ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជអាជ្ញា៖ មេខ្មែរ​ក្រហម​សម្លាប់​ប្រជាពលរដ្ឋ​ហើយ​កុហក​តុលាការ


សន្និសីទ​​កាសែត​​ស្តី​អំពី សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​​ការពិភាក្សា​ដេញដោល​លើក​ភស្តុតាង​នៃ​សំណុំ​រឿង​០០២ ដំណាក់​កាល​ទី១ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃអង្គារ ទី១៥ ខែតុលា​ ឆ្នាំ២០១៣។
សន្និសីទ​​កាសែត​​ស្តី​អំពី សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​​ការពិភាក្សា​ដេញដោល​លើក​ភស្តុតាង​នៃ​សំណុំ​រឿង​០០២ ដំណាក់​កាល​ទី១ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃអង្គារ ទី១៥ ខែតុលា​ ឆ្នាំ២០១៣។
ភ្នំពេញ៖ សហ​ព្រះរាជ​អាជ្ញា​អន្តរ​ជាតិ​លោក ​វីលាម ​ស្ម៊ីត​(William Smith) ​បាន​ចោទ​ប្រកាន់​ធ្ងន់ៗ​លើ​ជន​ជាប់​ចោទ​ នួន​ ជា​ និង​ខៀវ ​សំផន​ ថា​ពួក​គេ​កាប់​សម្លាប់​ប្រជាជន​កម្ពុជា​ដើម្បី​អំណាច។

«នួន​ ជា​ និង​ខៀវ​ សំផន​ សម្លាប់​មនុស្ស​ដើម្បី​អំណាច។​ពួក​គេ​បង្ហូរ​ឈាម​ដើម្បី​អំណាច។​ពួក​គេ​ប្រើ​អំពើ​យង់ឃ្នង​និង​ឲ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​ជា​មនុស្ស​លើ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​និង​បន្ត​បង្ហូរ​ឈាម​ដើម្បី​អំណាច»។

លោក​ William ​Smith ​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​បញ្ចប់​ការ​កាត់​ទោស​សំណុំរឿង​០០២​វគ្គទី​១​នៅ​ថ្ងៃ​សុក្រ​នេះ។ ​សំណុំរឿង​នេះ​ដែល​នៅ​សល់​ជន​ជាប់​ចោទ​តែ​ពីរ​នាក់​តែ​ប៉ុណ្ណោះ​គឺ​នួន ជា អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​និង​ខៀវ ​សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម។

មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​សម្លាប់​និង​ការ​ស្លាប់​របស់​ប្រជា​ជន​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កាន់​អំណាច​ចន្លោះ​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩។

នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​នៅ​ថ្ងៃ​នេះ​លោក ​William​ Smith ​បាន​សង្កត់​ធ្ងន់​លើ​សក្ខីកម្ម​នៃ​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​និង​ការ​សម្លាប់​នគរ​បាល ​មន្ត្រី​រដ្ឋការ​និង​ទាហាន​លន់ ​ណុល​ នៅ​ទួល​ពោធិ៍ជ្រៃ​ខេត្ត​ពោធិ៍សាត់។ យោង​តាម​ឯកសារ​ដែល​សហ​ព្រះរាជ​អាជ្ញា​អន្តរ​ជាតិ​បង្ហាញ​ជន​រង​គ្រោះ​នៅ​ទី​នោះ​មាន​ជិត​មួយ​ម៉ឺន​នាក់​ត្រូវ​បាន​យក​ទៅ​សម្លាប់។

លោក​William ​Smith ​បាន​សន្និដ្ឋាន​បន្ថែម​ថា​នួន ​ជា ​និង​ខៀវ ​សំផន​ ប្រើ​ប្រាស់​ប្រជាជន​ខ្លួន​ឯង​ឲ្យ​សម្លាប់​គ្នា។

«ពួក​គេ​ប្រើ​ប្រជា​ជន​កម្ពុជា​ឲ្យ​សម្លាប់​ប្រជា​ជន​កម្ពុជា។ ពួក​គេប្រើ​ខ្មែរ​ឲ្យ​សម្លាប់​ខ្មែរ។ ពួក​គេ​ប្រឡែង​លេង​ជា​មួយ​រូបកាយ​ប្រជា​ជន​កម្ពុជា។​ ពួក​គេ​លេង​សើច​ជាមួយ​ប្រជាជន​ដូចជា​កូន​អុក​បង្ក​ឲ្យ​មាន​ឃាតករ​ជាច្រើន​និង​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​សម្លាប់។ តើ​អ្នក​ត្រូវ​ទៅ​សម្លាប់​គេ​ឬ​អ្នក​នឹង​ត្រូវ​គេ​សម្លាប់​ឬ​យ៉ាង​ណា​គឺ​ពួក​គេ​ជា​អ្នក​សម្រេច»។

អតីត​បង​ធំទី​២ នួន ​ជា​ ឆ្នាំ​នេះ​អាយុ​៨៧​ឆ្នាំ​ រីឯ​ខៀវ ​សំផន ​អាយុ​៨២​ឆ្នាំ។ ​លោក​សហ​ព្រះរាជ្ញា​អន្តរជាតិ​បាន​ចោទ​ប្រកាន់​ថា​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​ក្នុង​នោះ​មាន​ទាំង​ជន​ជាប់​ចោទ​ទាំង​ពីរ​ខាង​លើ​នេះ​ផង​ដែរ​ថា​បាន​ព្រម​ព្រៀង​គ្នា​និង​សម្រេច​ផែន​ការ​នានា​រួម​គ្នា។​

លោក​William Smith​ បាន​ហៅ​នួន ​ជា ​និង​ខៀវ ​សំផន​ថា​ជា​អ្នក​តំណាង​ឲ្យ​ឃាតករ​ហើយ​របបកម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​គេ​«គឺ​ជា​រដ្ឋ​ទាសករ»។

«នួន​ ជា​ និង​ខៀវ ​សំផន​ និង​សហ​ចារី​គឺ​ជា​ចៅហ្វាយ​ រីឯ​ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​ជា​ទាសករ។ ពួក​គេ​ជា​ជន​ផ្តាច់ការ​ដែល​ត្រួត​ត្រា​ប្រជាជន​ដោយ​ហិង្សា​និង​ការ​ភ័យ​ខ្លាច»។

ក្រៅ​ពី​សេចក្តី​សន្និដ្ឋាន​ខាង​លើ​លោក​ William ​Smith ​ក៏​បាន​បញ្ជាក់​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ផង​ដែរថា​ជន​ជាប់​ចោទ​បាន​ផ្តល់​ចម្លើយ​«ការភូត​កុហក​ បោកប​ញ្ឆោត»​នៅ​ក្នុង​សវនាការ​កន្លង​មកដើម្បី​បដិសេធ​ឧក្រិដ្ឋ​កម្ម​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ៕
XS
SM
MD
LG