ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាដៃ​គំនូរ​ទំនើប​របស់​ខ្មែរ​​ត្រូវ​បាន​ដាក់​តាំង​នៅ​ភ្នំពេញ


ផ្ទាំង​គំនូរ​ដែល​មាន​ទិដ្ឋភាព​ចម្រុះ​ចំនួន​១៨​ផ្ទាំង​ត្រូវ​បាន​ដាក់តាំង​ក្នុង​ពិព័រណ៍​មួយ​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ព្រះបរមរាជវាំង​ក្នុង​ក្រុងភ្នំពេញ​រយៈពេល​ពេញ​មួយ​ខែ​ដោយ​គិត​ថ្លៃ​​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨ ​ខែ​ធ្នូ​នេះ​ត​ទៅ។
ផ្ទាំង​គំនូរ​ដែល​មាន​ទិដ្ឋភាព​ចម្រុះ​ចំនួន​១៨​ផ្ទាំង​ត្រូវ​បាន​ដាក់តាំង​ក្នុង​ពិព័រណ៍​មួយ​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ព្រះបរមរាជវាំង​ក្នុង​ក្រុងភ្នំពេញ​រយៈពេល​ពេញ​មួយ​ខែ​ដោយ​គិត​ថ្លៃ​​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨ ​ខែ​ធ្នូ​នេះ​ត​ទៅ។

ការអភិវឌ្ឍ​សង្គម និង​ភាព​ជូរចត់​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជួបប្រទះ បាន​ក្លាយ​ជា​ប្រធាន​បទ​របស់​វិចិត្រករ​ទំនើប​មួយ​រូប ​ដែល​លោក​បាន​បង្ហាញ​តាម​រយៈ​ផ្ទាំង​គំនូរ​ដ៏​ស្មុគ្រស្មាញ​របស់​ខ្លួន ប៉ុន្ដែ​គំនូរ​ទាំង​នេះ​ពេញ​ដោយ​អត្ថន័យ​បង្កប់​យ៉ាងជ្រៅ បែប​រិះគន់ ​និង​បែប​តថនិយម។

ផ្ទាំង​គំនូរ​ដែល​មាន​ទិដ្ឋភាព​ចម្រុះ​ចំនួន​១៨​ផ្ទាំង​ត្រូវ​បាន​ដាក់តាំង​ក្នុង​ពិព័រណ៍​មួយ​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ព្រះបរមរាជវាំង​ក្នុង​ក្រុងភ្នំពេញ​រយៈពេល​ពេញ​មួយ​ខែ​ដោយ​គិត​ថ្លៃចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨ ​ខែ​ធ្នូ​នេះ​ត​ទៅ។

លោក ឈឹម សុធី ​ដែល​ជា​ម្ចាស់​ស្នាដៃ​នេះ​មាន​ប្រសាសន៍​ថា ការ​ដាក់តាំង​គំនូរ​ទាំង​នេះ​ក្នុង​គោល​បំណង​បង្ហាញ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ សម្រាប់​ស្ដែងចេញ​ពី​របប​ខ្មែរក្រហម ​ការទិទៀន ផលប៉ះពាល់​នៃ​ការអភិវឌ្ឍន៍ ​និង​ការ​អភិរក្ស​សត្វ​ព្រៃ​ និង​បរិស្ថាន​ជា​ដើម។

គំនូរ​ទាំង​នេះ​ក្រវ៉េម​ក្រវ៉ាម ​ក៏ប៉ុន្ដែលោក ​ឈឹម ​សុធី ​ដែល​ជា​វិចិត្រករ បញ្ជាក់​ថា ​គំនូរ​ទាំងនេះ​បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ។

«ផ្ទាំង​ស្នាដៃ​គំនូរ​របស់​ខ្ញុំ​ គឺ​ខ្ញុំ​អត់​បង្ហាញ​ជា​រូបភាព​ភ្លាម​ទេ​ គឺ​ខ្ញុំ​បង្ហាញ​ជា​គំនិត​ទៅ​វិញ​ដូច​ថា​ ខ្ញុំ​បង្កប់​អត្ថន័យ​ច្រើន​នៅ​ក្នុង​នោះ។ ខ្ញុំ​ប្រមើល​មើល​ទៅ​ក្នុង​សង្គមជាតិ​ទៅនឹង​សង្គម​ ដែល​យើង​ធ្លាប់​បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​ក្តី​គឺ​យើង​យក​មក​បញ្ចូល​ក្នុង​ផ្ទាំង​គំនូរ​នេះ​ ដើម្បី​ជា​អនុស្សាវរីយ​នៃ​ការ​ចងចាំ​ ទិទៀន​ដើម្បី​ស្ថាបនា​ចំពោះ​ស្នាដៃ​សិល្បៈ​ទៅ​លើ​សង្គមជាតិ​ ជា​សារ​មួយ​ដើម្បី​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក៏​ដូច​ជា​មនុស្ស​ទូទៅ​មាន​ការអភិវឌ្ឍ​មាន​ការ​ប្រែប្រួល​គំនិត ​អារម្មណ៍»។

គំនូរ​នីមួយៗ​មាន​ទំហំ​ចាប់​ពី​៦​តឹក​បួន​ជ្រុង​ រហូត​ដល់​១,៥​ម៉ែត្រ​គុណ​២​ម៉ែត្រ។ គំនូរ​មួយ​ក្នុង​ចំណោម​នោះ​ បាន​បង្ហាញ​ស្ដ្រី​មួយ​កំណាត់​ខ្លួន ​និង​ព័ទ្ធ​ជុំវិញ​ដោយ​ហ្វូង​មច្ឆា​ និង​ធម្មជាតិ​ដទៃ​ទៀត។ មើល​ទៅ​ហាក់​ដូច​ជា ​មាន​ភ្នែក​នៅ​កន្លែង​ខ្លះ​ក្នុង​គំនូរ​ដដែល​នេះ។ ​គំនូរ​ផ្សេង​មួយ​ទៀត​ហាក់​ដូច​ជា​ មាន​ស្ដ្រី​ម្នាក់​កំពុង​ហោះ​ក្នុង​លំហ​ ដែល​មាន​ពណ៌ខៀវ​ ក្រហម ​បៃតង​ ពណ៌​ក្រម៉ៅ ​តាម​ជំនោរ​ខ្យល់​កួច​យ៉ាង​ខ្លាំង។ គំនូរ​មួយទៀត​បង្ហាញ​ពី​ពិភព​មនុស្ស​ពីរ​ផ្សេង​គ្នា​ និង​កំណើត​មនុស្ស​ក្នុង​ភព​របស់​មនុស្ស។ គំនូរ​ទាំង​អស់​បាន​បង្កប់​អត្ថន័យ​អរូបិយ ដែល​រំលេច​ទៅ​ដោយ​ភាព​ទំនើបនិយមនៃ​ការច្នៃប្រឌិត​របស់​វិចិត្រករ។

លោក ​ឈឹម​ សុធី ​ក្នុង​វ័យ​៤១​ឆ្នាំ​បាន​ស្រូប​យក​ការ​ប្រឌិត​ស្នាដៃ​នេះ​បែប​បស្ចឹម​លោក។ ​លោក ​មាន​ប្រសាសន៍​ថា ​បើ​សិន​ជា​គេ​មើល​មួយ​ភ្លែត ​គេ​មិន​អាច​យល់​គំនូរ​ទាំង​នេះ​ ភ្លាមៗ​ទេ។ លោក ​សុធី​ តែងតែ​ធ្វើ​ការ​ពន្យល់​បន្ថែម​ដល់​ភ្ញៀវ​ ដែល​ចូល​ទស្សនា​ផ្ទាំង​គំនូរ​របស់​គាត់។ លោក​បាន​យក​គំនូរ​ចំនួន​ពីរ​ផ្ទាំង​មក​រៀបរាប់។

«នេះ​គឺ​ជា​រូប​របាំ​ដែល​រាំ​ជា​ក្រុម។ ​អញ្ចឹង​ចង់​បង្ហាញ​អំពី​កា​រស់​ឡើងវិញ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ បន្ទាប់​ពី​បាន​បាត់បង់​អស់​រយៈពេល​ច្រើន​ឆ្នាំ ​ជាពិសេស​នៅ​ក្នុង​របប​ខ្មែរក្រហម​ ដែល​យើង​ឥត​បាន​ឃើញ​របាំ​ខ្មែរ។ ​សិល្បៈករ​ខ្មែរ​យើង​គឺ​មាន​ទេព្យកោសល្យ​នៅ​ក្នុង​ការ​សម្តែង​ ការ​បញ្ចេញ​អញ្ចឹង។ ហើយ​វា​មាន​ការ​រស់​ឡើងវិញ ​ធ្វើ​ឲ្យ​គេ​ស្គាល់​ទូទាំង​ពិភពលោក​ អំពី​ស្នាដៃ​របស់​ខ្មែរ​យើង​អំពី​សិល្បៈ​ហ្នឹង»។

កញ្ញា ​ឃីម​ និមិល​ ដែល​បាន​ចូលរួម​ទស្សនា​ការ​ដាក់​បង្ហាញ​ផ្ទាំង​គំនូរ​នេះ​ បាន​ឲ្យដឹងថា ​ផ្ទាំង​គំនូរ​ទាំង​នេះ​ពិត​ជា​ប្លែក​ពី​ផ្ទាំង​គំនូរ​ផ្សេងៗ​ ដែល​នាង​ធ្លាប់​បាន​ឃើញ​ហើយ​មើល​ទៅហាក់​ដូច​ជា​មាន​ភាព​រស់​រវើក​ និង​ទាក់ទាញ។

«ស្នាដៃ​ខ្មែរ​យើង​លើក​ទី​១​ ដែល​ខ្ញុំ​បាន​ឃើញ​សម្រាប់​ខ្ញុំ​ទេ​ គឺ​ល្អ​បំផុត​ហើយ​គួរឲ្យ​ចាប់​អារម្មណ៍​លើ​ផ្ទាំងគំនូរ​មាន​រូបភាព​បង្កប់​នូវ​អត្ថន័យ​មួយ​យ៉ាង​ជ្រៅ​ហើយ​លើក​ទី​១ ដែល​ខ្ញុំ​បាន​មក​ឃើញ​នូវ​ស្នាដៃ​ខ្មែរ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ និង​មាន​មទនោភាព​មែនទែន»។

លោក ​ឈឹម ​សុធី​ ទទួល​បាន​រង្វាន់​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គំនូរ​រួម​មាន​រង្វាន់សិល្បៈ​អាស៊ាន​ឆ្នាំ​២០០០​ នៅ​សិង្ហបុរី​ និង​រង្វាន់​លេខ​១​ចំនួន​ពីរ​ដង​ជាប់ៗ​គ្នា​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កម្ពុជា​ ក្នុង​ឆ្នាំ​២០០៣​ និង​២០០៤​ជា​ដើម។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ សម្រាប់​ការ​ដាក់​តាំង​បង្ហាញ​ពី​ផ្ទាំង​គំនូរ​របស់​គាត់។​ស្នាដៃ​ជា​ច្រើន​របស់​គាត់​បាន​ដាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​តាម​បណ្តាល​ខេត្ត​ខ្លះៗ​ ហើយ​ព្រមទាំង

ដាក់​បង្ហាញ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ ​ដូច​ជា​ហ្វីលីពីន​ សិង្ហបុរី ថៃ ​បារាំង​ និង​សហរដ្ឋ​អាមេរិក​ជាដើម។

អ្នកស្រី ​វ៉ាន់​ អេនេត (Annetle Van) ជា​ម្ចាស់​ភោជនីយដ្ឋាន​តាម៉ារីន​ ដែល​ចូលរួម​សហការ​ក្នុង​ការ​ផ្តល់​ទី​កន្លែង​សម្រាប់​ពិព័រណ៍​គំនូរ​នេះ ​បាន​បញ្ជាក់​ថា​ អ្នកស្រី​ចង់​ជួយ​លើក​តម្កើង​គំនិត​ច្នៃប្រឌិត​របស់​វិចិត្រករ​ខ្មែរ។

លោក ​ឈឹម ​សុធី ​ដែល​មាន​ស្រុក​កំណើត​ក្នុង​ស្រុក​ល្វាឯម ​ខេត្ត​កណ្តាល​បាន​សិក្សាផ្នែក​គំនូរ​អស់​រយៈពេល​១០​ឆ្នាំ​ ហើយ​លោក​ទទួល​បាន​បរិញ្ញាប័ត្រ​ផ្នែក​គំនូរ​ពីលាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៩៥។

ក្រោយ​ពី​បញ្ចប់​ការសិក្សា ​លោក​ ឈឹម​ សុធី​ បាន​ចូល​បម្រើ​ការងារ​ជា​គ្រូ​បង្ហាត់​ផ្នែកគំនូរ​នៅ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​រហូត​ដល់​ឆ្នាំ​១៩៩៨ ​ជា​ពេល​ដែល​លោក​បាន​ចូល​បម្រើការងារ​ក្នុង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ៕

XS
SM
MD
LG