រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយកាលពីថ្ងៃអង្គារថាអ៊ីស្រាអែលនឹងត្រួតត្រាសន្តិសុខលើតំបន់ហ្កាហ្សាបន្ទាប់ពីសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងកងជីវពលហាម៉ាស់។
លោក Katz បានចុះផ្សាយលើប្រព័ន្ធសង្គម X ថា «បន្ទាប់ពីការលុបបំបាត់យោធារបស់ក្រុមហាម៉ាស់និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងតំបន់ហ្កាហ្សាមក អ៊ីស្រាអែលនឹងត្រួតត្រាសន្តិសុខលើតំបន់ហ្កាហ្សាដោយអាចធ្វើសកម្មភាពបានពេញលេញ»។
លោកបានប្រៀបធៀបទស្សនៈវិស័យសម្រាប់តំបន់ហ្កាហ្សាទៅនឹងស្ថានភាពនៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ជាទីកន្លែងដែលកងទ័ពអ៊ីស្រាអែលបានវាយឆ្មក់ជាប្រចាំដែលពួកគេនិយាយថាមានគោលបំណងបង្អាក់សកម្មភាពភេរវកម្ម។
អ៊ីស្រាអែលបាននិយាយថាសង្គ្រាមរបស់ខ្លួនមានគោលបំណងរួមបញ្ចូលទាំងការធ្វើឱ្យប្រាកដថាយោធាបានផ្តួលក្រុមហាម៉ាស់ហើយនឹងធ្វើឱ្យប្រាកដថាពួកកងជីវពលនេះមិនអាចវាយប្រហារអ៊ីស្រាអែលដូចដែលក្រុមហាម៉ាស់បានធ្វើនៅក្នុងការវាយប្រហារនៅខែតុលា ឆ្នាំ២០២៣ដែលបានសម្លាប់មនុស្សជាង១.២០០នាក់។
ការត្រួតត្រារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សានឹងខុសពីទស្សនៈក្រោយសង្គ្រាមរបស់សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិនិងប្រទេសផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកAntony Blinkenបាននិយាយកាលពីខែតុលាថាសង្គ្រាមក្នុងតំបន់ហ្កាហ្សាត្រូវតែបញ្ចប់ «នៅក្នុងរបៀបមួយដែលធ្វើឱ្យក្រុមហាម៉ាស់នៅក្រៅតំបន់នោះនិងធ្វើឱ្យប្រាកដថាអ៊ីស្រាអែលមិនស្ថិតនៅតំបន់នោះ»៕