ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ IOM ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ការពារ​សិទិ្ធ​ពលករ​ចំណាក​ស្រុក


ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងស្តីពី «ទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី» ហៅកាត់ថា MBHR អាស៊ី រៀបចំនៅទីក្រុងភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងស្តីពី «ទេសន្តរប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្សនៅអាស៊ី» ហៅកាត់ថា MBHR អាស៊ី រៀបចំនៅទីក្រុងភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ (IOM) ប្រចាំ​កម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ថ្នាក់​តំបន់​ អំពី​ទេសន្តរ​ប្រវេសន៍​ ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៅ​អាស៊ី ហៅកាត់​ថា (MBHR Asia)​ ដើម្បីលើក​កម្ពស់​សិទ្ធិ​ និងការពារពលករ​ទេសន្តរ​ប្រវេសន៍​ ឬ​ពលករ​ចំណាក​ស្រុក​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គម្រោង​នេះ​នៅ​រាជធានីភ្នំពេញ​ អ្នកស្រី​ Kristin Parco​ ប្រធាន​បេស​ក​កម្ម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ប្រចាំ​ប្រទេស​កម្ពុជា​លើក​ឡើងថា​ មាន​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​មាន​ចំនួន​ ១,៣៦ លាន​នាក់​ ក្នុង​ប្រទេស​ចំនួន​ ៧ ហើយ​ក្នុង​ចំណោម​នោះ​ ​មាន ​១,២៦ លាន​នាក់ ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ។

អ្នក​ស្រី​បន្ថែម​ថា​ នៅ​ឆ្នាំ​ ២០២៣​ ពលករ​ចំណាក​ស្រុក​កម្ពុជា​បាន​ផ្ញើរប្រាក់​ចំនួន​ប្រមាណ​ជា ២,៩ ​ពាន់​លាន​ដុល្លារ​អាមេរិក​ត្រឡប់​មក​ប្រទេស​ខ្លួន​វិញ​ ដែល​ស្មើ​នឹង​៩ ​ភាគ​រយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)។

បើ​ទោះ​ការ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​បាន​នាំ​មក​វិញនូវ​ចំណូល ការ​ផ្ទេរ​ជំនាញ ហើយ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ដើម​ក៏​ដោយ ក៏​ពលករ​ចំណាក​ស្រុក​មាន​ភាព​ងាយ​រង​គ្រោះ​ពី​ការ​កេងប្រវ័ញ្ច ដោយ​ពលករ​ម្នាក់​ក្នុង​ចំណោម​ពលករ​ជា​មធ្យម​ ៤ នាក់ ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​ងារ​ដែល​ចាប់បង្ខំ​។ នេះ​បើ​តាម​អ្នក​ស្រី​ Kristin Parco។

អ្នកស្រី Kristin Parco បន្ថែម​ទៀតថា ដោយសារ​ហេតុផល​នៃ​ភាព​រងគ្រោះ​ខាង​លើ​នេះ​ ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​នឹង​អនុវត្ត​កម្មវិធី​ថ្នាក់​តំបន់​ អំពី​ទេសន្តរ​ប្រវេសន៍​ ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៅ​អាស៊ី ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​ និង​រដ្ឋា​ភិបាល​ប្រទេស​ស៊ុយអែត​ ដើម្បី​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​របស់​សាជីវកម្ម​ និង​សិទ្ធិ​របស់​ពលករ​ទេសន្តរ​ប្រវេសន៍​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សកល។

អ្នកស្រី​ថ្លែង​ថា៖ «​កម្មវិធី MBHR Asia មាន​គោល​បំណង​ជំរុញ​ការ​គោរព​ឱ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​របស់​ពលករ​ចំណាកស្រុក​ ជាពិសេស​ស្រ្តី​ និង​ពលករ​ចំណាក​ស្រុក​ដែល​ក្នុង​ ​ស្ថានភាព​នៃ​ភាព​រងគ្រោះ​នៅក្នុង​ខ្សែ​សង្វាក់​ផលិត​កម្ម​ក្នុង​តំបន់​អាស៊ី​។​ កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​ការ​អនុវត្ត​នានា​នូវ​ក្របខណ្ឌ​នៃ​ការ​ការពារ​ ការ​គោរព​ និងការ​ទូទាត់​សំណង​នៃ​គោល​ការណ៍​ណែ​នាំ​របស់អង្គការ​សហប្រជាជាតិ​ លើ​ការធ្វើ​ជំនួញ និង​បញ្ហា​សិទ្ធិ​មនុស្ស​»។

អ្នកស្រី​បន្ថែម​ថា​ គម្រោង​នេះ​នឹង​អនុវត្ត​ទៅ​តាម​សារាចរ​ណែនាំ​ស្តីពី​ការអនុវត្តដោយ​ត្រឹម​ត្រូវ​នៃ​សាជីវកម្ម​ប្រកប​ដោយ​ចី​រភាព​របស់​សហភាព​អឺរ៉ុប​ (EU Corporate Sustainability​ Due Diligence) ដែល​តាម​មន្ត្រី​របស់​សហភាព​អឺរ៉ុប​ថា ​ផ្តោត​លើកា​រពារ​សិទ្ធិ​មនុស្ស​ ផល​ប៉ះពាល់​ខាង​សង្គម ​និង​បរិស្ថាន និង​ការ​ទទួល​ខុសត្រូវ​របស់​ក្រុម​ហ៊ុន​សាជីវកម្ម​ និង​វិស័យ​ឯកជន​ ទាក់​ទង​នឹង​ការអនុវត្ត​របស់​ពួកគេ​ក្នុង​ដំណើរ​ការ​ផលិតកម្ម​។ ​

អ្នកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំប្រទេសកម្ពុជា ថ្លែងសុន្ទរកថា ស្វាគមន៍បើកកម្មវិធីប្រកាសការអនុវត្តគម្រោង MBHR អាស៊ីដែលមានរយៈពេល៥ឆ្នាំ។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំប្រទេសកម្ពុជា ថ្លែងសុន្ទរកថា ស្វាគមន៍បើកកម្មវិធីប្រកាសការអនុវត្តគម្រោង MBHR អាស៊ីដែលមានរយៈពេល៥ឆ្នាំ។ (ហ៊ុល រស្មី/វីអូអេ)
លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាពិ ចូលរួមធីប្រកាសដាក់ឱ្យអនុវត្តគម្រោង MBHR អាស៊ី រៀបចំនៅទីក្រុងភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាពិ ចូលរួមធីប្រកាសដាក់ឱ្យអនុវត្តគម្រោង MBHR អាស៊ី រៀបចំនៅទីក្រុងភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

គម្រោងកម្មវិធី​ថ្នាក់​តំបន់​ អំពី​ទេសន្តរ​ប្រវេសន៍​ ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៅ​អាស៊ី គឺ​ជា​កម្មវិធី​ថ្នាក់​តំបន់​ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ស៊ុយអែត​ដែល​នឹង​ដំណើរការ​ពី​ឆ្នាំ ២០២៤​ ដល់​ឆ្នាំ ២០២៨ នៅ​ទូទាំង​ប្រទេសកម្ពុជា ​ម៉ាឡេស៊ី នេប៉ាល់ ឥណ្ឌូណេស៊ី​ ហ្វីលីពីន ថៃ និងវៀតណាម។ គម្រោង​នេះមាន​គោល​បំណង​លើក​កម្ពស់​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ក្នុងការ​គោរព​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​ លើក​កម្ពស់​ និង​ពង្រីក​ច្រក​ទេសន្តរ​ប្រទេសន៍​ការងារ​ជា​ប្រក្រតី​ដែល​ធានា​ដល់​ការ​ជ្រើស​រើស​ប្រកប​ដោយ​ក្រមសីលធម៌ សម្រួល​ដល់​ការ​ចល័ត​កម្លាំង​ពលកម្ម និង​ការ​ងារ​សមរម្យ។

លោក Bryan Fornari ប្រធាន​កិច្ច​សហប្រតិបត្តិការ​នៃ​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ថ្លែង​ថា សហភាព​អឺរ៉ុប​បាន​ផ្តល់ការ​គំាទ្រ​ គម្រោង MBHR Asia នេះ ដើម្បី​ឱ្យមាន​ការ​ធ្វើការ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ក្នុង​តំបន់​អាស៊ាន ឬ​ក៏​ដោយ​ផ្ទាល់​នៅ​កម្ពុជា។

បើ​តាម​លោក Bryan ​គម្រោង​នេះ​ បាន​កើត​ឡើង​ ចំ​ពេល​សហភាព​អឺរ៉ុប​បាន​បង្កើត​ឱ្យ​មាន​សារាចរ​ណែនាំ​ស្តីពី​ការអនុវត្ត​ដោយ​ត្រឹមត្រូវ​នៃ​សាជីវកម្ម​ប្រកប​ដោយ​ចីរភាព​របស់​សហភាព​អឺរ៉ុប​ ដែល​ប្រទេស​សមាជិក​ក្នុង​សហភាព​អឺរ៉ុប​ត្រូវ​អនុវត្ត​តាម​ ហើយ​វា​ក៏​នឹង​តម្រូវ​ឱ្យ​អ្នក​ផ្គត់ផ្គង់​ដល់​ក្រុម​ហ៊ុន​នៅ​សហភាព​អឺរ៉ុប​គោរព​តាម រួម​មាន​ទាំង​អ្នក​វិនិយោគ ឬ​វិស័យ​ឯកជននៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «សារាចរ​ណែនាំ​នេះ​ មិន​ត្រឹមតែ​អនុវត្ត​ទៅ​លើ​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​នឹង​ត្រូវ​អនុវត្ត​ទៅ​លើ​អ្នក​ផ្គត់​ផ្គង់​របស់​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​ដែល​ចុះ​បញ្ជី​នៅ​អឺរ៉ុប​ ដែល​នេះ​មាន​ន័យ​ថា​ វា​នឹង​មាន​ឥទិ្ធពល​ខ្លាំង​លើ​ប្រទេស​នានា​ដូច​ជា​កម្ពុជា និង​វិស័យ​ឯកជន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​ ដែល​ផ្គត់​ផ្គង់​ឱ្យ​សហភាព​អឺរ៉ុប»។

ដោយ​ឡែក​អ្នកស្រី​ កៅ សុគន្ធ​ផារ៉ាឌី​ មន្ត្រីគម្រោង​ថ្នាក់ជាតិ​ផ្នែក​បរិយាប័ន្ន​សង្គម និង​បម្លាស់​ទី​ការងារ​នៃ​អង្គការ​ទេសន្តរ​ប្រវេសន៍​ (IOM) នៅ​កម្ពុជា ថ្លែង​ថា​ ប្រទេស​ថៃនឹង​ក្លាយ​ជាតំបន់​ផ្តោត​សំខាន់​ នៅ​ក្នុង​ការ​អនុវត្តគម្រោង​ MBHR Asia ដំណាក់​កាល​ដំបូងៗ ដោយ​សារ​មាន​ពលករ​ខ្មែរ​ជាង​១លាន​នាក់​រស់​នៅ​ទីនោះ​ ហើយ​គម្រោង​នេះ​ក៏​នឹង​មើល​ទៅ​លើ​ទៅ​ជន​បរទេស​ដែល​ចូល​មក​ធ្វើការ​នៅ​កម្ពុជា​។

អ្នក​ស្រី​ថ្លែង​ថា​៖ «ដូច​នៅ​ក្នុង​គម្រោង​នេះ​ គឺ​សម្រាប់ ​៧ ​ប្រទេស​ ហើយ​អធ្យាស្រ័យ​ដែល​ខ្ញុំ​លើកឡើង​តែ​ប្រទេស​ថៃ តែ​គ្រាន់​ថា​ ភាគច្រើន​ពលករ​យើងក្នុង ១,២ លាន នៅ​ក្នុង ១,៣​ លាន​ គឺ​ធ្វើកា​រនៅ​ថៃ​ អ៊ីចឹង​ហើយ​ ខ្ញុំ​លើក​ឡើង​ភាគច្រើន​បរិបទ​ប្រទេស​ថៃ។ តែយ៉ាងណា​ គម្រោង​មិន​ពង្រីក​ទីតាំង​ត្រឹម​ថៃ ​ឬ​ក៏​តែ​ប្រទេស​ថៃ​ទេ គឺ​យើង​នឹង​ព្យាយាម​ទៅ​ដល់​ corridors [ច្រករបៀង] ប្រទេស​ម៉ាឡេ​ស៊ីផ្សេង​ទៀត ហើយ​និង​ប្រទេស​ពាក់​ព័ន្ធ​ តែគ្រាន់​ថា ព្យា​យាម​ ចាប់ផើ្តម​ដំបូង​ពង្រឹង​ជាមួយcorridors [ច្រក​របៀង] ប្រទេស​ថៃ»។

អ្នកស្រី​បន្ថែម​ថា​ សម្រាប់​ដំណាក់​កាល​ដំបូង​នៃការ​អនុវត្ត​គម្រោង​នេះ ​អង្គការ ​IOM នៅ​កម្ពុជា​ និង​នៅ​ប្រទេស​ថៃ ​នឹង​សហការ​គ្នា​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​នៅ​ថៃ ឱ្យ​វិស័យឯកជន​អនុលោម​ទៅ​តាម​គោលការណ៍​នៃ​ការ​ជ្រើស​រើស និង​កា​រ​ការពារពលករ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។ អ្នកស្រី​ថា ការ​ធ្វើ​ដូច្នេះ​ក៏​នឹង​អនុវត្ត​នៅ​កម្ពុជា ដែល​អ្នក​ផ្គត់ផ្គង់​នឹង​ទទួល​បាន​ការ​កសាង​សមត្ថ​ភាព​ ជុំវិញ​ការ​ជ្រើសរើស​ពលករ​ប្រកប​ដោយ​ក្រមសីល​ធម៌ ខណៈ​កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ទទួល​យក​ពលករ​បរទេស​ ដូច​ជា​ពលករ​ឥណ្ឌា​ជាដើម​។

រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក ​ហ៊ូ វុទ្ធី​ យល់​ថា គម្រោង MBHR Asia នឹង​ចូលរួម​ពង្រឹង​ និង​ពង្រីកផ្លូវ​ទេសន្តរ​ប្រវេសន៍​ការងារ​ដោយ​ប្រក្រតី​ ធានា​ដល់​ការ​ជ្រើស​រើស​ប្រកប​ដោយ​ក្រម​សីលធម៌​ សម្រួល​ដល់​ចល័តភាព​ពលកម្ម និង​ផ្តល់​ជូនពលរដ្ឋ​នូវ​ការ​ងារ​សមរម្យតាម​រយៈគោល​ដៅ​សំខាន់​មួយ​គឺ​ការការពារ​ ការដោះស្រាយ​ផល​ប៉ះពាល់​នានា​ និងការគោរ​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍។ ​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​ទេសន្តរ​ប្រវេសន៍​ (IOM) នៅ​កម្ពុជា ទោះបី​ពលករ​ចំណាក​ស្រុក​បាន​រួម​ចំណែក​ច្រើន​ដល់​ការផ្ញើ​លុយកាក់​ចូល​មក​ប្រទេស​វិញ​ក្តី ក៏​ពលករ​ទេសន្តរ​ប្រវេសន៍​នៅ​តែ​ទំនង​ជា​ជួប​ប្រទះ​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ការងារ​ដល់​ទៅ​បី​ដង​ក្នុងអំឡុង​ពេល​ជ្រើសរើស​ ការ​ដាក់​ឱ្យ​បម្រើ​ការងារ​ និង​ជីវិត​នៅ​ក្រៅប្រទេស។ ទាំង​នេះ​រួមមាន​ការ​បោក​បញ្ឆោត​ ការ​រើសអើង​ ការ​ជាប់​បំណុល​ ការបង្ខិត​បង្ខំ​ ប្រាក់​ឈ្នួល​មិន​ស្មើគ្នា​ ឬ​មិនមាន​ប្រាក់​ឈ្នួល​ ការ​ខ្វះ​លទ្ធភាព​ទទួល​បាន​សំណង​ និង​ការរឹតត្បិត​សេរីភាព​នៃ​ចលនា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG