ឥណ្ឌា ៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថា កាលពីថ្ងៃច័ន្ទថា អង្គការ Trust Hindu មួយរបស់ឥណ្ឌាបានចាប់ផ្តើមធ្វើគម្រោងការ១០ឆ្នាំមួយដើម្បីកសាងសំណង់ចម្លងមួយនៃប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជានៅតាមដងទន្លេគង្គា។
ពិធីបញ្ចុះបឋមសីលាបានប្រព្រឹត្តទៅនៅលើផ្ទៃដីទំហំ១៦ហិកតានៅក្នុងរដ្ឋប៊ីហារ នាប៉ែកខាងកើតប្រទេសឥណ្ឌាដែលនៅទីនោះអង្គការ Trust នេះគ្រោងនឹងបង្កើតជាថ្មីនូវប្រាសាទដ៏ធំសម្បើមនេះនិងរូបចម្លាក់នានាលើផ្ទាំងថ្ម។
ពួកអ្នករៀបចំបាននិយាយថាពួកគេចង់ឱ្យសំណង់ថ្មីនេះជាប្រាសាទហិណ្ឌូខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ តំបន់អង្គរដែលបានត្រូវបញ្ចូលជាកន្លែងមួយរបស់អង្គការ UNESCO មានសំណល់នៃរាជធានីច្រើនក្នុងជំនាន់ចាប់តាំងពីចក្រភពអង្គរមកហើយជាកន្លែងមួយដែលក្រុមអ្នកទេសចរចូលចិត្តទៅទស្សនាផងដែរ។
ប្រាសាទអង្គរវត្តបានត្រូវសង់ឡើងដើម្បីឧទ្ទិសជាដំបូងសម្រាប់ព្រះវិស្ណុដែលជាព្រះអាទិទេពនៃសាសនាហិណ្ឌូ ក្នុងសតវត្សរ៍ទី១២ ហើយបន្ទាប់មកប្រាសាទនេះបានត្រូវបានប្រើប្រាស់សម្រាប់ធ្វើការគោរពបូជាខាងព្រះពុទ្ធសាសនាវិញ។
លោកគីហ្សរ គូណាល់ Kishore Kunal លេខាធិការរបស់អង្គការ ប៊ីហារ ម៉ាហាវៀរ ម៉ានឌៀរ ត្រាស់ Bihar Mahavir Mandir Trust បាននិយាយប្រាប់ AFP តាមទូរស័ព្ទថា «សំណង់នេះជាអាគារចម្លងនៃប្រាសាទអង្គរវត្តដោយសង់ខ្ពស់ជាងប្រាសាទដើមបន្តិច»។
លោកគូណាល់ បានថ្លែងថាផែនការនេះគឺ «បង្កើតជាថ្មីនូវភាពធំធេងនិងភាពរុងរឿងត្រចះត្រចង់នៃប្រាសាទអង្គរវត្ត» នៅជិតក្រុងហាជីពួរ ស្ថិតនៅ២៥គ.ម.ពីធានីប៉ាន់តា នៃរដ្ឋ ប៊ីហារ។
ចិន៖ លោកនាយករដ្ឋមន្ត្រីចិន វេន ជាបាវ បានមានប្រសាសន៍ថារដ្ឋាភិបាលក្រុងប៉េកាំងនឹងបន្តបង្កើនសមត្ថភាពរបស់ក្រុមយោធារបស់ខ្លួនដើម្បីបំពេញកាតព្វកិច្ចយោធាកាន់តែធំដោយក្រោមការត្រួតត្រារបស់គណបក្សកុម្មុយនិស្តយ៉ាងតឹងរ៉ឹងលើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកងយោធពលមានលក្ខណៈបដិវត្តនិងកាន់តែទំនើបជាងមុន។
អ៊ីស្រាអែល៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ប្រាប់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន នេតានយ៉ាហ៊ូ ដែលបំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកថាលោកមានការប្តេជ្ញា«មុតមាំរឹងដូចថ្ម»ចំពោះសន្តិសុខនៃប្រទេសអ៊ីស្រាអែល នៅពេលដែលមេដឹកនាំទាំងពីរនាក់នេះបានជួបគ្នាដើម្បីពិភាក្សាគ្នាអំពីការធ្វើដូចម្តេចដើម្បីបញ្ចៀសកុំឱ្យប្រទេសអ៊ីរ៉ង់ក្លាយទៅជារដ្ឋមានអាវុធបរមាណូ។
អាស៊ីអាគ្នេយ៍៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាពួកអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃច័ន្ទថាផែនការកសាងរោងចក្រវារីអគ្គិសនីនៅតាមដងទន្លេវែងជាងគេនៃទ្វីបអាស៊ីអាគ្នេយ៍អាចមានផលជាមហន្តរាយដល់ធនធានត្រីធំបំផុតក្នុងពិភពលោកហើយត្រូវតែពិចារណាសាជាថ្មី។
អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីបាននិយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងមួយដែលគូសបញ្ជាក់អំពីមុខនាទីរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន នៅក្រោយពេលដែលក្រុមទាហានអាមេរិកាំងចាកចេញពីប្រទេសនេះ មានការរអាក់រអួល។
រុស៊្សី៖ ពួកអ្នកសង្កេតការអឺរ៉ុបបាននិយាយថាការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ីបានត្រូវរៀបចំយ៉ាងច្បាស់លាស់ដើម្បីធ្វើឱ្យលោកនាយករដ្ឋមន្ត្រី វ៉្លាដឹមៀរ ពូទីន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។