ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​​កេនយ៉ា​ដាក់​ឲ្យ​អនុ​វត្ត​ការ​ធ្វើ​សវនកម្ម​បែប​ផែន​ជីវិត​រស់​នៅ​របស់​មន្ត្រី​សាធារណៈ


បាតុករ​ឡើង​ខ្លោង​ទ្វារ​អគារ​សភា និង​មាន​កាន់​បដា​ដែល​ជា​សារ​ទៅ​កាន់​លោក​ប្រធានាធិបតី Uhuru Kenyatta ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
បាតុករ​ឡើង​ខ្លោង​ទ្វារ​អគារ​សភា និង​មាន​កាន់​បដា​ដែល​ជា​សារ​ទៅ​កាន់​លោក​ប្រធានាធិបតី Uhuru Kenyatta ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ប្រធានាធិបតី​ប្រទេស​កេនយ៉ា លោក​ Uhuru Kenyatta បាន​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ដោយ​ប្រកាស​ថា​មន្ត្រី​សាធារណៈ​ទាំង​អស់​ដាច់​ខាត ​​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​សវនកម្ម​បែប​ផែន​រស់​នៅ​ ដើម្បី​ស្វែង​យល់​ពី​ប្រភព​​ធនធាន​ទ្រព្យសម្បត្តិ​របស់​ពួក​គេ។ ការ​ប្រកាស​ថ្មី​បំផុត​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ហិរញ្ញ​វត្ថុ​ ដែល​បាន​បើក​កកាយ​ថា​ ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​​បាន​បាត់​បង់​នៅ​តាម​ស្ថាប័ន​រដ្ឋ​នានា​ ដោយ​សារ​អំពើ​ពុករលួយ​ពាក់​ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល។

លោកប្រធានាធិបតី Kenyatta តាំង​ខ្លួន​ជា​បុគ្គល​ទី១​ ក្នុង​ការ​ដាក់​អនុវត្ត​សវនកម្ម​ស្វែងរក​មន្ត្រី​សាធារណៈ​ដែល​ពុករលួយ។ លោក​បាន​ប្រាប់​ប្រជា​ពលរដ្ឋ​លោក​ថា ការ​ធ្វើ​សវនកម្ម​បែប​ផែន​ជីវិត​រស់​នៅ​នេះ ​នឹង​អាច​ទប់ស្កាត់​ការ​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​មិន​ត្រឹម​ត្រូវ។ លោក​បាន​បន្ត​ថា​ មន្ត្រី​សាធារណៈត្រូវ​ពន្យល់​បក​ស្រាយ​ពី​ប្រភព​ទ្រព្យសម្បត្តិ​របស់​ខ្លួន ​ដើម្បី​រក​បុគ្គល​ណា​ដែល​លួច​ថវិកា​រដ្ឋ និង​កេង​ចំណេញ​ពី​តួ​នាទីរបស់​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល។

លោកប្រធានាធិបតី​បាន​និយាយ​ថា៖ «អ្នក​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង ពី​ចំនួន​ផ្ទះ​ដែល​អ្នក​មាន ប្រាក់​ខែ​របស់​អ្នក និង​ថា​តើ​អ្នក​អាច​ទិញ​ធនធាន​ទាំង​នោះ​ដោយ​របៀបណា? ឡាន​ដែល​អ្នក​ទិញ (សូម​កុំ​ព្យាយាម​យក​ឈ្មោះ​ប្រពន្ធ ឬ​កូន​ប្រុស​ដាក់​ជាម្ចាស់​កម្ម​សិទ្ធិ​របស់​ទាំង​នោះ ធ្វើ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ដឹង​ថា​វា​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ដែរ) ហើយ​អ្នក​បាន​ឡាន​ហ្នឹងមកពី​ណា? អ្នក​ត្រូវ​តែ​បក​ស្រាយ ខ្ញុំ​នឹង​ស្ម័គ្រ​ខ្លួន​ជា​បុគ្គល​ទី១ ទទួល​ការ​ធ្វើ​សវនកម្ម​បែប​ផែន​ជីវិត​រស់​នៅ‍​នេះ»។

កាលពី​ខែ​មុន​ រឿង​អា​ស្រូវ​អំពើ​ពុក​រលួយ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹងការ​ដេញ​ថ្លៃ​យក​សេវា និង​អ្នក​ផ្គត់ផ្គង់​សេវា​ក្នុង​ស្ថាប័ន​រដ្ឋ​នានា​ត្រូវ​បាន​គេ​ទម្លាយ។ រឿង​អា​ស្រូវ​អំពើ​ពុក​រលួយដែល​ត្រូវ​បាន​គេ​ទម្លាយ​នេះ បង្ហាញ​ពី​ការ​លួច​ថវិកា​រាប់​រយ​លាន shilling ដោយបុគ្គលិកក្នុង​ស្ថាប័ន​រដ្ឋ​នានា។ គិត​មក​ដល់​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល​ជាង​៤០រូប រួម​ទាំង​អ្នក​ជំនួញ​មួយ​ចំនួន​ផង ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​រឿង​អា​ស្រូវ​នេះ។ លោកប្រធានាធិបតី Kenyatta បាន​បន្ត​បង្ហាញ​ការ​ខក​ចិត្ត​លើ​អំពើ​ពុករលួយ ដែល​មើល​ទៅ​ចេះ​តែ​កើន​ឡើង​និង​មិន​អាច​ទប់ស្កាត់បាន​ ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៣។

លោកប្រធានាធិបតី​បាន​និយាយ​ថា៖ «នេះ​គឺជា​ករណី​មនុស្ស​លួច​ទ្រព្យធន​របស់​ប្រជា​ពលរដ្ឋ​កេនយ៉ា ខ្ញុំ​សូម​សច្ចា​ចំពោះ​មុខ​ព្រះ​ជា​ម្ចាស់ថា អំពើ​នេះ​ត្រូវ​តែ​បញ្ចប់​ក្នុង​ប្រទេស​កេនយ៉ា‍»។

លោកប្រធានាធិបតី​បាន​និយាយ​ថា ការ​ធ្វើ​សវនកម្ម​បែប​ផែន​ជីវិត​រស់​នៅ នឹង​ក្លាយ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ដ៏​សំខាន់​នានា ដាក់​ដោយ​រដ្ឋាភិបាល​ដើម្បី​លុប​បំបាត់​អំពើ​មិន​ត្រឹម​ត្រូវ។

កាលពី​ពាក់​កណ្ដាល​ខែ​មិថុនា លោកប្រធានាធិបតី Kenyatta បាន​ចេញ​បទ​បញ្ជា​ប្រតិបត្តិ​តម្រូវ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ទាំង​អស់​បោះ​ពុម្ព​ផ្សាយ​រាល់​ព័ត៌មាន​លម្អិត​នៃ​ការ​ដេញ​ថ្លៃ និងទឹក​ប្រាក់​អំណោយ​គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៨។

លោកប្រធានាធិបតី​បាន​និយាយ​ថា៖ «ឧទាហរណ៍ ប្រសិន​បើផ្លូវ​កំពុង​ត្រូវ​បាន​សាង​សង់ យើង​ចង់​ដឹងថា​ក្រុម​ហ៊ុន​ណា​ដេញ​ថ្លៃ​បាន​គម្រោង​សាងសង់​នេះ? តើ​ការ​ដេញ​ថ្លៃ​នេះ​មាន​តម្លៃ​ប៉ុន្មាន? ក្រុម​ហ៊ុន​ណា​ដេញ​ថ្លៃជាប់​លេខ​ទី​២ និង​លេខ​ទី៣? ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​ទី១ដេញ​ថ្លៃ​បាន និង ២​ផ្សេង​ទៀត​អត់​បាន? ទាំង​អស់​នេះ​ហើយ ដែល​យើង​ត្រូវ​តែ​ដឹង។ ប្រជាជន​កេនយ៉ា​ ចាំបាច់​ត្រូវ​តែ​ដឹង​ពី​រឿង​ទាំង​អស់​នេះ ដូច្នេះ​វា​ត្រូវ​តែ​លាត​ត្រដាង ដឹង​ពី​ឈ្មោះ​ក្រុម​ហ៊ុន​និង​បុគ្គល​ជា​ម្ចាស់នៃ​ក្រុម​ហ៊ុន​ដែល​បាន​ទទួល​ការ​ដេញ​ថ្លៃ នរណា​ខ្លះ​ជា​នាយក និង​នរណា​ខ្លះ​ទៀត​ជា​ម្ចាស់ភាគ​ហ៊ុន។ មិន​ត្រូវ​មាន​ការ​បិទ​បាំង​អ្វី​ទៀត​ទេ‍»។

នៅ​ដើម​ខែ​នេះ គឺ​ថ្ងៃ​ទី១ ខែមិថុនា លោកប្រធានាធិបតី Kenyatta បាន​បញ្ជា​ឲ្យ​មាន​ការ​ពិនិត្យ​មើល​លើ​ប្រធាន​ផ្នែក​លទ្ធកម្ម និង​គណនេយ្យ​ទាំង​អស់​ឡើង​វិញ។ លោក​បាន​និយាយ​ថា ការ​ពិនិត្យ​ពិច័យ​នេះ នឹង​បញ្ចូល​ការ​ធ្វើ​តេស្ត​កុហក​ Polygraph ដើម្បី​បញ្ជាក់សុចរិត​ភាព​នៃ​មន្ត្រី​ទាំង​អស់​នោះ។

ប្រទេស​កេនយ៉ា​បាន​ពិន្ទុ​ត្រឹម​តែ២៨​លើ​១០០ នៅ​លើ​សន្ទស្សន៍​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ ដែល​រាយការណ៍​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ។ សន្ទស្សន៍​នៃ​អំពើ​ពុករលួយ​របស់​ប្រទេស​កេនយ៉ា គឺ​ស្ថិត​ជា​មធ្យម​ប្រមាណ ២២,៦២​ពិន្ទុ​ គិត​ចាប់​ពី​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ ​២០១៧៕

ប្រែ​សម្រួល​ដោយ កោះ សុគន្ធី

XS
SM
MD
LG