របាយកាណ៍ថ្មីមួយបានឲ្យដឹងថា ចំនួនអ្នកសារព័ត៌មានដែលត្រូវបានគេធ្វើឃាតដោយសារតែការប្រកបការងាររបស់ពួកគេ បានកើនឡើងទ្វេដងនៅក្នុងឆ្នាំ ២០២០ ស្របពេលក្រុមជនអន្ធពាល និងក្រុមយោធាព្យាយាមបញ្ឈប់ការរាយការណ៍របស់ពួកគេ តាមរយ:ការប្រើប្រាស់ហិង្សា។
យ៉ាងហោចណាស់មានអ្នកកាសែត ៣០ នាក់បានស្លាប់នៅចន្លោះថ្ងៃទី០១ ខែមករា និងថ្ងៃទី ១៥ ខែធ្នូ ដែល ២១ នាក់ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេធ្វើឃាត ដែលនេះជាចំនួនកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានតែ ១០ នាក់ប៉ុណ្ណោះ។ ក្រៅពីការធ្វើឃាត អ្នកកាសែតផ្សេងៗទៀតត្រូវបានស្លាប់ក្នុងការអំឡុងប៉ះទង្គិចគ្នាដោយអាវុធ ឬក្នុងពេលចុះយកព័ត៌មាន។ នេះបើតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញដោយអង្គការ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន ហៅកាត់ថា CPJ។
ប្រទេសម៉ិកសិកមានអត្រាស្លាប់របស់អ្នកកាសែតច្រើនជាងគេបំផុត តាមពីក្រោយយ៉ាងប្រកៀក ដោយប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងហ្វីលីពិន។ ចំនួននៃការស្លាប់របស់អ្នកកាសែតនេះ មិនរាប់បញ្ចូលការធ្វើឃាតលើអ្នកកាសែតដ៏លេចធ្លោមួយរូបរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃច័ន្ទ នៅភាគខាងកើតខេត្ត Ghazni ទេ។
លោក Rahmatullah Nikzad ដែលជាមេដឹកនាំសហជីពសារព័ត៌មានក្នុងស្រុកមួយរូប គឺជាអ្នកកាសែតទី៥ ហើយ ដែលត្រូវបានគេសម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយ:ពេលពីរខែចុងក្រោយនេះ។ ការវាយប្រហារ ក៏បានផ្ដាច់ជីវិតលោក Elyas Dayee អ្នកកាសែតរបស់វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព RFERL ផ្នែកភាសាអាហ្វហ្គានីស្ថានផងដែរ។
អង្គការ CPJ បានរកឃើញថា ក្រុមជួញដូរគ្រឿងញៀន ក្រុមឧក្រិដ្ឋជន និងក្រុមយោធា នៅក្នុងប្រទេសមានរបបប្រជាធិបតេយ្យ តែប្រកបដោយអំពើហិង្សា ជាអ្នកទទួលខុសត្រូវលើការកើនឡើងទ្វេដងនៃការធ្វើឃាតអ្នកកាសែតក្នុងឆ្នាំ២០២០នេះ៕