កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសជប៉ុននិងឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាពន្លឿនការពិភាក្សាអំពីផ្នែកការពារជាតិនិងពាណិជ្ជកម្ម ដោយសារមានការព្រួមបារម្ភរួមគ្នាអំពីការពង្រីកឥទ្ធិពលរបស់ចិននៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងដំណើរទស្សនកិច្ចរយ:ពេល ៤ ថ្ងៃទៅកាន់ប្រទេសវៀតណាមនិងឥណ្ឌូណេស៊ី។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុតរបស់លោក បន្ទាប់ពីលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក Shinzo Abe កាលពីខែកញ្ញាមក។
ដើម្បីលើកកម្ពស់យុទ្ធនាការសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ «ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ» លោក Suga បានអំពាវនាវឲ្យមានការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរបែបជំនួញរវាងប្រទេសដែលរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងសម្របសម្រួលនូវកិច្ចប្រឹងប្រែងផ្នែកការពារជាតិនៅតំបន់សមុទ្រចិនខាងត្បូង។
លោក Joko ថា ការរឹតចំណងទាក់ទងរវាងរដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលហ្សាការតា ពិតជាសំខាន់ណាស់ ជាពិសេសនៅពេលមានភាពមិនចុះសម្រុងគ្នាដែលកាន់តែកើនឡើងខ្លាំងរវាងសហរដ្ឋអាមេរិកនិងចិន៕