សពរបស់ជនរងគ្រោះអំបូរជាតិជ្វីស៤នាក់ពីការវាយប្រហារភេរវកម្មកាលពីសប្តាហ៍មុនក្នុងទីក្រុងប៉ារីស ឥឡូវនេះបានស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ដែលនៅទីនោះក្រុមមន្រ្តីរដ្ឋកំពុងចូលរួមពិធីបុណ្យសពរួមគ្នាមួយនៅថ្ងៃអង្គារនេះ។
សពរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ហាងលក់គ្រឿងទេសសម្រាប់អាហារជនជាតិជ្វីសកាលពីថ្ងៃសុក្រនោះ បានមកដល់ចំណតអាកាសយានអន្តរជាតិ Ben Gurion នៅថ្ងៃអង្គារនេះ ហើយនឹងត្រូវបញ្ចុះនៅក្នុងប្រទេសអ៊ីស្រាអែល។ លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងចូលរួមពិធីបុណ្យសពនោះរួមជាមួយឥស្សរៈជនសាធារណៈផ្សេងៗទៀត។
លោកនាយករដ្ឋមន្រ្តី Netanyahu បានធ្វើឲ្យមានភាពចម្រូងចម្រាស់ក្នុងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកបានជំរុញឲ្យជនជាតិបារាំងដើមកំណើតជ្វីសទៅរស់នៅប្រទេសអ៊ីស្រាអែល ដើម្បីបញ្ចៀសនូវអ្វីដែលលោកហៅថា ការកើនឡើងនូវរលកនៃការប្រឆាំងអំបូរជាតិជ្វីស។
នៅក្នុងទីក្រុងប៉ារីស លោកប្រធានាធិបតីបារាំងFrancois Hollande កំពុងចូលរួមពិធីបំពាក់មេដាយឥស្សរិយយស Legion Honor of Medal បច្ឆាមរណៈដល់មន្រ្តីប៉ូលីស៣នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ។
ស្របពេលនោះដែរ ចាងហ្វាងទស្សនាវដ្តីរូបត្លុកកំប្លែងបារាំង Charlie Hebdo ដែលជាគោលដៅនៅក្នុងការប្រហារភេរវកម្មដំបូងកាលពីថ្ងៃពុធនោះ និយាយថា រូបព្យាការីម៉ូហាម៉ាដ (Muhammad) នឹងត្រូវបានធ្វើជារូបក្របមុខទស្សនាវដ្តីសម្រាប់ការចេញផ្សាយលេខក្រោយ ដែលនឹងចេញផ្សាយនៅថ្ងៃពុធ។ នៅក្នុងការបង្ហាញរូបភាពឲ្យឃើញជាមុនទៅបណ្តាញសារព័ត៌មានក្នុងសប្តាហ៍នេះ គេឃើញរូបក្របមុខនោះបង្ហាញពីព្យាការីកាន់បដាដែលនិយាយថា «ខ្ញុំគឺជាCharlie» ក្រោមចំណងជើងថា «អ្វីទាំងអស់ត្រូវបានលើកលែងទោស»៕