ស្ថានទូតបរទេសប្រចាំកម្ពុជានឹងមិនចាត់វិធានការណាមួយដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍សិទ្ធិមនុស្សស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិនោះទេ។
ជំហរនេះធ្វើឡើងក្រោយពីអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃពុធបានជំរុញឱ្យប្រទេសអ្នកផ្ដល់ជំនួយអន្តរជាតិដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនានាដែលបានលើកឡើងដោយសហគមន៍អន្តរជាតិក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែមិថុនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រទេសនានាបានផ្តល់អនុសាសន៍រហូតដល់ចំនួន២០៥ចំណុច។ ក្នុងនោះកម្ពុជាទទួលយកអនុសាសន៍ចំនួន១៦៣និងកត់ទុកចំនួន៣៨។ អនុសាសន៍ចំនួនបួនក្រៅពីនោះ ត្រូវកម្ពុជាទាត់ចោល។ អនុសាសន៍ដែលបានលើកឡើងរួមមានការស្នើឱ្យរដ្ឋាភិបាលដកចេញបម្រាមសិទ្ធិជួបជុំនិងធ្វើបាតុកម្មដោយសន្តិវិធី និងចាត់វិធានការដើម្បីធានាសេរីភាពសារព័ត៌មាន រួមទាំងសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត និងធានាឱ្យបានថាគ្មាននរណាម្នាក់ត្រូវបានឃាត់ខ្លួនឬជាប់ពន្ធនាគារដោយសារការអនុវត្តសិទ្ធិរបស់គេនោះទេហើយក៏បានស្នើឱ្យមានការស៊ើបអង្កេតលើការប្រើអំពើហិង្សាហួសហេតុទៅលើបាតុករនាពេលកន្លងមកជាដើម។
លោក Brad Adams នាយកការិយាល័យអាស៊ីនៃអង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា«ដោយប្រឈមជាមួយការទាមទារកាន់តែច្រើនឡើងសម្រាប់ការផ្លាស់ប្ដូរជាមូលដ្ឋានដើម្បីធានាឱ្យមានការគោរពសិទ្ធិមនុស្ស លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានអើពើនោះទេ។ សហគមន៍អន្តរជាតិមិនគួរទទួលយកការប្រើអំពើហិង្សានយោបាយរបស់រដ្ឋាភិបាលកម្ពុជា ការដាក់ពន្ធនាគារ និងការធ្វើទារុណកម្មអ្នកប្រឆាំងដោយសារមូលហេតុនយោបាយ និងការរឹតត្បិតសិទ្ធិបញ្ចេញមតិនិងការជួបជុំជាសាធារណៈនោះទេ»។
ក្នុងនោះដែរលោក Brad Adams បានទទូចឲ្យបណ្តាប្រទេសម្ចាស់ជំនួយដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងភ្នំពេញឲ្យអនុវត្តនូវរាល់អនុសាសន៍ទាំងឡាយដែលប្រទេសសមាជិកអង្គការសហប្រជាជាតិលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។
ក្នុងសារអេឡិកត្រូនិកតបហ្នឹងសំណួររបស់វីអូអេ សំឡេងសហរដ្ឋអាមេរិក លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមិនបានបញ្ជាក់ពីជំហររបស់ខ្លួនជុំវិញការទទូចរបស់អង្គការ Human Rights Watch នោះទេ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងដូច្នេះថា«លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគឺជាអាទិភាពខ្ពស់នៃទំនាក់ទំនងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយកម្ពុជា។ យើងបានលើកពីបញ្ហាសិទ្ធិមនុស្សនានាហើយនឹងបន្តលើកបញ្ហាទាំងនោះទៀតក្នុងជំនួបកំពូលនានាជាមួយរដ្ឋាភិបាលកម្ពុជា»។
សហរដ្ឋអាមេរិកផ្ដល់ជំនួយប្រមាណ៧០លានដុល្លារក្នុងមួយឆ្នាំៗមកកាន់កម្ពុជាលើវិស័យអប់រំ កសិកម្ម សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អជាដើម។
ដោយឡែកប្រទេសអ្នកផ្តល់ជំនួយធំពីរផ្សេងទៀតគឺសហគមន៍អឺរ៉ុបនិងស្ថានទូតជប៉ុនប្រចាំកម្ពុជាមិនបានឆ្លើយតបហ្នឹងសំណួររបស់វីអូអេ ខេមរភាសានោះទេពីរថ្ងៃមកនេះ។
កម្ពុជាជាប្រទេសមួយដែលនៅពឹងផ្អែកខ្លាំងលើជំនួយបរទេសដើម្បីដំណើរការរដ្ឋាភិបាលនិងអភិវឌ្ឍប្រទេសនៅឡើយ។ ចាប់ពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ២០១២ កម្ពុជាទទួលជំនួយនិងកម្ចីសម្បទានពីបរទេសប្រមាណ១០ពាន់លានដុល្លារ។
លោក Muhsinin Dolisada លេខាទីមួយស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា អះអាងថាប្រទេសឥណ្ឌូណេស៊ីក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀតដែរប្រកាន់គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
«សម្រាប់យើងក៏ដូចជាប្រទេសសមាជិកអាស៊ានផ្សេងទៀតដែរ ខ្ញុំគិតថាយើងមិនដាក់សម្ពាធឬក៏ជ្រៀតជ្រែកពីការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជានោះទេ ពីព្រោះខ្ញុំគិតថាយើងអាចពិភាក្សាតាមរយៈយន្តការរបស់អាស៊ានបានព្រោះយើងក៏មានស្ថាប័នសិទ្ធិមនុស្សអាស៊ានដែរ»។
ប្រទេសឥណ្ឌូណេស៊ីជាប្រទេសសម្របសម្រួលកិច្ចចរចាសន្តិភាពដ៏សំខាន់មួយរបស់កម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ ហើយក៏ជាប្រទេសប្រជាធិបតេយ្យធំបំផុតក្នុងសមាគមអាស៊ានដែរ ដោយមានប្រជាជនជាង២៥០លាននាក់។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី អះអាងថាការលើកឡើងរបស់អង្គការHuman Rights Watch មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សជាក់ស្តែងរបស់កម្ពុជានោះទេ ហើយប្រទេសម្ចាស់ជំនួយនានាក៏មិនបានចាប់អារម្មណ៍នឹងសំណើបែបនេះនោះដែរ។
«នេះជាក្រុមមួយ យើងមិនចាត់ទុកជាស្ថាប័នទេ ដូច្នេះការលើកឡើងដល់ម្ចាស់ជំនួយឱ្យផ្ដាច់ជំនួយមកប្រជាជាតិខ្មែរ នេះជាការប្រមាថដល់ការយល់ដឹងនិងការសម្រេចចិត្តរបស់ដៃគូអភិវឌ្ឍន៍ ដូច្នេះម្ចាស់ជំនួយឬក៏ដៃគូអភិវឌ្ឍន៍របស់កម្ពុជាគេមានទូតរបស់គេនៅកម្ពុជា ហើយគេប្រហែលជាដឹងស្ថានភាពពិតប្រាកដ។ ដូច្នេះរដ្ឋាភិបាលមិនចាប់អារម្មណ៍ ហើយប្រទេសម្ចាស់ជំនួយក៏មិនចាប់អារម្មណ៍។ នេះគ្រាន់តែជាភាសារបស់ក្រុមមួយប៉ុណ្ណោះ»។
លោក ផៃ ស៊ីផាន បន្ថែមថាអនុសាសន៍របស់សហគមន៍អន្តរជាតិដែលបានស្នើឡើងនាពេលកន្លងមកគ្រាន់តែជាការយល់ឃើញប៉ុណ្ណោះ។ ហើយរដ្ឋាភិបាលកម្ពុជាមានសិទ្ធិទទួលយកឬបដិសេធចោល ត្បិតកម្ពុជាជារដ្ឋអធិបតេយ្យ ឯករាជ្យ និងមិនស្ថិតក្រោមឥទ្ធិពលនៃប្រទេសឬក្រុមណាមួយនោះឡើយ៕