ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ដឹកនាំ​​រដ្ឋាភិបាល​យោធា​ថៃ​ធានា​ថា ​«ប្រទេស​ថៃ​នឹង​ត្រឡប់​ទៅ​កាន់​លិទ្ធិ​ប្រជាធិបតេយ្យ​វិញ»


លោក Prayuth Chan-ocha នាយក​រដ្ឋ​មន្រ្តី​ថៃ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាយ​នៃ​កិច្ចសន្ទនា Shangri-la លើក​ទី១៥ របស់​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​អាស៊ី កាលពី​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០១៦ ក្នុង​ប្រទេស​សិង្ហបុរី។
លោក Prayuth Chan-ocha នាយក​រដ្ឋ​មន្រ្តី​ថៃ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាយ​នៃ​កិច្ចសន្ទនា Shangri-la លើក​ទី១៥ របស់​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​អាស៊ី កាលពី​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០១៦ ក្នុង​ប្រទេស​សិង្ហបុរី។

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​យោធា​របស់​ថៃ លោក ​Prayuth Chan-ocha ​បាន​ការពារ​ការ​ដណ្តើម​អំណាច​កាល​ពី​ពីរ​ឆ្នាំ​មុន ដោយ​អះអាង​ថា​ដើម្បី​ចៀស​វាង​ចលាចល​វែង​ឆ្ងាយ ​ឬ​ «សង្រ្គាម​ស៊ីវិល»។

លោក ​Prayuth ​ដែល​ជា​មេ​បញ្ជាការ​កង​ទ័ព​ បាន​ដឹក​នាំ​រដ្ឋ​ប្រហារ​ដែល​គ្មាន​ការ​បង្ហូរ​ឈាម​មួយ​ កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៤ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី។ កាលពី​ដើម​ខែ​មិថុនា​ លោក​បាន​ប្រាប់​មេដឹកនាំ​ដែល​បាន​ចូល​រួម​កិច្ចប្រជុំ​សន្តិសុខ​តំបន់​ថា៖ «ខ្ញុំ​អាច​ធានា​បាន​ថា​ប្រទេស​ថៃ​នឹង​ត្រឡប់​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​វិញ»។

ការ​ក្តោប​ក្តាប់​អំណាច​ដោយ​ពួក​យោធា ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​ទន់​ខ្សោយ​មួយ​ចេញ​ពី​តំណែង​ ត្រូវ​ការ​ជា​ចាំ​បាច់​ «ដើម្បី​ដាក់​ប្រទេស​នេះ​ឲ្យ​ស្ថិត​នៅ​លើ​ដំណើរការ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់» និង​ដើម្បី​ការពារ​ការ​ខូចខាត​បន្ថែម​ទៀត​ទៅ​លើ​សេដ្ឋកិច្ច​របស់​រាជាណាចក្រ​មួយ​នេះ​ ដែល​បាន​បាត់​បង់​លំនឹង​របស់​ខ្លួន។

ពួក​យោធា​នៅ​តែ​បន្ត​កាន់​អំណាច​នៅ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​របស់​ព្រះ​មហាក្សត្រ​ Bhumibol ដែល​មាន​ព្រះជន្ម​៨៨​ព្រះ​វស្សា ​និង​ជា​ស្តេច​ដែល​គ្រង​រាជ្យ​យូរ​ជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក។ ​ព្រះ​អង្គ​បាន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ស្ទើរ​តែ​គ្រប់​ពេល​វេលា​ទាំង​នោះ ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ដោយ​ធ្វើ​ការ​វាយ​បក​ទៅ​លើ​ការ​រិះគន់​ពី​សំណាក់​អន្តរជាតិ​អំពី​ការ​ឡើង​កាន់​អំណាច​របស់​យោធា និង​ការ​ធ្លាក់​ចុះ​សេរីភាព​ជន​ស៊ីវិល លោក Prayuth បាន​និយាយ​ថា៖ «យើង​មិន​មាន​បំណង​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ។ វិធានការ​ទាំង​អស់​របស់​យើង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្នែក​លើ​នីតិរដ្ឋ»។

រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​ត្រូវ​បានព្រាង​ឡើង​ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ពី​យោធា ហើយ​នឹង​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ប្រជាមតិ​នៅ​ក្នុង​ខែ​សីហា​នេះ​ ប៉ុន្តែ​ការ​តស៊ូ​មិត​អំពី​រដ្ឋ​ធម្មនុញ្ញ​នេះ​ត្រូវ​បាន​គេ​រឹតត្បិត។ ការណ៍​នេះ​ត្រូវ​បាន​គេ​រិះគន់​នៅ​គ្រប់​មជ្ឈដ្ឋាន​នយោបាយ​ក្នុង​ស្រុក​ទាំង​អស់។​

លោក ​Prayuth​ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា ការ​បដិសេធ​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​អាច​នឹង​ពន្យារពេល​បោះឆ្នោត​សម្រាប់​រដ្ឋាភិបាល​ថ្មី ហើយ​ថា​លោក​អាច​នឹង​ត្រូវ​កាន់​អំណាច​បន្ត​ទៀត «បើ​ទោះ​ណា​ជា​អ្នក​គ្រប់​គ្នា​ស្អប់​ខ្ញុំ​ខ្លាំង​ប៉ុន​ណា​ក៏​ដោយ»។

ប្រទេស​ថៃ​ជា​សម្ព័ន្ធ​យោធា​អាមេរិក​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ក្នុង​សង្រ្គាម​ត្រជាក់​ និង​សង្រ្គាម​វៀតណាម​ ប៉ុន្តែ​សព្វថ្ងៃ​ស្ថិត​នៅ​ក្រោយ​រដ្ឋាភិបាល​យោធា​ប្រទេស​មួយ​នេះ​បែរជា​មាន​ចំណង​ពាណិជ្ជកម្ម និង​សន្តិសុខ​ល្អ​ជាមួយ​ប្រទេស​ចិន ​និង​រុស្ស៊ី ​បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​រដ្ឋ​ប្រហារ ​និង​ក្តី​បារម្ភ​របស់​ខ្លួន​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ និង​ការយឺត​យ៉ាវ​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​ឡើង​វិញ។

លោក ​Prayuth​ និយាយ​ថា ប្រទេស​ថៃ​ និង​ប្រទេស​តូច​និង​មធ្យម​ផ្សេង​ទៀត​ «កំពុង​គេច​ចេញ​ពី​អន្ទាក់​ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រកាន់​បក្ខ​ពួក»។

លោក​បាន​ថ្លែង​សុន្ទរកថា​របស់​លោក​នៅ​ពេល​អាហារ​ពេល​ល្ងាច​ក្នុង​ពិធី​ជួប​ជុំ​មួយ​ដែល​គេ​ស្គាល់​ថា «កិច្ចសន្ទនា Shangri-La»។ មន្ត្រី​ប្រតិភូ​ អ្នក​វិភាគ​បញ្ហា​សន្តិសុខ និង​បញ្ញវន្ត​មក​ពី​ប្រទេស​ជាង​៥០​បាន​ចូលរួម​ជា​ភ្ញៀវ​ក្នុង​កិច្ច​ជួប​ជុំ​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG