ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ប្រទេស​អ៊ីស្រាអ៊ែល និង​ព្រឹត្តិការណ៍​បន្ទាប់​ដែល​គេ​មិនទាន់​ដឹង


ទង់ជាតិរបស់ប្រទេសអ៊ីស្រាអែល។
ទង់ជាតិរបស់ប្រទេសអ៊ីស្រាអែល។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំងក្នុង​ប្រទេស​អ៊ីស្រាអែល ជិត​បាន​សម្រេច​គោលដៅ​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នៅ​ក្នុង​ការទម្លាក់​លោក Benjamin Netanyahu នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បច្ចុប្បន្ន ​និង​បង្កើត​រដ្ឋាភិបាលថ្មី​មួយ បន្ទាប់​ពី​មាន​ការឯកភាព​គ្នា​ជា​មួយ​គណបក្ស​ផ្សេង​ទៀត។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​នាំទៅ​ដល់​កិច្ចព្រម​ព្រៀងគណបក្ស​ចម្រុះ​មួយ រវាង​ប្រធាន​គណបក្ស​កណ្តាល​និយម​លោក Yair Lapid និងប្រធាន​បក្សស្តាំ​និយម​របស់​លោក Naftali Bennett។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​នឹង​មានអ្វី​កើត​ឡើង​បន្ទាប់​ពី​នោះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ អ៊ីស្រាអែល​បាន​ធ្វើ​ការបោះ​ឆ្នោត​ជា​លើក​ទី​៤​ ក្នុង​រយៈ​ពេល​តែ​២ឆ្នាំ​ប៉ុណ្ណោះ។ ដូច​ការ​បោះ​ឆ្នោតលើក​មុនៗ​ដែរ​ ការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៣​ ខែមីនា​នោះ មិន​មាន​គណបក្ស​ណា​មួយ​ឈ្នះ​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋសភា​អ៊ីស្រាអែល​ដែល​មានអាសនៈ​១២០ ​នោះ​ទេ។

ការ​បោះ​ឆ្នោត​ពេល​នោះ​ បាន​ធ្វើ​ឲ្យ​គណបក្សនិយម​កណ្តាល Yesh Atid របស់​លោក Lapid ឈ្នះ​ក្នុង​លំដាប់​ទី២ ហើយគណបក្ស​ស្តាំ​និយម Yamina របស់​លោក Bennett បាន​ទទួល​អាសនៈ​សភាចំនួនតែ៦​ប៉ុណ្ណោះ​ ប៉ុន្តែសំឡេង​នេះ​ បាន​ធ្វើឲ្យ​គណបក្ស​លោក Bennett ក្លាយ​ជាអ្នក​សម្រេច​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ។

នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ប្រធានាធិបតី​អ៊ីស្រាអែល​លោក Reuven Rivlin បាន​ទុក​ពេល​ឲ្យ​លោក Netanyahu ចំនួន​២៨​ថ្ងៃ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ។ លោក Netanyahu បាន​ព្យាយាម​បញ្ចុះ​បញ្ជូល​គណបក្សស្តាំនិយម​ និង​គណបក្ស​សាសនា​តូចៗ​មួយ​ចំនួនឲ្យ​គាំទ្រ​លោក ប៉ុន្តែ​មិន​បាន​សម្រេច​ជោគជ័យ។

នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា​ ឆ្នាំ​២០២១ ប្រធានាធិបតីអ៊ីស្រាអែល បាន​ងាក​ទៅ​រក​គណបក្ស​កណ្តាល​និយម​របស់​លោក Lapid ដើម្បី​ព្យាយាម​បង្កើត «រដ្ឋាភិបាល​មួយ​ដែល​មាន​ការ​ផ្លាស់​ប្តូរ» ដែល​មិនទំនង​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​ចម្រុះ​ស្តាំ​និយម​ គណបក្ស​កណ្តាល​និយម​ និង​គណបក្ស​ឆ្វេង​និយម​នោះ​ទេ។

នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ​ ប្រធាន​គណបក្ស​ស្តាំ​និយម​លោក Bennett បាន​ប្រកាស​ចូល​រួម​គាំទ្រ​គណបក្សនិយម​កណ្តាល​ដើម្បី​ទម្លាក់​នាយក​រដ្ឋមន្ត្រី​លោក Netanyahu ដែល​កំពុង​កាន់​អំណាច។

លោក Lapid នៃ​គណបក្ស​កណ្តាល​និយម​ មាន​ពេល​ត្រឹម​ពាក់​កណ្តាល​អាធ្រាត​ ថ្ងៃពុធ​នេះ​ ក្នុង​ការរក​សំឡេង​គាំទ្រភាគ​ច្រើន​។ ក្នុង​ករណី​ពុំមាន​បេក្ខជន​ណា​មួយ​ត្រូវ​បាន​ជ្រើស​រើស​ក្នុង​រយៈ​ពេល​២១​ថ្ងៃ​ខាង​មុខ​នេះ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣​ ខែមិថុនា សភាអ៊ីស្រាអែល​ត្រូវ​រំលាយ​ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​បន្ទាប់​ពី​នោះ៕

XS
SM
MD
LG