ប្រទេសអៀរឡង់ ន័រវែស និងអេស្ប៉ាញបានប្រកាសរៀងៗខ្លួននៅថ្ងៃពុធនេះអំពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយយោងលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) នៅក្នុងតំបន់ហ្កាហ្សា (Gaza) និងតម្រូវការនៅក្នុងការសម្រេចឱ្យបាននូវដំណោះស្រាយរដ្ឋពីរសម្រាប់សន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់។
ប្រទេសន័រវែសបានបញ្ជាក់ថា មានការឯកភាពគ្នាជាអន្តរជាតិដ៏ទូលំទូលាយអំពីតម្រូវការឱ្យមានដំណោះស្រាយរដ្ឋពីរ ដែលក្នុងនោះរួមមានទាំងការបោះឆ្នោតគាំទ្រដ៏លើសលប់នៅមហាសន្និបាតអង្គការសហប្រជាជាតិនៅខែនេះក្នុងការទទួលស្គាល់ប៉ាឡេស្ទីនថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលជាសមាជិកអង្គការសហប្រជាជាតិផងដែរ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បាននិយាយថា ការសម្រេចនេះគឺផ្អែកលើ «សន្តិភាព យុត្តិធម៌ និងភាពចុះសម្រុងគ្នា»។
ប្រទេសទាំង ៣ បានបញ្ជាក់ថា ការទទួលស្គាល់របស់ពួកគេនូវរដ្ឋប៉ាឡេស្ទីននេះនឹងចូលជាធរមាននៅថ្ងៃទី ២៨ ខែឧសភាខាងមុខ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានប្រកាសភ្លាមៗអំពីការកោះហៅឯកអគ្គរដ្ឋទូតអៀរឡង់និងឯកអគ្គរដ្ឋទូតន័រវែសពាក់ព័ន្ធនឹងការប្រកាសអំពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននេះ។
លោក Katz បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនគឺជារង្វាន់សម្រាប់ក្រុមហាម៉ាស់និងប្រទេសអ៊ីរ៉ង់ និងជា «អំពើអយុត្តិធម៌ចំពោះការរំឭក» ដល់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។
នាយករដ្ឋមន្ត្រីអៀរឡង់លោក Simon Harris បាននិយាយថា អៀរឡង់ទទួលស្គាល់យ៉ាងពិតប្រាកដនូវប្រទេសអ៊ីស្រាអែលនិងសិទ្ធិរបស់អ៊ីស្រាអែលក្នុងការរស់រានមានជីវិត «ដោយសុវត្ថិភាពនិងមានសន្តិភាពជាមួយប្រទេសជិតខាងខ្លួន»។ លោក Harris បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់កំពុងដាក់ឃុំនៅក្នុងតំបន់ហ្កាហ្សា។
លោក Harris បានចង្អុលទៅលើប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់អៀរឡង់និងសារៈសំខាន់នៃការទទួលបានការទទួលស្គាល់ពីប្រទេសដទៃ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ