គណបក្ស United Russia ជាគណបក្សកាន់អំណាចគាំទ្រដោយរដ្ឋាភិបាលវិមានក្រឹមឡាំង បានត្រៀមខ្លួនឈ្នះយ៉ាងស្រួលក្នុងការបោះឆ្នោតសភាថ្នាក់រដ្ឋរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតរយៈពេល៣ថ្ងៃដែលមានភាពមិនប្រក្រតី និងការចោទប្រកាន់ពីការអុកឡុកការបោះឆ្នោតដែលបានបញ្ចប់កាលពីថ្ងៃទី១៩ ខែកញ្ញា។
ដោយសន្លឹកឆ្នោតជិត៤០ភាគរយបានរាប់រួចហើយនោះ គណៈកម្មការរៀបចំការបោះឆ្នោតកណ្តាល បានបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះថា គណបក្ស United Russia ដែលគាំទ្រដោយលោកប្រធានាធិបតី Vladimir Putin បានទទួលសន្លឹកឆ្នោតជាង៤៥ភាគរយសម្រាប់សភាថ្មីរដ្ឋ Duma។
គណបក្សកុម្មុយនិស្ត ដែលជាគូប្រជែងប្រកិតបំផុត មានសំឡេងឆ្នោតប្រហែល២២ភាគរយ ហើយគណបក្សប្រជាធិបតេយ្យសេរីជាតិនិយម បានទទួលសន្លឹកឆ្នោត ៨,៥ភាគរយ។ គណបក្ស២ទៀតគឺ គណបក្សរុស្ស៊ីយុត្តិធម៌ទទួលសន្លឹកឆ្នោតប្រហែល ៧,៥% និងគណបក្សប្រជាពលរដ្ឋថ្មី បានទទួលសន្លឹកឆ្នោត ៦%។
ដោយអះអាងទទួលបានសំឡេងភាគច្រើននៅក្នុងសភាថ្មី រដ្ឋ Duma លោក Andrey Turchak អគ្គលេខាធិការគណបក្ស United Russia បានប្រាប់ក្រុមអ្នកគាំទ្រនៅឯទីស្នាក់ការធំរបស់គណបក្សនេះថា ជ័យជម្នះនេះ មានភាពស្មោះត្រង់ និងស្អាតស្អំ។
ការបោះឆ្នោតនេះគ្មានការចូលរួមរបស់គណបក្សប្រឆាំងទេ បន្ទាប់ពីពួកអាជ្ញាធរបានប្រកាសថា ក្រុមណាដែលជាប់ទាក់ទិនលោក Aleksei Navalny ឥស្សរជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារ គឺជាអ្នកជ្រុលនិយម ដោយរារាំងមិនឲ្យមនុស្សក្នុងបណ្តាញរបស់លោកឈរឈ្មោះបោះឆ្នោតទេ។
លទ្ធផលនៃការបោះឆ្នោតអនឡាញដែលត្រូវបានអនុញ្ញាតឲ្យធ្វើនៅក្នុងតំបន់ចំនួន៧ រួមទាំងទីក្រុងម៉ូស្គូផង មិនទាន់បានរាប់នៅឡើយទេ។
លោក Leonid Volkov អនុប្រធានកំពូលម្នាក់របស់លោក Navalny បានលើកឡើងថា ពួកអាជ្ញាធរមានគម្រោងប្រើប្រាស់ការបោះឆ្នោតតាមអនឡាញដើម្បីគាំទ្របេក្ខជនគណបក្សកាន់អំណាច ជាពិសេសនៅក្នុងទីក្រុងនានាដែលមាននិន្នាការសេរីនិយម ដូចជាទីក្រុងម៉ូស្គូ និង St. Petersburg៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និង Reuters។