យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានវាយប្រហារតាមដ្រូននៅក្នុងក្រុង Jenin ដែលអ៊ីស្រាអែលកាន់កាប់ក្នុងតំបន់ West Bank កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ជនម្នាក់ជាប់សង្ស័យថាជាជនសកម្មប្រយុទ្ធនៃក្រុមអ៊ិស្លាម Jihad។
សេចក្តីថ្លែងការណ៍មួយរបស់កងយោធា បានឱ្យដឹងថា ឈ្មោះ Yasser Hanoun កំពុងរៀបចំការបាញ់ប្រហារមួយ។ សេចក្តីថ្លែងការណ៍នេះមិនបានផ្តល់សេចក្តីលម្អិតថែមទៀតទេ។ កងយោធាបានថ្លែងថា បុរសឈ្មោះ Hanoun មានទាក់ទិននឹងការបាញ់ប្រហារកាលពីពេលមុនៗដោយក្រុមអ៊ិស្លាម Jihad។
គេឃើញមានកំណើនអំពើហិង្សានៅតំបន់ West Bank តាំងពីការវាយប្រហារដោយក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាមក។
អ៊ីស្រាអែលនិយាយថា ការប៉ុនប៉ងថ្មីកំពុងដំណើរការដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ននៅហ្គាហ្សា និងធានាបាននូវការដោះលែងចំណាប់ខ្មាំង ១០០ នាក់ ឬច្រើនជាងនេះ ដែលពួកសកម្មប្រយុទ្ធចាប់ឃុំខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការប៉ុនប៉ងទាំងនោះរួមមានការបញ្ជូនអ្នកចរចានៅថ្ងៃសុក្រនេះ ដើម្បីចរចាបទឈប់បាញ់នៅទីក្រុងប៉ារីស។ នាយកអង្គភាពសេវាស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល នឹងដឹកនាំក្រុម។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Brett McGurk កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាល «នឹងពង្រីកសិទ្ធិអំណាចដែលបានផ្តល់ឱ្យអ្នកចរចាចំណាប់ខ្មាំងរបស់យើង»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Rueters។
វេទិកាបញ្ចេញមតិ