លោក Usain Bolt ធ្លាប់តែមានតំណែងជាកីឡាកររត់ប្រណាំងដ៏លឿនជាងគេបំផុតនៅក្នុងពិភពលោក នៅក្នុងការប្រកួតកីឡាអូឡាំពិកជាច្រើនដង។
ប៉ុន្តែនៅពេលនេះ តំណែងនេះបានទៅលើកីឡាករអ៊ីតាលីដែលកើតក្នុងរដ្ឋតិចសាសគឺលោក Lamont Marcell Jacobs អាយុ២៦ឆ្នាំ ដែលឈ្នះក្នុងការរត់ប្រណាំងបុរសចម្ងាយ១០០ម៉ែត្រក្នុងថេរវេលា៩វិនាទី៨ ដោយបានមេដាយមាសជាលើកដំបូងក្នុងវិញ្ញាសារត់ប្រណាំងនៅអូឡាំពិកសម្រាប់ប្រទេសអ៊ីតាលី។
លោក Fred Kerley កីឡាករអាមេរិកជាប់លំដាប់លេខ២ ដោយចំណាយពេល៩វិនាទី៨៤។ លោកនិយាយថា «ខ្ញុំមិនធ្លាប់ដឹងអំពីលោក Jacobs ទេ»។
ចំណែកកីឡាករជាប់លេខបីមកពីប្រទេសកាណាដា លោក Andre DeGrasse វិញនិយាយថា «ខ្ញុំមិនរំពឹងថា កីឡាករអ៊ីតាលីរត់តែ៩វិនាទី៨ទេ។ ខ្ញុំគិតថា គូប្រជែងដ៏សំខាន់របស់ខ្ញុំគឺកីឡាករអាមេរិកឯណោះទេ»។ លោក DeGrasse ទទួលបានមេដាយសំរឹទ្ធិ ដោយរត់ក្នុងថេរវេលា៩វិនាទី៨៩។
ប៉ុន្តែនៅពេលនេះទើបពួកគេដឹងថា លោក Jacobs ឈ្នះនិងបានមេដាយមាសសម្រាប់ប្រទេសរបស់លោក។
ចំណែកការរត់ប្រណាំង១០០ម៉ែត្រផ្លោះរបាំងសម្រាប់នារីវិញ នាង Jasmine Camacho-Quinn មកពីដែនដី Puerto Rico បានឈ្នះមេដាយមាស។ នាងកើតនៅក្នុងសហរដ្ឋអាមេរិក និងសិក្សានៅមហាវិទ្យាល័យក្នុងរដ្ឋ Kentucky។ នាងបានសម្រេចចិត្តចូលរួមប្រកួតតំណាងឲ្យដែនដី Puerto Rico ដោយសារម្តាយនាងជាជនជាតិ Puerto Rico។
ការប្រកួតគួរឲ្យចាប់អារម្មណ៍មួយទៀតគឺបុរសលោតកម្ពស់ពីរនាក់បានចំណាត់ថ្នាក់លេខមួយស្មើគ្នា បន្ទាប់ពីពួកគេបានទាក់បីដងនៅកំណត់ត្រាអូឡាំពិកកម្ពស់២,៣៩ម៉ែត្រ។ មន្រ្តីម្នាក់បានប្រាប់លោក Gianmarco Tamberi កីឡាករប្រទេសអ៊ីតាលី និងលោក Mutaz Essa Barshim កីឡាករប្រទេសកាតាថា ពួកគេបានមេដាយមាសរួមគ្នា ហើយអត្តពលិកទាំងពីរនាក់បានសម្រេចដូច្នេះ។
នៅក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនៅកីឡាអូឡាំងពិកក្រុងតូក្យូគឺកីឡាការិនីម្នាក់រត់ចម្ងាយ១៥០០ម៉ែត្របានដួលលើកីឡាការិនីម្នាក់ដែលបានដួលមុន។
នាង Sifan Hassan កីឡាការិនីជនជាតិហូឡង់ដើមកំណើតអេត្យូពីបានព្យាយាមលោតរំលងមិនផុតនាង Edinah Jebitok នៃប្រទេសកេនយ៉ា ដែលដួល។ ប៉ុន្តែនាង Hassan មិនព្រងើយកន្តើយនឹងរង្វាន់ឡើយ។ នាងបានស្ទុះក្រោកយ៉ាងឆាប់រហ័ស ហើយរត់វ៉ាម្នាក់ហើយម្នាក់ទៀត ដោយរត់រយៈពេល៤នាទីនិង៥វិនាទី១៧ ហើយឈ្នះឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
(ព័ត៌មានមួយចំនួនក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មានAP)