យោងតាមក្រុមអ្នកស្រាវជ្រាវឆ្នើមៗផ្នែកកសិកម្ម បានបង្ហាញថា ប្រព័ន្ធស្បៀងអាហាររបស់ពិភពលោក លែងមានតុល្យភាពប្រកបដោយភាពគ្រោះថ្នាក់ ហើយបញ្ហាសន្តិសុខស្បៀង មានតែកើនឡើង ខណៈដែលចំនួនពលរដ្ឋកើនឡើងនិងបរិយាកាសប្រែប្រួល។ នៅក្នុងរបាយការណ៍ថ្មី ដែលត្រូវបានចេញផ្សាយ មុនពេលមានសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ រីអូ ២០ (Rio +20 U.N. sustainable development conference) ក្រុមអ្នកជំនាញបានផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ផ្តល់អាហារជូនប្រជាពលរដ្ឋពិភពលោកដែលកំពុងកើនកំដៅនេះ។
របាយការណ៍ថ្មីមួយ ដែលសរសេរដោយក្រុមអ្នកជំនាញមកពីប្រទេសចំនួន១៣ បានគូសបញ្ជាក់អំពីភាពប្រទាំងប្រទើសជាច្រើនទៅលើស្ថានភាពស្បៀងអាហាររបស់ពិភពលោក នាពេលសព្វថ្ងៃនេះ។
លោក ម៉ូលី ចន (Molly Jahn) សមាជិកនៃគណៈកម្មាការស្តីពីកសិកម្មប្រកបដោយចិរភាព និងបម្រែបម្រួលអាកាសធាតុ និងជាក្សេត្រវីទូនៃសកលវិទ្យាល័យ វីសខន់ស៊ីន (University of Wisconsin) ក្នុងទីក្រុងម៉ាឌីសុន (Madison) បានចង្អុលបង្ហាញអំពីអតុល្យភាពជាមូលដ្ឋាននេះ៖
«យើងមានប្រជាពលរដ្ឋមួយពាន់លាននាក់នៅលើផែនដីនេះ ដែលស្បៀងអាហារគ្មានស្ថិរភាព ហើយមួយពាន់លាននាក់ទៀតដែលកំពុងទទួលរងនូវការលើសជីវជាតិ។ យើងប្រហែលជាមានពីរពាន់លាននាក់ ដែលខ្វះខាតអាហារូបត្ថម។»
លោក ចន មានប្រសាសន៍ថា ស្របពេលជាមួយគ្នានេះដែរ មួយភាគបីនៃស្បៀងអាហារ ដែលផលិតសម្រាប់មនុស្សទទួលទាន ត្រូវបានខ្ជះខ្ជាយ។
ទន្ទឹមនឹងនេះដែរ ផលិតផលកសិកម្ម ក្លាយជាចំណែកមួយដ៏សំខាន់ទៅលើការប្រែប្រួលអាកាសធាតុ ដែលបញ្ចេញសារជាតិដែលបង្កឲ្យមានអាកាសធាតុបំផ្លាញផលដំណាំជាញឹកញាប់។
ដោយមានប្រជាពលរដ្ឋចំនួនពីរពាន់លានបន្ថែមទៀត តាមការប៉ាន់ស្មាន ដែលត្រូវផ្តល់អាហារនៅត្រឹមឆ្នាំ២០៥០ ហើយកំណើនប្រជាពលរដ្ឋមានទ្រព្យសម្បត្តិ ដែលទទួលទានអាហារច្រើនជាងមុន គណៈកម្មាការ បានឲ្យដឹងថា សម្ពាធទៅលើប្រព័ន្ធស្បៀងអាហារ ទំនងជាហួសពីអ្វីដែលផែនដីអាចទ្រទ្រង់បាន។
លោក ម៉ូលី ចន និយាយថា របាយការណ៍នេះគូសបញ្ជាក់អំពីដំណោះស្រាយមួយចំនួន ដើម្បីដឹកនាំពិភពលោកឆ្ពោះទៅរកសុវត្ថិភាពស្បៀងអាហារ នៅពាក់កណ្តាលសតវត្សរ៍នេះ ដែលទាមទារការចូលរួមក្នុងសកម្មភាពនៅគ្រប់ជាន់ថ្នាក់ទាំងអស់។
«ដោយរាប់ចាប់តាំងពីសកម្មភាពក្នុងមូលដ្ឋានដែលមានទ្រង់ទ្រាយតូច ដែលនឹងចូលរួមទទួលបាននូវស្បៀងអាហារដែលមានគុណភាពល្អជាងមុន និងច្រើនជាងមុន នៅក្នុងចំណែកដីប៉ុនគ្នាឬតូចជាងមុន ទៅដល់លទ្ធផលជាសកល ដែលត្រូវធ្វើទៅតាមអ្វីដែលយើងគ្រប់គ្រង ឧទាហរណ៍ ការធ្វើជំនួញលើមុខទំនិញនានា។»
របាយការណ៍នេះ ផ្តល់អនុសាសន៍ឲ្យមានការជំរុញផលិតភាពរបស់កសិករខ្នាតតូច ដើម្បីបង្កើនការផ្គត់ផ្គង់ស្បៀងអាហារ និងកាត់បន្ថយភាពក្រីក្រ។
ប៉ុន្តែ របាយការណ៍ក៏បញ្ជាក់ដែរថា ផលិតភាពនោះ ត្រូវតែបង្កើនដោយមិនធ្វើប៉ះពាល់បន្ថែមទៀតទៅលើបរិស្ថានដែលកំពុងស្ថិតក្នុងភាពខ្ទេចខ្ទាំ រួចទៅហើយឡើយ។ នោះមានន័យថា បង្កើនបរិមាណស្បៀងអាហារកាន់តែច្រើន ដោយមិនចាំបាច់កាប់ព្រៃឈើច្រើនជាងនេះ ឬក៏ប្រើប្រាស់ជីគីមីហួសកម្រិតដែរ ដែលកត្តាទាំងពីរនេះ អាចរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។
របាយការណ៍នេះ ក៏បានឲ្យដឹងទៀតថា សេចក្តីត្រូវការស្បៀងអាហារអាចកាត់បន្ថយបាន តាមរយៈការបន្ថយភាពខ្ជះខ្ជាយអាហារ និងជំរុញឲ្យមានទម្លាប់ពិសារអាហារពោរពេញទៅដោយសុខភាពល្អដែលមានដាក់សាច់តិចតួច។
របាយការណ៍នេះ សង្កត់ធ្ងន់ដោយបង្ហាញករណីសិក្សា ដែលគូសបញ្ជាក់ពីភាពជោគជ័យរបស់អនុសាសន៍នីមួយៗ ចាប់ពីប្រទេសបង់ក្លាដេស (Bangladesh) រហូតដល់ប្រទេសប្រេស៊ីល (Brazil)។
របាយការណ៍នេះបានបន្ថែមទៀតថា ការធ្វើឲ្យអនុសាសន៍ទាំងនោះក្លាយទៅជាការពិត ទាមទារឲ្យមានការប្តេជ្ញាចិត្តយ៉ាងធំធេង ដែលរាប់ចាប់តាំងពីមនុស្សម្នាក់ ពីអ្នកតាក់តែងច្បាប់ រហូតដល់ផ្នែកឯកជន និងការវិនិយោគទុននៅទូទាំងសកលលោកយ៉ាងធំធេងជាងមុន ទៅលើវិស័យកសិកម្មប្រកបដោយចិរភាព៕
ប្រែសម្រួលដោយ សៀក អេង