នុងស្មារតីនៃការពិភាក្សាគ្នា»។
ចាប់តាំងពីជម្លោះដែលអូសបន្លាយអស់រយៈពេលដ៏យូរនេះ បានកើតមានឡើងជាមួយពួកយោធាកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងមក សាលារៀនទាំងឡាយនៅតែបន្តបិទទ្វារដដែល។
បណ្ដាញផ្សព្វផ្សាយព័ត៌មាននានាបានរាយការណ៍ថា មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន ហើយមនុស្ស ៤ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីពួកយោធាបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងបាតុករ។ ប៉ុន្តែ លោក Adolphe Lele L'Afrique Deben Tchoffo អភិបាលប្រចាំតំបន់នៅភាគពាយ័ព្យនៃប្រទេសកាមេរូន បានបដិសេធចំពោះតួលេខនេះ។
លោក Deben Tchoffo បានលើកឡើងយ៉ាងដូច្នេះថា៖ «មានមនុស្សតែម្នាក់ទេដែលបានស្លាប់។ ការស៊ើបអង្កេតកំពុងតែធ្វើឡើង ដើម្បីរកអ្នកទទួលខុសត្រូវ។ ដូច្នេះ ខ្ញុំសូមអំពាវនាវដល់មនុស្សគ្រប់គ្នាឲ្យត្រឡប់ទៅធ្វើការងាររបស់ខ្លួនជាធម្មតាវិញ ហើយសូមអំពាវនាវដល់អ្នកដែលបានអំពាវនាវឲ្យមានកូដកម្មនេះជ្រាបថា ពួកគេអាចចូលរួមជាមួយរដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង ចំពោះបញ្ហានានាដែលពួកគេបានលើកឡើងឲ្យរដ្ឋាភិបាលបានដឹង»។
លោក John Fru Ndi មេដឹកនាំគណបក្ស SDF ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅក្នុងប្រទេសកាមេរូន កំពុងជំរុញរដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាទាំងឡាយ ដែលបានលើកឡើងដោយក្រុមអ្នកធ្វើកូដកម្ម បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខនឹងការធ្វើកុបកម្មមិនខាន។
លោក Fru Ndiបាននិយាយយ៉ាងដូច្នេះថា៖ «យើងអាចកោះហៅប្រជាពលរដ្ឋឲ្យមានការជួបជុំគ្នាយ៉ាងធំនៅក្នុងក្រុងនេះ ដែលជាទីកន្លែងដែលយើងនឹងនិយាយទៅកាន់ពួកគាត់ ប៉ុន្តែការធ្វើបែបនេះគឺធ្វើឡើង បន្ទាប់ពីមានការដោះស្រាយដោយរដ្ឋាភិបាលក្រុង Yaoundeចំពោះបញ្ហាដែលប្រជាជនទាមទារតែប៉ុណ្ណោះ»។
ប្រជាជនកាមេរូនដែលនិយាយភាសាអង់គ្លេសមានចំនួន ២០ ភាគរយ នៃចំនួនប្រជាជនសរុបចំនួន ២២ លាននាក់។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះចែងថា ភាសាផ្លូវការទាំងពីរដែលបន្សល់ទុកមកពីសម័យអាណានិគមបារាំង និងអាណានិគមអង់គ្លេសគួរទទួលបានការយកចិត្តទុកដាក់ដូចគ្នា ប៉ុន្តែឯកសារផ្លូវការភាគច្រើនគឺមានតែជាភាសាបារាំងតែប៉ុណ្ណោះ។ រដ្ឋមន្ត្រីមួយចំនួនថ្លែងសុន្ទរកថាតែជាភាសាបារាំងប៉ុណ្ណោះ បើទោះបីជានៅក្នុងតំបន់និយាយភាសាអង់គ្លេសក៏ដោយ។
អស់រយៈពេលជិត ៦០ ឆ្នាំហើយ បន្ទាប់ពីប្រទេសកាមេរូនទទួលបានឯករាជ្យមក គ្មានអ្នកដែលនិយាយភាសាអង់គ្លេសរូបណានៅក្នុងប្រទេសនេះ បានកាន់តំណែងដែលមានឥទ្ធិពលដូចជាតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឬតំណែងនៅក្នុងរដ្ឋបាលដែនដីនោះឡើយ៕
ប្រែសម្រួលដោយ នៀម ឆេង