អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwarដែលជាស្ថាបនិកនៃការវាយប្រហារភេរវកម្មថ្ងៃទី៧ តុលារបស់ក្រុមសកម្មប្រយុទ្ធដែលបានបណ្តាលឱ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា។
កងទ័ពអ៊ីស្រាអែល ដែលទំនងជាចៃដន្យនិងមិនបានដឹងពីទីកន្លែងរបស់លោក Sinwar បានជួបប្រទះលោកនិងជនសកម្មប្រយុទ្ធ២នាក់ទៀតនៅក្នុងអគារមួយកន្លែងនៅតំបន់ហ្កាហ្សាភាគខាងត្បូងហើយបានបើកការបាញ់ប្រហារ។ អ៊ីស្រាអែលស្ទើរតែសង្ស័យភ្លាមៗថាខ្លួនបានសម្លាប់លោក Sinwarអាយុ៦១ឆ្នាំ ក៏ប៉ុន្តែបានបញ្ជាក់ការសម្លាប់នេះ ក្រោយការស៊ើបអង្កេតរាប់សិបម៉ោង រួមទាំងការពិនិត្យ DNAនិងលទ្ធផលនៃធ្មេញរបស់ជននោះ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោកIsrael Katzបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ឃាតករសម្លាប់មនុស្សដ៏ច្រើន Yahya Sinwarដែលជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនិងអំពើព្រៃផ្សៃនៃការវាយប្រហារថ្ងៃទី៧ តុលា បានត្រូវសម្លាប់នៅថ្ងៃនេះដោយទាហានអ៊ីស្រាអែល»។
លោក Katzបានហៅការសម្លាប់លោក Sinwarថាជា៖ «សមិទ្ធផលខាងយោធានិងសីលធម៌សម្រាប់កងទ័ពអ៊ីស្រាអែល»។
លោកបាននិយាយទៀតថា៖ «ឃាតកម្ម Sinwarនឹងធ្វើឱ្យមានការដោះលែងជាបន្ទាន់នូវចំណាប់ខ្មាំងហើយនឹងធ្វើឱ្យមានការផ្លាស់ប្តូរដែលនឹងនាំឱ្យមានតថភាពថ្មីមួយនៅក្នុងតំបន់ហ្កាហ្សា ដែលមានន័យថាគ្មានក្រុមហាម៉ាស់និងគ្មានការត្រួតត្រារបស់អ៊ីរ៉ង់»។
ក៏ប៉ុន្តែ ផលប៉ះពាល់ភ្លាមៗនៃការស្លាប់របស់លោក Sinwarនៅមិនប្រាកដនៅឡើយទេ។ ការពិភាក្សាការឈប់បាញ់គ្នានៅក្នុងការប្រយុទ្ធនៅតំបន់ហ្កាហ្សាបាននៅជាប់គាំងអស់ជាច្រើនខែ ដោយទាំងក្រុមហាម៉ាស់និងអ៊ីស្រាអែលប្រឆាំងនឹងសេចក្តីលម្អិតនៅក្នុងការបញ្ឈប់ជម្លោះនោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូដែលត្រូវបានថតទុកជាភាសា Hebrew បន្ទាប់ពីការស្លាប់របស់លោក Sinwar បានប្រាប់ពួកអ្នកស្រុកហ្កាហ្សាថា «លោក Sinwarបានបំផ្លាញជីវិតរបស់យើង» ដោយលោកនិយាយថាវាជាឱកាសរបស់ពួកគេដើម្បីកម្ចាត់របបកំណាចផ្តាច់ការរបស់ជននេះ៕
វេទិកាបញ្ចេញមតិ