ប្រទេសចិនបានប្រាប់ឲ្យដឹងថាអ្នកប្រឆាំងពិការភ្នែកលោក ចេន គ្វាងចេង (Chen Guangcheng) មានសេរីភាពដើម្បីដាក់ពាក្យសុំទៅសិក្សានៅបរទេសបាន ដែលជាការផ្តល់សញ្ញាពីលទ្ធភាពនៃការដោះស្រាយជម្លោះខាងផ្លូវការទូតដែលបានចាប់ផ្តើមឡើង នៅពេលដែលលោកបានគេចខ្លួនពីការឃុំឃាំងក្នុងផ្ទះហើយបានរត់គេចខ្លួនទៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងប៉េកាំង។
ការប្រកាសនៅថ្ងៃសុក្រនេះបានកើតមានឡើងបន្ទាប់ពីមានការអំពាវនាវជាបន្តបន្ទាប់ពីលោក ចេន ដែលនិយាយថាលោកមានការព្រួយបារម្ភពីសុវត្ថិភាពរបស់លោកហើយលោកចង់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកជាមួយគ្រួសាររបស់លោកនៅពេលណាមួយ។ លោក ចេន បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទពីមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងនៅថ្ងៃសុក្រនេះថាលោកមិនអាចជួបជាមួយមន្រ្តីសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃពុធមក នៅពេលដែលលោកចាកចេញពីស្ថានទូតដែលជាទីកន្លែងដែលលោកបានស្វះស្វែងរកកន្លែងជ្រកកោណអស់រយៈពេលជិតមួយសប្តាហ៍។
កាលពីដំបូង លោកបានប្រាប់សភាសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃការនិយាយទូរស័ព្ទបន្តផ្ទាល់នៅក្នុងការបើកអង្គប្រជុំសភាកាលពីថ្ងៃព្រហស្បតិ៍ថាលោកសង្ឃឹមថាលោក នឹងបានជួបជាមួយលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ដែលបានចូលរួមក្នុងការចរចាប្រចាំឆ្នាំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិកនិងចិនក្នុងទីក្រុងប៉េកាំង។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស៊ីរី៖ សកម្មជនស៊ីរីនិយាយថាកងទ័ពស៊ីរីបានសម្លាប់ជនស៊ីវិល៤នាក់ៅថ្ងៃសុក្រនេះ នៅពេលដែលអ្នកនាំពាក្យបេសកជនអន្តរជាតិរបស់លោក កូហ្វី អានណាន់ (Kofi Annan) បាននិយាយថាផែនការសន្តិភាពសម្រាប់រដ្ឋាភិបាលទីក្រុងដាម៉ាស (Damascus) បានប្រព្រឹត្តទៅជាវិជ្ជមានទោះបីមានការបន្តប្រើអំពើហិង្សាក៏ដោយ។
ប៉ាគីស្ថាន៖ ពួកមន្រ្តីនិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់នៅក្នុងតំបន់នៃក្រុមកុលសម្ព័ន្ធដែលមានភាពវឹកវរនៃភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានតាមបណ្តោយព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្ស២០នាក់និងធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏៤០នាក់ទៀតដែររងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៥នាក់ជាប៉ូលិស។
ស.រ.អា/កូរ៉េខាងជើង៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ចង់ឲ្យភ្ជាប់ទំនាក់ទំនងខាងការទូតជាមួយប្រទេសកូរ៉េខាងជើង ក៏ប៉ុន្តែល្គឹកណាមេដឹកនាំរបស់ប្រទេសនោះ ផ្លាស់ប្តូរមាគ៌ាហើយនិងគិតគូរពីប្រជាពលរដ្ឋរបស់ខ្លួនជាចំបង។ភូមា៖ បណ្តាញផ្សាយព័ត៌មានរដ្ឋភូមា បានរាយការណ៍នៅថ្ងៃសុក្រនេះថាមានការប្រយុទ្ធគ្នាដ៏ខ្លាំងនៅក្នុងរដ្ឋកាជិន (Kachin) នាភាគខាងជើងដែលបានសម្លាប់ពួកឧទ្ទាមជនជាតិភាគតិច២៩នាក់ហើយនិងកងទ័ពរដ្ឋាភិបាល២នាក់ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមកនេះ។
ប៉ាគីស្ថាន៖ ការសិក្សាពីឯកសារសម្ងាត់ថ្មីមួយដែលបានរកឃើញក្នុងគេហដ្ឋានរបស់លោក ប៊ីន ឡាដេន (Bin Laden) ក្នុងប្រទេសប៉ាគីស្ថានបន្ទាប់ពីមរណៈភាពរបស់លោកកាលពីឆ្នាំទៅ ដែលគូសបង្ហាញពីអ្វីនៅពេលនោះ ថាជាទំនាក់ទំនងដ៏រកាំរកូសរវាងក្រុមអាល កៃដា (al-Qaida) កណ្តាល និងសាខារបស់ខ្លួន។
រុស្ស៊ី៖ ពួកមន្រ្តីរុស្ស៊ីកំពុងថ្កោលទោសពួកអ្នកដាក់គ្រាប់អត្តឃាតចំពោះការវាយប្រហារ២កន្លែងនៅក្នុងរដ្ឋ ដាហ្គេស្ថាន (Dagestan) ក្នុងតំបន់កូកាសភាគខាងជើងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៣នាក់ដែរហើយនឹងធ្វើឲ្យមនុស្សជាង១រយនាក់ទៀតរងរបួស។
ម៉ិកស៊ិក៖ សាកសពដាច់ខ្ទេចខ្ទីរបស់អ្នកកាសែតជាតិម៉ិកស៊ិក (Mexico) ៣នាក់ បានត្រូវគេរកឃើញនៅក្នុងរដ្ឋ វឺរ៉ាគ្រូស (Veracruz) ភាគខាងកើតកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលជាការកាប់សម្លាប់ជាបន្តបន្ទាប់ដែលគេបានចោទប្រកាន់លើក្រុមមេឈ្មួញជួញដូរថ្នាំញៀនក្នុងប្រទេសនោះ។
កេនយ៉ា៖ អង្គការសិទ្ធិមនុស្ស Human Rights Watch កំពុងចោទប្រកាន់ទាហាននិងប៉ូលិសកេនយ៉ា (Kenya) ពីបទរំលោភសិទ្ធិមនុស្សដោយកម្រោលប្រឆាំងនឹងជនជាតិភាគតិចសូម៉ាលីនិងពលរដ្ឋកេនយ៉ាដោយគ្មានការប្រឈមមុខនឹងផលវិបាកអ្វីទាំងអស់។