ទីផ្សារភាគហ៊ុនជប៉ុនបានធ្លាក់ចុះខ្លាំងកាលពីថ្ងៃចន្ទ ដោយសន្ទស្សន៍ផ្សារភាគហ៊ុន Nikkei ២២៥ របស់ជប៉ុន ធ្លាក់ខ្លាំងជាងគេក្នុងមួយថ្ងៃមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារការភ័យខ្លាចប្រាក់យ៉េន ជប៉ុនថ្លៃជាងមុននិងលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក។
ក្នុងការប្រញាប់លក់ហ៊ុនចេញភ្លាមៗនៅតាមទីផ្សារភាគហ៊ុនទូទាំងតំបន់អាស៊ី ផ្សារ Nikkei បានបិទដោយភាគហ៊ុនធ្លាក់ចុះ១២,៤% ដូចទៅនឹងការដាំក្បាលចុះនៃផ្សារភាគហ៊ុនក្នុងព្រឹត្តិការណ៍«Black Monday»នៅឆ្នាំ១៩៨៧ដែរ។
ការជួញដូរភាគហ៊ុននៅជប៉ុនត្រូវបានផ្អាក ដើម្បីបង្ការការប្រញេបប្រញាប់លក់ហ៊ុនចេញ ក្រោយពីការធ្លាក់ចុះនេះ បានញ៉ាំងឲ្យមានការបិទការជួញដូរផ្សារភ្លាមៗ ដែលត្រូវរចនាឡើងដើម្បីកុំឲ្យភាគហ៊ុនផ្សារធ្លាក់ចុះធ្ងន់ធ្ងរពេក។ ការភ័យខ្លាចនេះ ក៏ញ៉ាំងឲ្យមានការបិទផ្អាកការជួញដូរភាគហ៊ុនភ្លាមៗនៅកូរ៉េខាងត្បូង ដែលនៅទីនោះ ផ្សារភាគហ៊ុនសំខាន់ ក៏ធ្លាក់ចុះជិត៩%ដែរ។
នៅតៃវ៉ាន់ ភាគហ៊ុនដាំក្បាលចុះជាង៨% ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងមួយថ្ងៃក្នុងប្រវត្តិសាស្ត្រផ្សារហ៊ុននៅកោះនោះ។ ភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេក្នុងពិភពលោក បានធ្លាក់ចុះជិត១០%។