លោក រ៉ាត់កូ ម្ល៉ាឌិក (Ratko Mladic) ជនសង្ស័យជាឧក្រិដ្ឋជនសង្គ្រាម កំពុងជាប់ឃុំនៅក្នុងតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ។ ប៉ុន្តែមុនការធ្វើបត្យាប័ន មេធាវីរបស់លោកនិយាយថាអតីតឧត្តមសេនីយរូបនេះមានបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ហើយអាចស្លាប់មុនពេលចាប់ផ្តើមការកាត់ទោសលើបទចោទប្រកាន់ប្រល័យពូជសាសន៍។
ថ្ងៃច័ន្ទជាថ្ងៃចុងក្រោយបង្អស់ដែលលោករ៉ាត់កូ ម្ល៉ាឌិក អាចប្តឹងឧទ្ធរណ៍ការវិនិច្ឆ័យរបស់តុលាការដើម្បីធ្វើបត្យាប័នលោកទៅកាន់តុលាការឧក្រិដ្ឋកម្មសង្គ្រាមរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងឡាអេ។
ឈរនៅខាងក្រៅតុលាការក្នុងទីក្រុង Belgrade លោក Milos Saljic មេធាវីបានប្រាប់ក្រុមអ្នកយកព័ត៌មានថាលោកនឹងដាក់ពាក្យប្តឹងឧទ្ធរណ៍របស់លោក ម្ល៉ាឌិកតាមប៉ុស្តិ៍ ប្រឆាំងការធ្វើបត្យាប័ន។ លោកបាននិយាយថាកូនក្តីរបស់លោកបានទទួលគ្រោះថ្នាក់ដោយសារជំងឺដាច់សសៃឈាមក្នុងខួរក្បាលជាច្រើនដងហើយមានជំងឺជាទម្ងន់មិនអាចប្រឈមមុខការកាត់ទោសក្នុងប្រទេសហុល្លង់ទេ។
«លោកនិយាយថាស្ថានភាពសុខភាពរបស់លោក ម្ល៉ាឌិកកំពុងមានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងហើយថាលោកទាមទារឲ្យមានការស៊ើបអង្កេតពីអ្នកជំនាញការសុខភាពឯករាជ្យ។ មេធាវី Saljic បន្ថែមទៀតថាកូនក្តីរបស់លោកមានជំងឺជាទម្ងន់ហើយថាលោក នឹងមិននៅរស់រានមានជីវិតរហូតដល់ពេលការកាត់ទោសចាប់ផ្តើមទេ»។
ក៏ប៉ុន្តែ ពួករដ្ឋអាជ្ញាបានហៅការសុំឧទ្ធរណ៍លើមូលហេតុខាងសុខភាពថាជាកលល្បិចអូសបន្លាយពេលវេលា។
រដ្ឋអាជ្ញា និយាយទៀតថាអតីតឧត្តមសេនីយ៍អាយុ៦៩ឆ្នាំដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងភូមិមួយភាគខាងជើងទីក្រុង Belgrade មានកម្លាំងល្មមគ្រប់គ្រាន់ដើម្បីប្រឈមមុខការកាត់ទោសលើបទចោទប្រកាន់ជាច្រើន រួមទាំងអំពើប្រល័យពូជសាសន៍ផង។
ពួកកងទ័ពនៅក្រោមបញ្ជាររបស់លោកបានរងការចោទប្រកាន់ពីការសម្លាប់បុរសនិងក្មេងប្រុសៗ អ្នកកាន់សាសនាអ៊ីស្លាមរហូតដល់៨ពាន់នាក់នៅក្នុងទីក្រុង Srebrenica នៃប្រទេស Bosnia ក្នុងឆ្នាំ១៩៩៥។ លោកក៏បានរងការចោទប្រកាន់ពីការមើលខុសត្រូវការឡោមព័ទ្ធទីក្រុង Sarajevo នៃប្រទេស Bosnia អស់រយៈពេល៤៣ខែនៅពេលដែលកងទ័ពបានបាញ់ប្រហារមកពីភ្នំនៅជិតនោះបានសម្លាប់មនុស្សជាង១ម៉ឺន១ពាន់នាក់ រួមមានកូនក្មេងជាច្រើននាក់ផង។
លោក ម្ល៉ាឌិក បានប្រកាសថាលោកមិនបានធ្វើអ្វីខុសទេហើយបានជំទាស់ប្រឆាំងការចាប់ខ្លួន។
ពួកបាតុករបានចោលដុំថ្មនិងដបហើយបានប៉ះទង្គិចជាមួយប៉ូលីសប្រឆាំងកុប្បកម្មដែលប្រើដំបងឆក់ក្នុងទីក្រុង Belgrade កាលពីយប់ថ្ងៃអាទិត្យ។ មនុស្សប្រហែល១៨០នាក់បានត្រូវឃុំខ្លួនហើយរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ។
គណៈបក្សជ្រុលនិយម Serbia ( Serbian Radical Party) ដែលជាគណៈបក្សប្រឆាំងប្រាប់ឲ្យដឹងថា រដ្ឋាភិបាលដែលលំអៀងទៅប្រទេសលោកខាងលិចកំពុងបន្ទន់ខ្លួនតាមការគៀបសង្កត់របស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅពេលដែលខ្លួនស្វះស្វែងរកសមាជិកភាពក្នុងសហភាពអឺរ៉ុប។
ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសាធារណៈហុល្លង់ NOS លោក Boris Tadic ប្រធានាធិបតី Serbia បានច្រានចោលការចោទប្រកាន់ទាំងនេះ។
«ការចាប់ខ្លួននេះមិនមែនពីព្រោះតែការគៀបសង្កត់របស់អ្នកនយោបាយមកពីប្រទេសហុល្លង់ ពីសហភាពអឺរ៉ុបនិងពីប្រទេសផ្សេងៗទៀតទេ។ ការចាប់ខ្លួននេះពីព្រោះតែយើង។ ការចាប់ខ្លួននេះពីព្រោះតែតម្លៃរបស់យើង។ យើងកំពុងរស់នៅក្នុងតំបន់ទាំងនោះដែលយើងត្រូវតែសម្របសម្រួលគ្នាទៅវិញទៅមក។ យើងកំពុងរស់នៅក្នុងប្រទេសមួយដែលយើងត្រូវតែបង្កើតឲ្យមាននីតិរដ្ឋ។»
លោក Tadic ក៏ចង់ដឹងដែរថាតើលោក ម្ល៉ាឌិក អាចគេចខ្លួនពីការឃុំឃាំងអស់រយៈពេល១៦ឆ្នាំដោយវិធីណា។
«តើគាត់រៀបចំបណ្តាញការពារយ៉ាងដូចម្តេច? ចំពោះខ្ញុំ វាមានសារៈសំខាន់ណាស់ដើម្បីបន្តការស៊ើបអង្កេតនៅពេលឥឡូវនេះថាតើនរណាការពារគាត់។ ដើម្បីស៊ើបអង្កេតមនុស្សដែលបានពាក់ព័ន្ធក្នុងការការពារគាត់។ តើពួកអ្នកការពារមកពីរចនាសម្ព័ន្ធយោធានិងប៉ូលីសឬ?។ ខ្ញុំជឿជាក់ថានៅក្នុងការចាប់ផ្តើមនៃការខិតខំប្រឹងប្រែងរបស់លោក លោកបានត្រូវការពារដោយមនុស្សប្រភេទនោះទាំងនោះ។ ឧទាហរណ៍ពួកមន្រ្តីចូលនិវត្តន៍និងប៉ូលីស»។
ហើយការស៊ើបអង្កេតនោះទើបតែបានចាប់ផ្តើមធ្វើ។
ប្រែសម្រួលដោយជឹង ប៉ូជីន