ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ៖ ក្រសួង​យុត្តិធម៌​កំពុង​សិក្សា​លម្អិត​អំពី​ការបង្កើត​ច្បាប់​ភេរវកម្ម


លោក សេង ឌីណា ជា​អ្នកនាំពាក្យក្រសួងយុត្តិធម៌។ (FACEBOOK / ក្រសួងយុត្តិធម៌ Ministry of Justice)
លោក សេង ឌីណា ជា​អ្នកនាំពាក្យក្រសួងយុត្តិធម៌។ (FACEBOOK / ក្រសួងយុត្តិធម៌ Ministry of Justice)

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា ​ក្រសួង​កំពុង​សិក្សា​លម្អិត​អំពី​ការ​បង្កើត​ច្បាប់​មួយ​ប្រឆាំង​នឹង​អំពើភេរវកម្ម​។ ច្បាប់​នេះ​មាន​គោល​បំណង​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​ដែល​រដ្ឋាភិបាល​ចាត់​ទុកថា​ជា​«ក្រុម​ជ្រុល​និយម» «ក្រុមជន​អគតិ» និង«ក្រុមញុះញង់»។

លោក សេង ឌីណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​ថា ​ក្រសួង​យុត្តិធម៌​កំពុង​សិក្សាលម្អិត​លើទិដ្ឋភាព​ច្បាប់​ជុំវិញ​ការ​ធ្វើ​ច្បាប់​នេះ ជាពិសេស ​ពិនិត្យ​លើ​ជម្រើស​រវាង​ការធ្វើ​វិសោធន​កម្ម​ច្បាប់​ណាមួយ​ដែល​មាន​ស្រាប់ និង​ការរៀបចំ​ធ្វើ​ច្បាប់​ថ្មី​តែ​ម្តង។

មួយ​រយៈ​ចុង​ក្រោយ​នេះ មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​ការជេរ​ប្រមាថ​ពី​សំណាក់​អ្នក​រិះគន់​មួយ​ចំនួន​ទៅ​លើ​ថ្នាក់​ដឹកនាំ​នៅ​កម្ពុជា។

កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​កូន​ប្រុស​របស់​លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា បាន​បង្ហោះសារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ លោក​មិន​អាច​ទទួល​យក​បាន​នូវ​ទង្វើរបស់​មនុស្ស​មួយ​ក្រុម​ដែល​លោក​ហៅ​ថា​ជា​«ជន​អគតិ​មួយក្រុម» ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍អសុរស ប្រមាថ​សមាជិកក្រុម​គ្រួសារ​របស់​លោក។

លោក​លើក​ឡើង​ថា៖ «បើ​ទោះ​ពួកគេ​មិន​ទទួល​ស្គាល់​នូវ​ការ​លះ​បង់​របស់​ក្រុម​គ្រួសារ​ខ្ញុំ ក្នុង​បុព្វហេតុ​ជាតិ និងមាតុភូមិ​នា​ពេល​កន្លង​មក ក៏​គួរ​ពួកគេ​ត្រូវ​ទទួល​ស្គាល់​នូវភាព​ចាស់ទុំ​របស់​ពួកគាត់​ក្នុង​សង្គម​ខ្មែរ ដែល​មាន​អារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។

កាលពីខែ​វិច្ឆិកា ឆ្នាំ​មុន លោក ហ៊ុន សែន បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​ច្បាប់​ដើម្បី​ដាក់​អ្នក​នយោ​បាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស ដែល​លោក​ចាត់ទុក​ថា​ជាក្រុម​ញុះញង់​ឲ្យទៅជា​«ក្រុម​ភេរវកម្ម»។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា ​ការ​បង្កើត​ច្បាប់​ណាមួយ​ត្រូវ​មាន​ការ​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ពិគ្រោះ​យោបល់​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធានា​ថា ​វា​មាន​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​ និង​ប្រជាជន ហើយ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ថា ​ច្បាប់​នេះ​បង្កើត​ឡើង​ដើម្បី​គោល​ដៅ​នយោបាយណាមួយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG