ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា​ជួប​អ្នក​ការទូត​អឺរ៉ុប​បី​សំខាន់ៗ​ទៀត​​ក្នុង​ពេល​តែ​មួយ​នៅ​ថ្ងៃ​​ពុធ​នេះ


រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយ​​ឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជាមួយ​​ឯកអគ្គ​រាជទូត​នៃចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ​នៅ​ថ្ងៃ​ពុធ​នេះ​នឹង​មាន​គម្រោង​ជួប​អ្នក​ការ​ទូត​ ប្រទេស​អឺរ៉ុប​សំខាន់​ចំនួន​បី​ក្នុង​ពេល​តែ​មួយ​ ដែល​ឯកអគ្គរាជទូត​និង​ឯកអគ្គរដ្ឋទូត​ទាំង​នោះ​មាន​ស្ថាន​បេសកកម្ម​ការ​ទូត​នៅ​ក្នុង​ប្រទេស​ថៃ​ហេីយ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​និង​តំបន់។

អ្នក​ការទូត​ទាំង​បី​រួម​មាន​ ឯកអគ្គរាជទូត​ Philippe Kridelka នៃ​រាជាណាចក្រ​បែលហ្សិក (Belgium) និង​លោកស្រី​ឯកអគ្គរាជទូត​ Kjersti Rødsmoen នៃ​រាជាណាចក្រ​ន័រវែស (Norway) ដែល​មាន​ស្ថាន​ឯកអគ្គរាជទូត​នៅ​ទី​ក្រុង​បាងកក ទទួល​បន្ទុក​រាជាណាចក្រ​ថៃ និង​ព្រះ​រាជាណាចក្រ​កម្ពុជា និងលោកស្រី​ឯកអគ្គរដ្ឋ​ទូត Satu Suikkari-Kleven នៃ​សាធារណរដ្ឋ​ហ្វាំងឡង់ (Finland) ដែល​មាន​ស្ថាន​ឯកអគ្គរដ្ឋទូត​នៅ​ទី​ក្រុង​បាងកក ទទួល​បន្ទុកប្រទេស​ថៃ ​កម្ពុជា និង មីយ៉ាន់ម៉ា(ភូមា)។

ជំនួប​ជាមួយ​ឯកអគ្គរាជទូត​និង​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ចំនួន​បី​ប្រទេស​ក្នុង​ពេល​តែ​មួយ​នេះ​គឺ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​គេហដ្ឋាន​លោក កឹម​ សុខា នៅ​ខណ្ឌ​ទួលគោគ​រាជធានី​ភ្នំពេញ​ ជា​កន្លែង​ដែល​លោក​ជាប់​ឃុំ​ក្នុង​ផ្ទះ​ ហេីយ​ជា​កន្លែង​ដែល​លោក​ទទួល​ជួប​សវនាការ​ជាមួយ​អ្នក​ការ​ទូត​មហាអំណាច​និង​ប្រទេស​ផ្តល់​ជំនួយ​សំខាន់ៗ​ និង​ប្រទេស​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​សំខាន់ៗ​សម្រាប់​កម្ពុជា។

លោក ​កឹម​ សុខា ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​បាន​ទទួល​ជួប​សវនាការ​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​ស្វីស (Switzerland) គឺ​លោកស្រី Helene Budliger Artieda ដែល​មាន​ស្ថាន​ឯកអគ្គរដ្ឋទូត​នៅ​ទីក្រុង​បាងកក ទទួល​បន្ទុកប្រទេស​ថៃ កម្ពុជា និង​ឡាវ។

ជំនួប​នៅ​ថ្ងៃ​ពុធ​នេះ​កេីត​ឡេីង​ក្រោយ​ពេល​លោក​ កឹម សុខា បាន​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​មហាអំណាច​និង​ប្រទេស​ធំៗ​ចំនួន៦​ប្រទេស​ក្នុង​រយ:​ពេល​បួន​ថ្ងៃ​ជាប់ៗគ្នា​កន្លង​មក បន្ទាប់​ពី​តុលាការ​បាន​ដោះលែង​លោក​ ដោយ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ។ នេះ​បេី​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​និង​ការ​បញ្ជាក់​របស់​លោក មុត ចន្ថា មន្ត្រី​ អតីត​នាយក​ខុទ្ទកាល័យ​លោក កឹម សុខា និងជា​អ្នក​នាំ​ពាក្យ​នៃ​កិច្ចប្រជុំ។

កាល​ពី​សប្តាហ៍​មុន លោក កឹម សុខា ក៏​បាន​ជួប​ឯកអគ្គរាជ​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​លោកស្រី ទីណា រេដស័រ (Tina Redshaw)។​ ជំនួប​ជាមួយ​ចក្រភព​អង់គ្លេសដែល​ជា​ប្រទេស​មហា​អំណាចមួយ​លេី​ពិភពលោក​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ កឹម សុខា ជា​កន្លែង​ដែល​លោក​ទទួល​ជួប​សវនាការ​ជាមួយ​មន្ត្រី​ការ​ទូត​នានា​ចាប់​ផ្តេីម​ពី​ថ្ងៃ​ដំបូង​ គឺ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ភ្លាមៗ​បន្ទាប់​ពី​លោក​ កឹម សុខា ត្រូវ​តុលាការ​ដោះលែង​ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឲ្យ​ត្រួត​ពិនិត្យ​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា។ កាល​ពី​ថ្ងៃ​ទី​១៣​ វិច្ឆិកា លោក កឹម សុខា បាន​ជួប​អគ្គរដ្ឋទូត​ប្រទេស​ចំនួន​ពីរ។

ឯកអគ្គរដ្ឋទូត​ទាំង​ពីរ​នោះ គឺ​ឯកអគ្គរដ្ឋទូត​ សហភាព​អឺរ៉ុប​ ខាមិន ម៉រីណូ (Carmen Moreno) និង ឯកអគ្គ​រាជទូត​ជប៉ុន ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami) ប្រចាំ​កម្ពុជា។ ការ​ជួប​ទូត​សហភាព​អឺរ៉ុប​បាន​កើត​ឡើង​ចំ​ពេល​ដែល​ សហភាព​អឺរ៉ុប​ទេីប​បាន​បញ្ជូន​របាយការណ៍​បឋម​របស់​ខ្លួន​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្ដី​ពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ ទៅ​លើ​ការ​ចោទប្រកាន់​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​លក្ខខណ្ឌ EBA។

ជំនួប​នេះ​ដូច​លេីក​មុនៗ​ដែរ​ មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឲ្យ​ដឹង​អំពី​ខ្លឹមសារ​ស៊ីជម្រៅ​ទេ គ្រាន់​តែ​អ្នក​នាំ​ពាក្យ​នៃ​កិច្ចប្រជុំ​គឺ​លោក មុត ចន្ថា អះអាង​ថា​ អ្នក​ការ​ទូត​ទាំង​ពីរ​ដែល​តំណាង​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​ធំ​ជាង​គេ​បង្អស់​មួយ និង​ជា​ប្រទេស​ផ្តល់​ការ​អនុគ្រោះពន្ធ​ដល់​ទំនិញកម្ពុជា លេីក​លែង​តែ​អាវុធនោះគឺជា ការជួបសម្តែងការគួរសម និងសួរសុខទុក្ខអំពីបញ្ហាសុខភាពរបស់លោក កឹម សុខា។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ខាមិន ម៉រីណូ វ (Carmen Moreno) និងឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami) ប្រចាំកម្ពុជា មិនបានបញ្ជាក់ពីខ្លឹមសារនៃជំនួបនោះភ្លាមៗទេ។ ប៉ុន្តែ​បេី​តាម​សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបស្តីពីលោក កឹម សុខា ដែល​បាន​ចេញ​ផ្សាយ​ក្រោយ​ពី​ជំនួប​នោះ អ្នក​នាំពាក្យសហភាពអឺរ៉ុប ដែលជា​ប្លុកមានប្រទេសចំនួន២៨នោះ បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​លោក កឹម សុខា នៅ​ពេល​ព្រឹក បន្ទាប់​ពី​តុលាការ​រាជធានីភ្នំពេញ បាន​ដោះលែង​ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដោយ​ហេតុផល​សុខភាព។

អ្នក​នាំពាក្យ​បាន​អះអាងថា នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​ទៅ​តាម​ទិសដៅ​ត្រឹមត្រូវ​ តែ​«យេីង​រំពឹង​ថា​លោក​កឹម សុខានឹង​ត្រូវ​បាន​ដោះលែង​ ហេីយ​ផ្តល់​សិទ្ធិធ្វេី​នយោបាយ​ជូន​លោក​វិញ​ ដូច​នេះលោក កឹម សុខាអាច​ចូល​រួម​ក្នុងជីវភាព​នយោបាយ​បាន​ពេញលេញ»។

ដោយ​ឡែក​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន​បាន​សរសេីរ​លោក កឹម សុខា អំពី​ការ​អត់ធ្មត់​របស់​លោក ដេីម្បី​ប្រជាធិបតេយ្យ​និង​ផលប្រយោជន៍​ជាតិ។

កាល​ពី​ថ្ងៃអង្គារ​សប្តាហ៍​មុន​ដែរ​លោក កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត ទាំង​ពីរ​រូប​ដែល​ក្នុង​នោះ​មាន​លោក Christian Berger នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​សមាជិក​សំខាន់​បំផុត​មួយ​របស់​សហភាព​អឺរ៉ុប​និង​លោកស្រី Angela Corcoran នៃ​ប្រទេស​អូស្ត្រាលី។

កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ទៀត លោក កឹ ម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ចំនួន​ពីរ​រូប​ដែរ​គឺ​លោកស្រី អេវ៉ា ង្វៀន ប៊ិ ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋ​ទូត​បារាំ ង​ប្រចាំ​នៅ​កម្ពុជា ដែល​ជា​សមាជិក​សំខាន់​បំផុត​មួយ និង​ឯកអគ្គរដ្ឋ​ទូត​អាមេរិក Patrick Murphy ប្រចាំ​កម្ពុជា។

អ្នក​កាទូត​នានា​ ដែល​បាន​ជួប​រួម​ទាំង​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក Patrick Murphy បាន​ជំរុញ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ ទាំង​អស់​ប្រឆាំង​នឹង​លោក កឹម សុខា និង​មន្ត្រី​របស់​លោកទាំង​ក្នុង​និង​ក្រៅប្រទេស​ពាក់ព័ន្ធ​នឹង​អ្វីមួយ​ដែល​ថា​ លោក​ត្រូវ​បាន​ចោទ​ថា​បាន​ឃុបឃិត​ ជាមួយ​ជនបរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក កឹម សុខា ត្រូវ​បាន​ដោះលែង​និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោមការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ក្រោយ​ពី​ក្រុម​មេធាវី​បាន​ស្នេី​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ដោយ​យោង​ថា​ថិរវេលា​នៃ​ការ​ឃុំខ្លួន​ដោយ​គ្មាន​ការ​កាត់ទោស​បាន​លេីស​កំណត់​ជាង​ពីរ​ឆ្នាំ​ ហេីយ​មិន​មាន​ភស្តុតាង​ដាក់បន្ទុក​លេី​លោក កឹម សុខា។

ប៉ុន្តែ​តុលាការ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដោយ​ផ្អែក​លើ​ហេតុផល​សុខភាព​និង​ការ​សហការ​ល្អ​របស់​លោក កឹម សុខា ជាមួយ​តុលាការ។ នេះ​បេី​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក កឹម សុខា បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សហមេធាវី​ការពារ​សិទ្ធិ​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ លើកលែង​បទ​ចោទ​មក​លើ​រូបលោក តែ​លោក​ថា «ប៉ុន្តែ​សេចក្តីសម្រេច​របស់​ចៅក្រម​ក្នុង​ថ្ងៃ​នេះ (អាទិត្យ) មិនមែន​ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ឡើយ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ»។

ពេល​នេះ លោក កឹម សុខា ត្រូវ​តុលាការ​ហាម​មិន​ឲ្យ​ធ្វេី​នយោបាយ មិន​ឲ្យ​ចេញក្រៅ​ប្រទេស​និង​ត្រូវ​សហការ​ជាមួយ​តុលាការ។ ប៉ុន្តែ​លោក​អាច​ដេីរ​ចេញ​ពី​ផ្ទះ​និង​ជួបជុំ​ពលរដ្ឋ ក្រុមគ្រួសារ​បាន​លេីកលែង​តែ «សកម្មភាពនយោបាយ» ដែល​គ្មាន​ការ​បញ្ជាក់​ច្បាស់​ថា ជា​អ្វី​ពិតប្រាកដ​ ដែល​ជា​សកម្មភាព​នយោបាយ ហើយ​បេី​មិន​ដូច្នោះ​ទេ តុលាការ​អាច​ឃុំ​លោក​វិញ។

លោក កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត បារាំង និង អាមេរិក កាលពីថ្ងៃចន្ទ សប្តាហ៍​មុន ហេីយ​បញ្ជាក់ថា សេរីភាព​របស់​លោក នៅ​រង​ការ​ រឹតត្បិត មិន​អាចនិយាយ​អ្វី​បាន​ដោយ​សារ ថា​ការ​ហាម​មិន​ឲ្យ​ធ្វេី​នយោបាយ​របស់​តុលាការ នោះ មិន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ជា​សម្មភាព​អ្វី​ ហើយ​ បទ​ចោទ​មក​លើ​រូប​លោក​ក៏​មិន​ទាន់​ត្រូវ​បាន​ទម្លាក់​ចោល។

នៅ​លេី​ហ្វេសប៊ុក​របស់​លោក លោក កឹម សុខា បាន​សរសេរ​ថា៖ «ក្នុង​នាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់ ដែល​ត្រូវ​បាន​រង​ការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​២​ឆ្នាំ មក​ហើយ ខ្ញុំ​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​រូបខ្ញុំ។ ខ្ញុំ​រំពឹង​ថា​សេចក្តី​សម្រេច​ក្នុង​ថ្ងៃ​នេះ​ គឺ​ជា​ជំហាន​ទី១​ ប៉ុន្តែ​រូបខ្ញុំ​ក៏​ ដូច​ជា ​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ នៅ​តែ​ត្រូវការ​ដំណោះស្រាយ​និង​យុត្តិធម៌​ពិត​ប្រាកដ»៕

XS
SM
MD
LG