ក្រុមភេរវកររដ្ឋឥស្លាមកំពុងតែជ្រើសរើសពលរដ្ឋចិនកាន់សាសនាឥស្លាមដើម្បីចូលជាសមាជិកក្រុមជ្រុលនិយមរបស់ខ្លួន និងចូលរួមក្នុងក្រុមអ្នកប្រយុទ្ធរដ្ឋឥស្លាម នៅសមរភូមិ។ សារជាវីដេអូរបស់ក្រុមរដ្ឋឥស្លាមដែលនិយាយជាភាសាចិននាពេលថ្មីៗនេះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងស្នើឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងក្រុមជ្រុលនិយមនេះ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី ហួរ ជុនយីង (Hua Chunying) បានមានប្រសាសន៍ថា «ក្នុងករណីភេរវកម្មពុំមានប្រទេសណាមួយអាចតទល់នឹងវាតែម្នាក់ឯងបានឡើយ។ សហគមន៍អន្តរជាតិគួរតែឈរកៀក និងសហការគ្នាក្នុងការប្រឆាំងនូវរាល់ទម្រង់នៃភេរវកម្មទាំងអស់»។
ដូចជាក្រុមអាល់កៃដា (al-Qaida) កាលពីមុនដែរ ក្រុមរដ្ឋឥស្លាមអាចកំពុងតែព្យាយាមទាក់ទងទៅក្រុមជនជាតិដើមភាគតិច Uighur កាន់សាសនាឥស្លាមដែលជ្រួលច្រាលនៅប៉ែកខាងលិចនៃប្រទេសចិន។ លោក Raffaello Pantucci អ្នកវិភាគសន្តិសុខនៃស្ថាប័ន Royal United Services Institute បានមានប្រសាសន៍ថា ការពង្រីកការវិនិយោគនិងសកម្មភាពសាធារណៈនានានៅមជ្ឈឹមបូព៌ា និងនៅអាហ្វ្រិករបស់ចិនកំពុងតែធ្វើឲ្យចិនខ្លួនឯងប្រឈមទៅនឹងអំពើភេរវកម្មនៅក្នុងតំបន់ទាំងនោះ។ ជាឧទាហរណ៍ អ្នកមើលខុសត្រូវផ្លូវរថភ្លើងជនជាតិចិន៣នាក់ត្រូវបានសម្លាប់កាលពីខែមុននៅក្នុងការវាយប្រហារទៅលើសណ្ឋាគារ Radisson ក្នុងរដ្ឋធានីបាម៉ាកូ (Bamako) របស់ប្រទេសម៉ាលី៕