ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​សារ​មិន​បាន​ចូក​ទឹកកក​ពី​មុខ​ផ្ទះ


លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ចន ឃែរី (John Kerry)
លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ចន ឃែរី (John Kerry)

លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ចន ឃែរី (John Kerry) ​ត្រូវ​បាន​ពិន័យ​ប្រាក់​ចំនួន​៥០​ដុល្លារ ចំពោះ​ការ​មិន​បាន​សម្អាត​ផ្លូវ​ចិញ្ចើម​ថ្នល់​មុខ​ផ្ទះ​លោក នៅ​ទីក្រុង បូស្តុន (Boston) ​ក្រោយ​ពី​ព្យុះ​ទឹកកក​ដែល​បាន​គ្រប​ដណ្តប់​ភាគ​ឦសាន្ត​នៃ​សរអា​នៅ​សប្តាហ៍​នេះ។

ក្រោយ​ពី​មាន​ការ​ធ្លាក់​ទឹកកក​ព្រិល​ចំនួន​៦០​សង់ទីម៉ែត្រ​នៅ​ទីក្រុង Boston ​រួច​មក ​អភិបាល​ក្រុង Boston លោក Martin Walsh ​បាន​តាំង​ចិត្ត​ថា​នឹង​ពិន័យ​ជន​ណា​ ដែល​មិន​បោស​សម្អាត​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះ និង ហាង​លក់​ទំនិញ​ខ្លួន ដែល​គ្រប​ដណ្តប់​ដោយ​ទឹក​កក។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​អាជ្ញាធរ​ក្រុង​បាន​ពិន័យ​លោក Kerry ​ចំនួន​៥០​ដុល្លារចំពោះ​ការ​មិន​បាន​សម្អាត​ទឹក​កក​ពី​ចិញ្ចើម​ផ្លូវ​នៅ​ចំហៀង​គេហដ្ឋាន​របស់​លោក​នៅ​សង្កាត់ Beacon Hill។

លោក Peter Gonsiorowski ឈូស​ទឹកកក​ចេញ​ពី​ឡាន​របស់​លោក​នៅ​ក្រុង​បូស្តុន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៥។
លោក Peter Gonsiorowski ឈូស​ទឹកកក​ចេញ​ពី​ឡាន​របស់​លោក​នៅ​ក្រុង​បូស្តុន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៥។

លោក​រដ្ឋមន្ត្រី​ការ​បរទេស Kerry បាន​ស្ថិត​នៅ​ក្នុង​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត (Saudi-Arabia) ដើម្បី​ចូល​រួម​ក្នុង​បុណ្យ​សព​ព្រះ​មហាក្សត្រ Abdullah ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

អ្នក​នាំ​ពាក្យ​លោក Kerry ​បាន​និយាយ​ថា លោក​រដ្ឋមន្ត្រី​ការបរទេស Kerry ​បាន​បង់​ប្រាក់​ពិន័យ​ភ្លាមៗ។

អ្នក​ចូក​ទឹកកក ដែល​លោក Kerry ​ជួល​បាន​បោស​សម្អាត​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះ​លោក​ចប់​សព្វ​គ្រប់​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ៕

XS
SM
MD
LG