អ្នកការទូតកំពូលសហរដ្ឋអាមេរិកបានស្ថិតនៅក្នុងទីក្រុងរ៉ង់ហ្គូនទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានលុបចោលការដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុនិងពាណិជ្ជកម្មនានាទៅលើប្រទេសនោះ នៅពេលដែលខ្លួនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា។ ការហាមឃាត់លើបុគ្គលនិងក្រុមមួយចំនួនធំនៅតែស្ថិតនៅជាធរមាន។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានអញ្ជើញទៅដល់រដ្ឋធានី Naypyidaw នៅថ្ងៃអាទិត្យនេះ។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក មានគម្រោងជួបជាមួយលោកស្រីជ័យលាភីណូបែលសន្តិភាព អោង សានស៊ូជី ដែលជារដ្ឋមន្រ្តីការបរទេសហើយនឹងជាមេដឹកនាំតាមព្រឹត្តន័យចាប់តាំងពីគណបក្សរបស់លោកស្រីបានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្រ្តកាលពីខែមីនាមក។ លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក៏នឹងជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀតដែរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា គោលបំណងនៃដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសគឺបង្ហាញនូវ«ការគាំទ្រដល់រដ្ឋាភិបាលជាប់ឆ្នោតថ្មីតាមបែបលទ្ធិប្រជាធិបតេយ្យនិងដឹកនាំដោយស៊ីវិល»ហើយនឹងបង្កើនការធ្វើកំណែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យហើយនឹងការធ្វើកំណែទម្រង់សេដ្ឋកិច្ច។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry និងលោកស្រី អោង សានស៊ូជី នឹងទំនងរួមមានការពិភាក្សាសំណើកាលពីពេលថ្មីៗនេះរបស់ភូមាដែលសុំឲ្យសហរដ្ឋអាមេរិកឈប់ប្រើពាក្យ «រ៉ូហ៊ីងយ៉ា» នៅពេលនិយាយដល់ជនជាតិភាគតិចដែលមិនត្រូវបានទទួលស្គាល់នៅក្នុងភូមា។ លោក Scot Marciel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសភូមា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក នឹងបន្តប្រើប្រាស់ពាក្យនេះពីព្រោះតែវាជាគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដើម្បីហៅឈ្មោះសហគមន៍អ្វីដែលពួកគេចង់ឲ្យហៅ។
រដ្ឋាភិបាលភូមា អះអាងថា ជនជាតិរ៉ូហ៊ីងយ៉ាជាជនជាតិបង់ហ្គាលីដែលបានចូលក្នុងប្រទេសភូមាខុសច្បាប់។
ប្រទេសភូមាដែលមានពួកអ្នកកាន់សាសនាដ៏ច្រើនលើសលុប បានទទួលការរិះគន់ពីអន្តរជាតិចំពោះការធ្វើបាបជនជាតិភាគតិចកាន់សាសនាឥស្លាមដែលភាគច្រើនបានត្រូវគេបដិសេធពុំព្រមផ្តល់សញ្ជាតិ និង គោលការណ៍សិទ្ធិមនុស្សសំខាន់ៗផ្សេងទៀត៕