អេហ្ស៊ីប៖ បានប្រកាសថាខ្លួននឹងបើកសវនាការកាត់ទោសពួកសកម្មជនប្រជាធិបតេយ្យបរទេសទាំង៤៣នាក់ ដោយមានរួមបញ្ចូលទាំងជនជាតិអាមេរិកាំង១៩នាក់ផងនៅថ្ងៃទី ២៦ខែកុម្ភៈ លើការស៊ើបអង្កេតមួយស្តីពីការផ្តល់ប្រាក់ដោយខុសច្បាប់ដោយអង្គការមិនមែនជារបស់រដ្ឋាភិបាលបរទេស។
ពួកចុងចោទអាមេរិកាំងត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេសនេះទេ ហើយចុងចោទខ្លះបានទៅជ្រកកោនក្នុងស្ថានទូតអាមេរិកក្នុងក្រុងគែរ (Cairo)។ ក្នុងចំណោមពួកជនដែលត្រូវបានចោទប្រកាន់មានលោក សាម ឡាហូទ (Sam LaHood) នាយកប្រចាំប្រទេសអេហ្ស៊ីបនៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិហៅកាត់ថាអាយអអាយ IRI និងជាកូនប្រុសលោក រ៉េ ឡាហូទ (Ray LaHood) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក។
ស៊ីរី៖ ពួកសកម្មជននិយាយថាកងកម្លាំងសន្តិសុខស៊ីរីបានបាញ់កាំភ្លើងលើពួកអ្នកតវ៉ារាប់ពាន់នាក់ដែលបានចូលរួមក្នុងក្បួនហែសពមួយក្នុងសង្កាត់ មេហ្ស៊ី (Mezze) រដ្ឋធានីដាម៉ាស់។ការវាយប្រហារនេះ ត្រូវបានឲ្យដឹងថា បានធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងមួយចំនួនរងរបួស។
អ៊ីរ៉ង៖ កងនាវាចម្បាំងអ៊ីរ៉ង់ បានបើកតាមព្រែកជីកស៊ុយអេ Suez នៃប្រទេសអេហ្ស៊ីបហើយបានចូលទៅក្នុងសមុទ្រ មេឌីទែរ៉ាណេ (Mediterranee) នៅក្នុងចលនាមួយដែលទំនងជាបានត្រូវតាមឃ្លាំមើលដោយជិតដិតដោយអ៊ីស្រាអែល និងក្នុងគោលបំណងបង្ហាញកម្លាំង និងជា«សារនៃសន្តិភាព»ផងដែរ។
រុស្ស៊ី៖ ចំនួនមនុស្សស្លាប់បានកើនទ្បើងច្រើនទ្បើងៗនៅក្នុងកិច្ចប្រតិបត្តិការបួនថ្ងៃរបស់រុស្ស៊ីដើម្បីកម្ចាត់ពួកជនសកម្មប្រយុទ្ធនៅក្នុងតំបន់ ខូខាសស (Caucasus)។ ពួកមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថាប៉ូលីស១៧នាក់បានស្លាប់នៅក្នុងកិច្ចប្រតិបត្តិការនេះដោយមានប៉ូលីស២៤នាក់ទៀតត្រូវរបួស។
ចិន៖ ព្រះសង្ឃទីបេត៍មួយអង្គទៀត ព្រះនាម ថាមជូ សាងផូ (Tamchoe Sangpo) បានសុគតក្រោយពិបានដុតខ្លួនឯងនៅក្នុងខែត្រ ឆីងហៃ (Qinghai) នៃប្រទេសចិន ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងវត្តមានរបស់កងកម្លាំងសន្តិសុខចិននៅក្នុងវត្ត បង់ថេក (Bongtak) របស់ព្រះអង្គ។
រុស្ស៊ី៖ មនុស្សរាប់ម៉ឺននាក់នៅទូទាំងប្រទេសបានធ្វើការប្រជុំមហាជនកាលពីថ្ងៃសៅរ៍ដើម្បីគាំទ្រលោកនាយករដ្ឋមន្ត្រី វីឡាឌីមែរ ផូទីន (Vladimir Putin) នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីឱ្យបានក្លាយទៅជាប្រធានាធិបតី។
អ៊ីតាលី៖ សម្តេចប៉ាបប៊ែនេឌិក Benedict ដែលទន់ខ្សោយជាងមុនបានទុកកេរ្តិ៍តំណែលរបស់ព្រះអង្គក្នុងព្រះវិហារគ្រឹស្តសាសនានិកាយ កាតូលិក (Catholic) ដោយព្រះអង្គបានតែងតាំងកាឌីណាល់ថ្មី២២នាក់នៅក្នុងពិធីមួយក្នុងវិមានវ៉ាទីកង់កាលពីថ្ងៃសៅរ៍។