ក្រុមការពារបរិស្ថានមួយ និយាយថាក្រុមហ៊ុនថៃនឹងបន្ដកិច្ចការសាងសង់ទំនប់វារីអគ្គីសនីដែលមានបញ្ហាចម្រូងចម្រាសនៅលើទន្លេមេគង្គភាគខាងក្រោម ទោះបីជាមានកិច្ចព្រមព្រាងពន្យាពេលសេចក្ដីសម្រេចមកលើគម្រោងនោះក៏ដោយ។
អង្គការទន្លេអន្ដរជាតិ (International Rivers) ដែលមានមូលដ្ឋាននៅស.រ.អា និយាយថា ខ្លួនបានរកឃើញការសាងសង់បឋមនៃទំនប់វារីអគ្គិសនីសាយាប៊ូរី (Xayaburi) ក្នុងប្រទេសឡាវ ដែលមានទឹកប្រាក់៣.៥០០លានដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងផ្លូវចេញចូលទៅកាន់ទំនប់នេះ។
គណៈកម្មការទន្លេមេគង្គ (Mekong River Commission) ដែលមានប្រទេសជាសមាជិក ថៃ កម្ពុជា ឡាវ និង វៀតណាម បានយល់ព្រមគ្នាកាលពីខែធ្នូ នឹងធ្វើការសិក្សាបន្ថែមដើម្បីវាយតម្លៃមកលើផលប៉ះពាល់ដល់បរិស្ថាននៅទីនោះ ទោះបីជាសេចក្ដីសម្រេចនោះមិនមានចំណងគតិយុត្តក៏ដោយ។
អ្នកស្រី ពានពន ឌីតេស (Pianporn Deetes) អ្នកសម្របសម្រួលយុទ្ធនាការរបស់អង្គការទន្លេអន្ដរជាតិក្នុងប្រទេសថៃ ថ្លែងប្រាប់វីអូអេថា ទំនប់នោះអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដែលមានមនុស្ស៦០លាននាក់ដែលរស់នៅជិតខាងអាងទន្លេមេគង្គ ហើយដែលពឹងផ្អែកលើរបស់នេសាទត្រីនៅតាមដងទន្លេនេះសម្រាប់ជីវភាពប្រចាំថ្ងៃ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ចិន/ហ្វីលីពីន៖ ជម្លោះថ្មីមូយកំពុងកើតឡើងរវាង ចិននិងហ្វីលីពីន អំពីការរុករកប្រេងនៅក្នុងសមុទ្រចិនភាគខាងត្បូង ដោយភាគីទាំងសងខាងពុំមានបង្ហាញសញ្ញាណាមួយនៃការដកខ្លួនថយទេ។
ស៊ីរី៖ មន្ដ្រីជាន់ខ្ពស់នៃអ.ស.បនិយាយថា ការវាយបង្ក្រាបដែលចេញបញ្ជាដោយលោកប្រធានាធិបតីស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) មកលើក្រុមបះបោរ បានសម្លាប់មនុស្សរហូតដល់ ៧.៥០០នាក់ នៅពេលដែលក្រុមអ្នកការទូតកំពុងស្វែងរកការដោះស្រាយវិបត្ដិនេះ ហើយស្វែងរកជំនួយមនុស្សធម៌ដល់ជនរងគ្រោះ។
ស.រ.អា/កូរ៉េខាងជើង៖ មេបញ្ជាការយោធាជាន់ខ្ពស់របស់ស.រ.អា ថ្លែងថាកូរ៉េខាងជើងត្រូវតែធ្វើសម្បទានមកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទទួលយកជំនួយអាហារដ៏ចាំបាច់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន។
សេណេហ្គាល់៖ ក្រុមមេដឹកនាំនៃគណបក្សប្រឆាំងនៅក្នុងប្រទេសសេណេហ្គាល់នឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីបង្កើតសម្ព័ន្ធភាពមូយក្នុងគោលបំណងនឹងយកជ័យជម្នះលើប្រធានាធិបតីកាន់តំណែង លោក អាប៊ូឡាយេ វ៉ាឌី (Aboulaye Wade) បើមានការបោះឆ្នោតលើកទីពីរ។
នីហ្សេរីយ៉ា៖ ក្រុមអ្នកតាមឃ្លាំមើលស្ថានការណ៍សមុទ្រ បានថ្លែងកាលពីថ្ងៃពុធនេះថាពួកចោរសមុទ្រ បានចាប់មនុស្សយ៉ាងតិ២នាក់ ដែលជាបុគ្គលិករបស់នាវាដឹកទំនិញមួយ ដែលបោះយុថ្កានៅជិតឆ្នេរសមុទ្រប្រទេសនីហ្សេរីយ៉ា។
អូតង់/អាហ្វហ្គានីស្ថាន៖ អគ្គលេខាធិការរបស់អង្គការអូតង់ លោក អង់ដ្រេស ហ្វគ រ៉ាសម៊ូសសេន (Anders Fogh Rasmussen) បានសរសើរកងកម្លាំងចម្រុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានបង្ហាញ អ្វីដែលលោកហៅថា ចិត្ដអត់ធ្មត់ប្រកបទៅដោយវិជ្ជាជីវៈ នៅពេលប្រឈមមុខនឹងអំពើឃោរឃៅប្រឆំាងមកលើកងកម្លាំងចម្រុះ ក្រោយពីមានការដុតគម្ពីរគួរអាន (Quran) ក្នុងមូលដ្ឋានយោធាស.រ.អា។
ស.រ.អា៖ សភាស.រ.អា ព្រមានដល់មេដឹកនាំយោធាស.រ.អាថា គេអាចរំពឹងថានឹងមានការកាត់បន្ថយចំណាយយោធាដ៏ធំធេងបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដោះស្រាយបញ្ហាបំណុលដ៏ធំធេងរបស់រដ្ឋាភិបាល។
អាហ្វហ្គានីស្ថាន៖ មនុស្សយ៉ាងតិចណាស់៦នាក់ បានរងរបួសពីការបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្ដមួយដែលមានទិសដៅទៅរកក្បួនហែររថយន្តទាហានបរទេសនៅតំបន់ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
ចិន៖ បណ្ដាញព័ត៌មានរដ្ឋចិននិយាយថា មានមនុស្សយ៉ាងតិច១២នាក់ស្លាប់កាលពីថ្ងៃអង្គារក្នុងអំឡុងពេលដែលមានអំពើឃោរឃៅនៅតំបន់ដាច់ស្រយាល ភាគពាយ័ព្យនៃខេត្ដសិនជាង (Xinjiang)។