ប្រទេសអ៊ីរ៉ង់បានបញ្ជូននាវាដឹកយន្តហោះចម្បាំងរូបចម្លងមួយ ទៅកាន់ច្រកសមុទ្រ Hormuz ដ៏មានយុទ្ធសាស្ត្រ ខណៈមានការតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។
នេះបើតាមរូបថតតាមផ្កាយរណបដែលត្រូវបានផ្សាយកាលពីថ្ងៃចន្ទ ហើយដែលទំនងបង្ហាញថា សាធារណរដ្ឋឥស្លាមមួយនេះកំពុងត្រៀមខ្លួនសម្រាប់ការធ្វើសមយុទ្ធយោធាបាញ់សាកល្បងពិតប្រាកដ។
បណ្តាញផ្សាយព័ត៌មានរដ្ឋ និងមន្ត្រីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ពីការបញ្ជូននាវាដែលមានរូបរាងដូចនាវាដឹកយន្តហោះនេះនៅឡើយទៅកាន់ច្រកសមុទ្រ Hormuz ដែលមានការដឹកប្រេងកាត២០%ក្នុងពិភពលោក។ ប៉ុន្តែព្រឹត្តិការណ៍នេះហាក់បង្ហាញថាកងបដិវត្តន៍អ៊ីរ៉ង់ទំនងកំពុងត្រៀមខ្លួនធ្វើការបង្ហាញការបាញ់ពន្លិចមិនពិតដែលខ្លួនធ្លាប់ធ្វើកាលពីឆ្នាំ២០១៥។
នាវារូបចម្លងរបស់អ៊ីរ៉ង់នេះមានលំនាំដូចនាវាដឹកយន្តហោះចម្បាំងប្រភេទ Nimitz របស់សហរដ្ឋអាមេរិកដែលកន្លងមកតែងធ្វើនាវាចរណ៍ចូលឈូងសមុទ្រពែរក្សកាត់តាមច្រកសមុទ្រ Hormuz។ នាវានាំមុខ USS Nimitz ទើបបានធ្វើដំណើរចូលសមុទ្រតំបន់មជ្ឈិមបូព៌ា ប៉ុន្តែគេមិនទាន់ដឹងថានាវានេះនឹងបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ឬទេ៕