លោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry បានធ្វើកិច្ចចរចាដែលលោកនិយាយថា «មានការស្ថាបនា» នៅថ្ងៃព្រហស្បតិ៍នេះជាមួយលោកប្រធានាធិបតីយេម៉ែន Abdu Rabu Mansour Hadi នៅក្នុងទស្សនកិច្ចរបស់លោកនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត ដើម្បីធ្វើការចរចាអំពីសេចក្តីស្នើបញ្ហាមនុស្សធម៌ នៅក្នុងការផ្អាកការវាយប្រហារផ្លូវអាកាសដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត នៅយេម៉ែន។
លោក Kerry មានប្រសាសន៍កាលពីថ្ងៃពុធថា ការផ្អាកយុទ្ធនាការផ្លូវអាកាស ត្រូវប្រព្រឹត្តិធ្វើក្នុងមធ្យោបាយមួយដែលការពារមិនឲ្យភាគីណាមួយអាចដណ្តើមយកទឹកដីបន្ថែម ឬធ្វើការវាយប្រហារទៅលើជនណាដែលទម្លាក់អាវុធជាបណ្តោះអាសន្ននោះបានឡើយ។
លោករដ្ឋមន្រ្តីស.រ.អាបានថ្លែងជាអាទិ៍ថា «យើងបានអំពាវនាវឲ្យភាគីទាំងអស់គោរពច្បាប់មនុស្សធម៌ ហើយចាត់វិធានការគ្រប់យ៉ាងដើម្បីការពារជនស៊ីវិលឲ្យផុតពីគ្រោះថ្នាក់ និងផ្តល់ឱកាសឲ្យមានការនាំយកជំនួយមនុស្សធម៌ទៅចែកជូនដល់ជនរងគ្រោះ»។
លោក Kerry ក៏បានជួបជាមួយលោក Abdel al-Jubeir រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ី សាអ៊ូឌីត ថ្មីផងដែរ និងត្រូវចូលគាល់ព្រះមហាក្សត្រ Salman បន្តមកទៀត។
លោកប្រធានាធិបតីយេម៉ែន Abdu Hadi បានគេចខ្លួនទៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាលពីចុងខែមិនា នៅពេលដែលពួកឧទ្ទាម Houthi បានលើកទ័ពចេញពីរដ្ឋធានី Sana'a ទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូង ក្នុងការវាយប្រហារមួយដែលជំរុញឲ្យយន្តហោះប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចាប់ផ្តើមទម្លាក់គ្រាប់បែកទៅលើពួកឧទ្ទាម៕