ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ធ្វើការ​វាយ​ប្រហារ​កាំជ្រួច​មីស៊ីល​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល


ជនជាតីអ៊ីរ៉ង់​ដុត​ទង់ជាតិ​អ៊ីស្រាអែល​បន្ទាប់ពី IRGC បានវាយប្រហារ​អ៊ីស្រាអែល​កាលពីថ្ងៃទី​១ តុលា ឆ្នាំ២០២៤។
ជនជាតីអ៊ីរ៉ង់​ដុត​ទង់ជាតិ​អ៊ីស្រាអែល​បន្ទាប់ពី IRGC បានវាយប្រហារ​អ៊ីស្រាអែល​កាលពីថ្ងៃទី​១ តុលា ឆ្នាំ២០២៤។

អ៊ីរ៉ង់​បាន​ធ្វើការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល​នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​សំខាន់​មួយ​នៃ​ជម្លោះ​រយៈពេល​មួយ​ឆ្នាំ​រវាង​អ៊ីស្រាអែល​និង​ក្រុម​រណប​ក្នុង​តំបន់​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់​បាន​ចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល៧:៣០នាទី​យប់​ម៉ោង​នៅ​ក្នុង​ស្រុក​កាលពី​ថ្ងៃ​អង្គារ​ហើយ​បាន​បន្ត​ប្រហែល​កន្លះ​ម៉ោង។ យោធា​អ៊ីស្រាអែល​បាន​និយាយ​ទៀត​ថា​អ៊ីរ៉ង់​បាន​បាញ់​កាំជ្រួច​មីស៊ីល​ប្រហែល១៨០គ្រាប់​នៅ​ក្នុង​ការវាយ​ប្រហារ​នោះ។

បណ្តាញ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA បាន​ចេញផ្សាយ​វីដេអូ​នៃ​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​នេះ​នៅ​លើ​បណ្តាញ​តេឡេក្រាម​របស់​ខ្លួន។ IRNA ក៏​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ដោយ​និយាយ​ថា​កងទ័ព​កំពូល​របស់​អ៊ីរ៉ង់​គឺ​កងទ័ព​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីស្លាម​ឬ IRGC បាន​វាយ​ប្រហារ​ទីដៅ​សន្តិសុខ​និង​ស៊ើបការណ៍​សម្ងាត់​នៅ​ក្នុង​ការសងសឹក​ចំពោះ​ការធ្វើឃាត​មេដឹកនាំ​ហាម៉ាស់ប៉ាឡេស្ទីន​លោក Ismail Haniyeh នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់​កាលពី​ខែ​កក្កដា​ហើយ​និង​ការសម្លាប់​កាលពីពេល​ថ្មីៗនេះ​របស់​អ៊ីស្រាអែល​ដល់​ពួក​មេបញ្ជាការ​ជាន់​ខ្ពស់​របស់​ក្រុម Hezbollah លីបង់​និង​ឆ្មាំ​ការពារ​បដិវត្តិន៍​អ៊ីស្លាម​អ៊ីរ៉ង់ IRGC របស់​ខ្លួន។

អ៊ីស្រាអែល​បាន​ធ្វើឃាត​លោក Hassan Nasrallah ប្រធាន​ក្រុម Hezbollah នៅ​ក្នុង​ការវាយប្រហារមួយ​លើ​មជ្ឈមណ្ឌល​ទីបញ្ជាការ​ក្រុង​បេរុត​ភាគ​ខាង​ត្បូង​ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម​មួយ​កាលពី​ថ្ងៃ​សុក្រ។ ឧត្តមសេនីយ៍​ត្រី Abbas Nilforoushanនៃ​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ក៏​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​នោះ​ដែរ។ អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​ឬ​បដិសេធ​ការសម្លាប់​លោក Haniyeh នោះ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន IRNA បាន​បញ្ជាក់​ថា​ការវាយ​ប្រហារ​ដោយ​កាំជ្រួចមីស៊ីល​កាលពី​ថ្ងៃ​អង្គារ​លើ​អ៊ីស្រាអែល​ជា​ការវាយ​ប្រហារ​បែប​នេះ​លើក​ទី២ចេញពី​ទឹកដី​អ៊ីរ៉ង់​បន្ទាប់ពី​ការវាយ​ប្រហារ​តាម​អាកាស​កាលពី​ខែ​មេសា​ដែល​ត្រូវ​យល់ព្រម​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​កំពូល​របស់​អ៊ីរ៉ង់​ដែល​ស្ថិត​នៅ​ក្រោម​មេដឹកនាំ​កំពូល​លោក Ayatollah Ali Khamenei។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ជន​ស៊ីវិល១០លាន​នាក់​បាន​ស្ថិត​នៅ​ក្រោម​ការគំរាម​កំហែង​ពីកាំជ្រួច​មីស៊ីល​អ៊ីរ៉ង់​ដែល​បាន​បន្លឺ​សារ៉ែន​នៅ​ទូទាំង​តំបន់​ភាគ​ខាង​ជើង កណ្តាល​និង​ខាង​ត្បូង​អ៊ីស្រាអែល។

ប្រហែល​កន្លះ​ម៉ោង​បន្ទាប់ពីការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​អ៊ីរ៉ង់​បាន​ចាប់ផ្តើម អ្នកនាំ​ពាក្យ​យោធា​អ៊ីស្រាអែល​លោក Daniel Hagariបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​ការវាយ​ប្រហារ​បាន​បញ្ចប់​ហើយ​ជន​ស៊ីវិល​អាច​ចាកចេញ​ពី​កន្លែង​ជ្រកពួន​របស់​ខ្លួន។

លោកHagariបាន​ពណ៌នា​ថា​ការវាយ​ប្រហារ​របស់​អ៊ីរ៉ង់​ជា​ការវាយ​ប្រហារ​កាន់តែ​ធំ​និង​ខ្លាំង​ជាង​ការវាយ​ប្រហារ​កាលពី​ខែ​មេសា។ ក៏ប៉ុន្តែ លោក​បាន​និយាយ​ថា​ការខំ​ប្រឹងប្រែង​ការពារ​ដោយ​អ៊ីស្រាអែល​និង​ដៃគូ​របស់​ខ្លួន​បាន​នាំ​ឱ្យ​មាន​ការបាញ់​ស្ទាក់​កាំជ្រួច​មីស៊ីលអ៊ីរ៉ង់​ជា​ច្រើន ដោយ​មាន​ការប៉ះពាល់​តិចតួច​បាន​ត្រូវ​រាយការណ៍​នៅ​លើ​ដី។ លោក​បាន​និយាយ​ទៀត​ថា​លោក​មិន​បាន​ដឹង​ពី​ចំនួន​មនុស្ស​ស្លាប់​ឬ​រងរបួស​ទេ ក៏ប៉ុន្តែ បាន​ព្រមាន​ដោយ​មិន​បាន​បរិយាយ​លម្អិត​ថា​អ៊ីរ៉ង់​នឹង​ប្រឈម​ផល​វិបាក​ទេ។

មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់​វីអូអេ​ថា​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​បាន​ការពារ​ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីល​ដែល​បាញ់​ដោយ​អ៊ីរ៉ង់​ដៅលើ​អ៊ីស្រាអែល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG