ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អន្តរជាតិ​អំពាវនាវ​ឲ្យ​ថៃ​និង​ឡាវ​លុប​​ចោល​ផែនការ​សង់​ទំនប់​វារីអគ្គីសនី


អ្នក​នេសាទ​ម្នាក់​កំពុង​នេសាទ​នៅ​ជិត​ទីតាំង​​ដែល​គេ​​គម្រោង​ធ្វើ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី​ក្នុង​​ភាគ​ខាង​ជើង​ប្រទេស​ឡាវ។
អ្នក​នេសាទ​ម្នាក់​កំពុង​នេសាទ​នៅ​ជិត​ទីតាំង​​ដែល​គេ​​គម្រោង​ធ្វើ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី​ក្នុង​​ភាគ​ខាង​ជើង​ប្រទេស​ឡាវ។

ការ​ដាក់ពាក្យ​តវ៉ា​អន្ដរជាតិ​មក​ពី​ប្រទេស​ ជាង​ ១០០​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ និង​ ប្រទេស​ថៃ​ ទម្លាក់​ចោល​ផែនការ​ធំធេង​នៃ​ការ​ស្ថាបនា​ទំនប់​វារីអគ្គីសនី​ យ៉ាង​ធំ​មួយ​នៅ​តំបន់​ភាគ​ខាង​ក្រោមទន្លេ​មេគង្គ។ ​ក្រុមអ្នកតាក់តែងច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ កំពុង​អំពាវនាវ​ឲ្យ​គោរព យ៉ាង​ជាក់លាក់​នូវបទដ្ឋាន​ការពារ​បរិស្ថាន​នៃ​គម្រោងការ​ ដោយ​គេ​មាន​ការ​ភ័យខ្លាចថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យូរ​អង្វែង​ដល់​ប្រព័ន្ធ​បរិស្ថាន​របស់​ទន្លេ​សម្រាប់​រយៈ​ពេល​យូរ។​

ទំនប់​វារីអគ្គីសនី​ សាយ៉ាប៊ូរី ​ដែល​មាន​តម្លៃ​ ៣.៥០០ ​លាន​ដុល្លារ​ ជា​ គម្រោងការ​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​ ១១​ នៃ​តំបន់​ភាគ​ខាងក្រោម​ទន្លេ​មេគង្គ​ ដែល​ ហូរ​កាត់​ប្រទេស​ថៃ​ កម្ពុជានិង​ វៀតណាម។

តែ​ក្រុម​ជំនាញ​បរិស្ថាន​ និយាយ​ថា​ ទំនប់​កម្លាំង​ ១.២៨០​ មេហ្គាវ៉ាត់​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​យូរ​អង្វែង​ដល់​បរិស្ថាន​ ជា​ពិសេស​ នៅ​កន្លែង​ខ្លះ​ ដូច​ជា​នៅ​តំបន់​ដី​សន្ដរ​នៃ​ទន្លេ​មេគង្គ​របស់​ប្រទេស​វៀតណាម​ដែល​ជា​ជង្រុក​ស្រូវ​របស់​ប្រទេស​នោះ។​

ក្រុម​បរិស្ថាន​មួយ​ នៅ​ សរអ​ ហៅ ​International Rivers ​ថ្លែង​ថា​មនុស្ស​២២.៥៨០​ នាក់​ ពី​ប្រទេស​ជាង​ ១០០​ បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​តវ៉ា ដែល​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​គម្រោងការ​ ដោយ​សារ​តែ​គេ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​អនាគត​ នៃ​តំបន់​ភាគ​ខាង​ក្រោម​ទន្លេ​មេគង្គ។​ញត្ដិ ​តវ៉ា​ ធ្វើ​ឡើង ​មួយ​សប្ដាហ៍​បុណ្ណោះ​ មុន​ពេល​ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​មាន​សមាជិក​ប្រទេស​ កម្ពុជា ​ឡាវ​ ថៃ​ និង​ វៀតណាម​ នឹង​ជួប​ប្រជុំគ្នា​ ដើម្បី​ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ​បង្អស់​មក​លើ​គម្រោងការ​នោះ។

អ្នក​សម្របសសម្រួល​យុទ្ធនាការ​ សម្រាប់​អង្គការ​ International Rivers ​ប្រចាំ​ប្រទេស​ថៃ​ អ្នកស្រី ​ Pianporn Deetes ​ថ្លែង​ថា​ ញត្ដិ​តវ៉ា​នោះ​គូស​បញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​ មក​លើ​ការ​ប៉ះពាល់​ពី​សំណង់​ទំនប់។

«ខ្ញុំ​ចង់​ឃើញ​អ្នក​ទទួល​ខុសត្រូវ​សំខាន់ៗ​នៃ​រដ្ឋាភិបាល​ថៃនិងឡាវ យល់​ដឹង​ថា​ ពិភពលោក​កំពុង​តាម​មើល​យ៉ាង​ដិតដល់​ ដោយ​គេ​ឃើញ​មាន​មនុស្ស​ដ៏​ច្រើន​សន្ធឹក​ មាន​ចិត្ដ​ចង់​ការពារ​ទន្លេ​មេគង្គ​ ហើយ​ ជីវិត​មនុស្សរាប់​លាន​នាក់​ ពឹងផ្អែក​មក​លើ​ទន្លេ​មេគង្គ ហើយ​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​ធ្វើ​សេចក្ដី​សម្រេច​ត្រឹមត្រូវ ​ដោយ​មិន​យោង​ទៅ​តាម​មូលហេតុ​នយោបាយ។»

គម្រោងការ​សម្រាប់​ ទំនប់​វារីអគ្គិសនី​ចំនួន​ ១១​ ធំៗ ​នៅ​លើ​ទន្លេ​មេគង្គ​ បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆ្នាំ​ ២០០៦។ នៅ​ក្រោម​កិច្ចសន្យា​ថា​ ប្រទេស​ថៃ​ នឹង​ទិញ ​៩៥​ភាគរយ​នៃ​ភ្លើង​អគ្គិសនី​ ចេញ​ពី​ទំនប់​សាយ៉ាបុរី។

ក្រសួង​ថាមពល​របស់​ប្រទេស​ថៃ​ ថ្លែង​ថា​ គ្មាន​ឃើញ​ភ័ស្ដុតាង​ណា​មួយ​ដែល​គាំទ្រ​ការ​ទាមទារ​ ថា​មាន​ការ​ខូចខាត​រយៈ​ពេលយូរ​ មក​លើ​ទន្លេ​ទេ។ ​តែ​ក្រុម​មន្ដ្រី​នៃ​ ប្រទេស​វៀតណាម​ និង​ កម្ពុជា​ គាំ​ទ្រ​គំនិត​របស់​ក្រុម​ជំនាញ​បរិស្ថាន​ ដោយ​សំអាង​ថា​វា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ទី​ជម្រក​របស់​ត្រី។

ក្នុង​ខែ​មេសា​ ប្រទេស​ទាំងឡាយ ​ដែល​ស្ថិត​នៅ​ក្រោម​ទន្លេ​មេគង្គ​ បាន​យល់​ព្រម​គ្នា​ សុំ​ឲ្យ​ផ្អាក​ការ​ស្ថាបនា​ទំនប់ រង់ចាំ​ការ​សិក្សា​ជ្រៅជ្រះ។​

តែ​សេចក្ដី​រាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ ចង្អុល​ឲ្យ​ឃើញ​សំណង់​កំពុង​ដំណើរការ​នៅ​ទី​កន្លែង​ទំនប់ ​ធ្វើ​ឡើង​ដោយ ​ក្រុម​សំណង់​ថៃ។

លោក​ Carl Thayer ​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ ​New South Wales ​ក្នុង​ប្រទេស​អូស្រា្តលី ​ថ្លែង​ថា​សេចក្ដីសម្រេច​របស់ ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ស្ថាបនា​ទំនប់​ នឹង​ បណ្ដាល​ឲ្យ​មាន​ភាព​តានតឹងការទូត។

«ទាំង​កម្ពុជា ​ទាំង​វៀតណាម ពេល​សួរយោបល់​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បង្ហាញ​ការ​ព្រួយបាម្ភ​ ហើយ​ប្រទេស​ទាំង​ពីរ​ ពេញ​ចិត្ដ​ខ្លាំង​ចំពោះ​ការ​ពន្យារ​ពេល​សំណង់​ទំនប់។ រឿង​សំខាន់​មួយ ​ដែល​យើង​មិន​ទាន់​និយាយ​ គឺ​ នឹង​មាន​កំណត់​ការទូត​ដ៏​ហ្មត់ចត់​ចំពោះ​ ប្រទេស​ ឡាវ​ ហើយ​ខ្ញុំ​យល់​ថា​លោក​អ្នក​នឹង​ឃើញ​មាន​ទស្សនកិច្ច​ថ្នាក់​ខ្ពស់​ពី​ទី​ក្រុងហាណូយទៅ​កាន់​រដ្ឋធានីវៀងច័ន្ទ ​ដើម្បី​សុំ​ឲ្យ​មាន​ការ​ពន្យល់ដោយសារ​តែ​គេ​មាន​ការ​ព្រួយបារម្ភ​ធំធេង។»

លោក​ Thayer​ ថ្លែង​ថា ប្រទេសវៀតណា​ម​នឹង​ពិនិត្យ​មើល​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ថវិកា​ផ្ដល់​ ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ​ មាន​រាប់​បញ្ចូល​សហរដ្ឋ​អាមេរិក ​អូស្រ្ដាលី​ និង​ ជប៉ុន ​ដើម្បី​ដាក់​សម្ពាធ​ការទូត​ មក​លើ​ប្រទេស​ ឡាវ​ និង​ ថៃ​ ឲ្យ​ពន្យារ​ពេល​សំណង់​ទំនប់។

ក្រុម​អ្នកវិភាគ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​គម្រោងការ​នោះ​រយៈ​ពេល​១០​ឆ្នាំ ដើម្បី​ធ្វើ​ការ​វាស់វែង​ជ្រាលជ្រៅ​មក​លើ​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បរិស្ថាន​នៅ​លើ​ទំនប់​ សាយ៉ាប៊ូរី​ ផង​ និង​ សំណង់​ទំនប់​ដទៃ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេមេគង្គ។

គណៈកម្មការ​ទន្លេ​មេគង្គ​ថ្នាក់​រដ្ឋមន្រ្ដី​ត្រូវ​កំណត់ ​ជួប​ប្រជុំ​នៅ​ក្នុង​ថ្ងៃ​ទី​ ៧ ​ខែ​ធ្នូ ​ក្នុង​ទី​ក្រុង​ សៀមរាប​ ប្រទេស​កម្ពុជា៕

ប្រែសម្រួល​ដោយ​ អ៊ូ ធួក

XS
SM
MD
LG