ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​នៃ​យោធា​អ៊ីស្រាអែល​លាលែង​ពី​តំណែង


រូបឯកសារ៖ លោក​ឧត្តមសេនីយ៍​ទោ Aharon Haliva មេដឹកនាំ​បញ្ជាការដ្ឋាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់អ៊ីស្រាអែល ថ្លែងនៅក្នុងវេទិកាមួយ កាលពីឆ្នាំ២០២២។
រូបឯកសារ៖ លោក​ឧត្តមសេនីយ៍​ទោ Aharon Haliva មេដឹកនាំ​បញ្ជាការដ្ឋាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់អ៊ីស្រាអែល ថ្លែងនៅក្នុងវេទិកាមួយ កាលពីឆ្នាំ២០២២។

យោធា​អ៊ីស្រាអែល​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មេដឹកនាំ​បញ្ជាការដ្ឋាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​ខ្លួន​បាន​លាលែង​ពី​តំណែង​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់ (Hamas) លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន។

លោក​ឧត្តមសេនីយ៍​ទោ Aharon Haliva បាន​ទទួល​ខុសត្រូវ​ជា​សាធារណៈ​រួចហើយ​ចំពោះ​ការ​បរាជ័យ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ដែល​ឈាន​ទៅ​ដល់​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​នេះ។ នៅ ក្នុង​ការ​វាយ​ប្រហារ​នោះ អ៊ីស្រាអែល​ថា​ក្រុម​នេះ​បាន​សម្លាប់​មនុស្ស ១.២០០ នាក់​និង​ចាប់​មនុស្ស​ប្រហែល ២៥០ នាក់​ធ្វើជា​ចំណាប់ខ្មាំង។

យោធា​អ៊ីស្រាអែល​បាន​បញ្ចេញលិខិត​លាលែង​ពី​តំណែង​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ​ពី​លោក Haliva និង​បាន​បញ្ជាក់​ថា លោក​នឹង​ចុះចេញ​ពី​តំណែង​និង​ចូល​និវត្តន៍​នៅ​ពេល​ណា​ដែល​អ្នក​កាន់​តំណែង​ជំនួស​លោក​ត្រូវបាន​ជ្រើសរើស។

លោក Haliva គឺជា​មន្ត្រី​ជាន់ខ្ពស់​ដំបូង​បង្អស់​ដែល​ចុះចេញ​ពី​តំណែង​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​នេះ។

អ៊ីស្រាអែល​បាន​ឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​នេះ​ដោយ​ការ​ធ្វើ​យុទ្ធនាការ​វាយ​ប្រហារ​នៅក្នុង​តំបន់​ហ្កាហ្សា (Gaza) ដែល​ខ្លួន​ថា​មាន​បំណង​កម្ទេច​ក្រុម​ហាម៉ាស់​និង​ធានា​យ៉ាងណា​មិន​ឱ្យ​ក្រុម​នេះ​ធ្វើ​ការ​វាយ​ប្រហារ​ម្ដងទៀត​លើ​អ៊ីស្រាអែល។

យុទ្ធនាការ​របស់​អ៊ីស្រាអែល​នេះ​បាន​ធ្វើ​ឱ្យ​ផ្នែក​ភាគច្រើន​នៃ​តំបន់​ហ្កាហ្សា​រង​ការ​បំផ្លិចបំផ្លាញ​និង​បង្ខំ​ឱ្យ​ប្រជាជន​តំបន់​នេះ​ប្រហែល​បី​ភាគ​បួន​ភៀសខ្លួន​ពី​ផ្ទះ​សម្បែង។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។

ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​បាន​លើកឡើង​ថា សកម្មភាព​របស់​យោធា​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង ៣៤.០០០ នាក់ ដែល​ពីរ​ភាគ​បី​នៃ​អ្នក​ទាំងនេះ​គឺជា​ស្ត្រី​និង​កុមារ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​គំរាម​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​ពេល​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សម្រាក Passover របស់​ជាតិសាសន៍​ជ្វីហ្វ​ចូល​មក​ដល់​ថា​នឹង «វាយ​ប្រហារ​បន្ថែម​ទៀត​ដ៏​ឈឺចាប់» លើ​ក្រុម​ហាម៉ាស់​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ជាប់​ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG