អាជ្ញាធរខេត្តកោះកុងបានចោទប្រកាន់អ្នកសារព័ត៌មានម្នាក់ថាស្ថិតក្នុងចំណោមក្រុមបុគ្គលដែលចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបូទុមសាគរក្នុងខេត្តកោះកុង។
បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងចុះហត្ថលេខាដោយអភិបាលខេត្តអ្នកស្រី មិថុនា ភូថង កាលពីថ្ងៃទី២៦ ខែកញ្ញា លោក យួន ឈីវនាយកគ្រប់គ្រងសារព័ត៌មាន«កោះកុងព័ត៌មានទាន់ហេតុការណ៍» (Koh Kong Hot News) ត្រូវបានចោទប្រកាន់ថា បានធ្វើសេចក្តីរាយការណ៍«ខុសពីការពិតខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌» ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តដែលនៅជាប់ប្រទេសថៃមួយនេះ។
រដ្ឋបាលខេត្តកោះកុងបានបង្ហាញនូវកាលបរិច្ឆេទមួយចំនួនដែលបញ្ជាក់ពីការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ Koh Kong Hot News និងគណនីហ្វេសប៊ុកឈ្មោះយួន ឈីវ ដែលកាលពីថ្ងៃទី២១ខែកញ្ញា ដែលបានចុះផ្សាយអត្ថបទមានខ្លឹមសារថា លោកសុខ សុទ្ធី ដែលជាអភិបាលរងខេត្តកោះកុងមិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋហើយអាជ្ញាធរខេត្តកោះកុងដឹកនាំដោយលោកសុខ សុទ្ធី មកកាប់ដំណាំនិងផ្ទះប្រជាពលរដ្ឋគ្មានញញើតដៃបន្ទាប់ពីអនុក្រឹត្យលេខ៣០អនក្រ.បកចុះថ្ងៃទី២ ខែមិថុនាឆ្នាំ២០២១។
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងថ្លែងថា៖ «រដ្ឋបាលស្រុកបូទុមសាគរបានចេញលិខិតជូនដំណឹងចំនួន២ដងឲ្យបុគ្គលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់សាងសង់ខ្ទមអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបូទុមសាគរឲ្យធ្វើការរុះរើផ្ទះខ្ទមទាំងឡាយចេញពីទីតាំងនេះដោយខ្លួនឯងប៉ុន្តែបុគ្គលទន្ទ្រានកាន់កាប់ដីរដ្ឋទាំងអស់នោះរឹងទទឹងមិនព្រមសហការអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ»។
រដ្ឋបាលខេត្តកោះកុងសង្កត់ធ្ងន់ថា៖ «ក្នុងចំណោមបុគ្គលដែលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ហើយត្រូវបានរដ្ឋបាលខេត្តកោះកុងអនុវត្តវិធានរដ្ឋបាលក្នុងនោះក៏មានបុគ្គលឈ្មោះយួនឈីវ ដែលជាអ្នកសារព័ត៌មាននេះផងដែរទើបបណ្តាលឲ្យបុគ្គលនេះខំប្រឹងផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតដូច្នេះ»៕