បណ្ដាញព័ត៌មានចិនកាលពីថ្ងៃពុធនេះ បានសរសេរសរសើរសេចក្ដីសម្រេចចិត្ដរបស់គណបក្សកុំម្មុយនីស្ដចិន ដែលដកតំណែងសមាជិកជាន់ខ្ពស់ម្នាក់របស់ខ្លួនគឺ លោក ប៉ូ ស៊ីឡៃ (Bo Xilai) ចេញពីថ្នាក់ដឹកនាំកំពូលដោយសារតែមានរឿងអាស្រូវនយោបាយដ៏ធំបំផុតមិនធ្លាប់មានកាលពីពេលថ្មីៗនេះ។
ទីភ្នាក់ងារព័ត៌មានផ្លូវការចិនស៊ីនហួរសរសេរនៅយប់ថ្ងៃអង្គារថា លោក បូ បានត្រូវដកចេញពីតំណែងនៃគណៈកម្មាធិការអចិន្រៃ្តយ៍ Politburo ដែលមានសមាជិក២៥នាក់និងគណៈកម្មាធិការកណ្ដាលដែលមានសមាជិក៣០០នាក់ ដោយសារតែមានបទរំលោធធ្ងន់ធ្ងរ មកលើវិន័យរបស់គណបក្ស ដែលនៅក្នុងប្រទេសចិន វាមានន័យថា ប្រព្រឹត្ដអំពើពុករលួយ។
លោក Victor Shih សាស្រ្ដាចារ្យរងបង្រៀនវិទ្យាសាស្រ្ដនយោបាយនៅសាកលវិទ្យាល័យ Northwestern ស.រ.អ.ថ្លែងថា រឿងអាស្រូវដ៏កម្រនោះបានលាតត្រដាងបង្ហាញការដើម្បីអំណាចផ្ទៃក្នុងនៅក្នុងគណបក្សកុម្មុយនិស្ដចិននៅពេលមុនការផ្ទេរអំណាច។
លោកនិយាយថា៖ «នេះបង្ហាញថា មានការតស៊ូដ៏ខ្លាំងក្លានៅក្នុងនយោបាយចិនហើយរូបភាពសាមគ្គីគ្នា បង្ហាញពីក្រៅថា ចិនខិតខំបង្ហាញខ្លួនទៅពិភពលោក គ្រាន់តែសម្បកខាងក្រៅបុណ្ណោះ។ ការណ៍ពិតនៅពីក្រោយវាំងនន គេមានការប្រកួតគ្នាដ៏ស្វិតស្វាញរវាងក្រុមនិយមផ្សេងៗក្នុងថ្នាក់ដឹកនាំចិន»។
ជីវប្រវត្តិលោក ប៉ូ ស៊ីឡៃ
ការដកលោក ប៉ូ ស៊ីឡៃ ចេញពីតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងគណបក្សកុម្មុយនីស្ដចិនបានបំផ្លាញជីវិតនយោបាយដ៏ខ្ពង់ខ្ពស់នៅក្នុងសន្ដតិវង្សនយោបាយ។
ឪពុករបស់លោកគឺលោក ប៉ូ យីប៉ូ (Bo Yibo) ជាស្ថាបនិកម្នាក់នៃសាធារណរដ្ឋប្រជាមានិតចិន ហើយជាមេដឹកនាំម្នាក់ក្នុងចំណោម៨នាក់ ដែលត្រូវគេប្រសិទ្ធនាមថា «មេដឹកនាំអមតៈ» ដែលបានដឹកនាំនយោបាយរបស់ប្រទេសចិន ចេញពីកេរ្ដិ៍មត៌ករបស់ម៉ៅ សេទុង ដើម្បីដើរឆ្ពោះទៅរកប្រព័ន្ធទីផ្សារសេរី ដែលបាននាំប្រទេសចិនឲ្យក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចមួយដែរ។
លោក ប៉ូ ស៊ីឡៃ បានចូលរួមក្នុងគណបក្សកុម្មុយនីស្តចិននៅឆ្នាំ១៩៨០ រួចឡើងបុណ្យសក្ដិយ៉ាងឆាប់រហ័ស ដោយកាន់មុខនាទីជាអភិបាលក្រុងដៃឡាង (Dailan)អភិបាលខេត្ត លាវនីង(Liaoning) និងរដ្ឋមន្ដ្រីពាណិជ្ជកម្ម។ នៅឆ្នាំ២០០៧ លោកបានត្រូវតែងតាំងជាមេដឹកនាំក្រុងចុងគិញ (Chongqing) នៅតំបន់និរតីប្រទេស រួចឡើងស័ក្កិជាសមាជិកម្នាក់ក្នុងចំណោម២៥នាក់នៃគណៈកម្មាធិការអចិន្រៃ្តយ៍ Politburo។
ចិន៖ ភរិយារបស់ លោក ប៉ូ ស៊ីឡៃ អស់កិត្ដិយស បានត្រូវចាត់ទុកជាជនសង្ស័យនៅក្នុងឃាតកម្មពាណិជ្ជករជាតិអង់គ្លេសម្នាក់។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនិយាយកាលពីយប់ថ្ងៃអង្គារថានាក់ស្រី Gu Kailai បានត្រូវអាជ្ញាធរស៊ើបអង្កេតពីបទឃាតកម្មលើរូបលោក Neil Heywood ដែលគេរកឃើញស្លាប់ក្នុងសណ្ឋាគារក្នុងខេត្ដចុងគិញ កាលពីខែវិច្ឆិកា។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារភូគព្ភសាស្រ្ដស.រ.អ. និយាយថាការរញ្ជួយផែនដីកម្រិត៨,៦ កើតមានឡើងនៅក្នុងតំបន់ឦសានប្រទេសឥណ្ឌូនេស៊ី ជំរុញឲ្យមានការប្រកាសភាពអាសន្ដស៊ូណាមីទូទាំងតំបន់មហាសមុទ្រឥណ្ឌា។
កូរ៉េខាងជើង៖ មន្ដ្រីកូរ៉េខាងជើងនិយាយនៅថ្ងៃពុធនេះថា គេបានចាក់ប្រេងឥន្ធនៈចូលទៅក្នុងរ៉ុក្កែត ដើម្បីប្រុងប្រៀបរៀបចំបាញ់បង្ហោះនៅពេលឆាប់ៗនេះ បណ្ដាលឲ្យមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាងនិងស.រ.អ.។
សមុទ្រចិនខាងត្បូង៖ ការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងររវាងចិននិងហ្វីលីពីនបង្ហាញឲ្យឃើញថាគ្មានសញ្ញានៃការធូរស្រាលនៅថ្ងៃពុធនេះ ដោយភាគីទាំងសង្ខាងចោទគ្នាទោសវិញទៅមកថាបានរំលោភលើបូរណភាពដែនទឹកនៅលើសមុទ្រចិនខាងត្បូង។
ភូមា៖ ព្រឹទ្ធសមាជិកអាមេរិកាំងម្នាក់ដ៏មានឥទ្ធិពលថ្លែងថា លោកនឹងអំពាវនាវដល់មន្រ្ដីស.រ.អ. ឲ្យរកមធ្យោបាយណា ដើម្បីផ្ដល់រង្វាន់ដល់ប្រទេសភូមាដែលបានបោះជំហានទៅមុខ ទៅរកលទ្ធិប្រជាធិបតេយ្យកាលពីពេលថ្មីៗនេះ។
អាមេរិក៖ បេក្ខជនប្រធានាធិបតី មីត រ៉មនី (Mitt Romney) អាចផ្ដោតអារម្មណ៍របស់លោកមកលើប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធនេះ មួយថ្ងៃក្រោយពីគូប្រជែងពីគណបក្សសាធារណរដ្ឋ បានបញ្ឈប់ការប្រកួតជាមួយលោក។
កូរ៉េខាងត្បូង៖ គណបក្សធំៗពីរនៃប្រទេសកូរ៉េខាងត្បូងបានប្រកួតគ្នាដ៏កិតៗ ដើម្បីដណ្តើមកាន់កាប់ក្នុងរដ្ឋសភាដោយគេមើលឃើញថា នេះជាការបង្ហាញប្រាប់ឲ្យឃើញមុន អំពីការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលនឹងប្រព្រឹត្ដធ្វើនៅឆ្នាំក្រោយ។
ស៊ីរី៖ ប្រេសិតពិសេសអន្ដរជាតិទៅកាន់ប្រទេសស៊ីរី លោក កុហ្វី អាណាន់ ថ្លែងថារដ្ឋាភិបាលស៊ីរីបានធានាប្រាប់លោកថា គេនឹងគោរពទៅតាមបទឈប់បាញ់គ្នាជាមួយក្រុមបះបោរ តិចជាង២៤ម៉ោងមុននឹងកំណត់ពេលចូលមកដល់ដើម្បីបញ្ឈប់ការបាញ់គ្នា។
ម៉ាលី៖ អ្នកនយោបាយថ្នាក់ខ្ពស់នៃប្រទេសម៉ាលីនិយាយថា លោកមានជំនឿថាគណបក្សនយោបាយទាំងអស់នឹងសហការគ្នាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ដនៅពេលដែលប្រទេសនោះរៀបចំខ្លួនដើម្បីធ្វើសម្បថឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ដ។
រុស្ស៊ី៖ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Vladimir Putin អំពាវនាវដល់ពលរដ្ឋរុស្ស៊ី សុំឲ្យជៀសវាងការគុំគួនខាងនយោបាយ ដែលបាននាំឲ្យមានបាតុករច្រើនពាន់នាក់ ដើរតវ៉ានៅលើផ្លូវ ក្រោយពីការបោះឆ្នោត ដែលបានធ្វើឲ្យប្រទេសជាតិបែកបាក់។
សេដ្ឋកិច្ចអាស៊ី៖ សេចក្ដីរាយការណ៍ថ្មីមួយ ដោយធនាគារអភិវឌ្ឍអាស៊ីនិយាយថា ការលូតលាស់សេដ្ឋកិច្ចដ៏លឿននៅតំបន់អាស៊ីបានបង្កើតគម្លាតធំធេងនៃប្រាក់ចំណូលដែលគំរាមដល់ការលូតលាស់និងស្ថិរភាព។