ក្រសួងមហាផ្ទៃបានសម្រេចបង្កើតក្រុមការងារថ្មីមួយដែលមានមន្ត្រីជាន់ខ្ពស់១០រូបដើម្បីជំរុញឱ្យមានការបើកច្រកទ្វារព្រំដែននានាជាមួយប្រទេសជិតខាងកម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសទាំងនោះ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងនេះដែលចេញនៅថ្ងៃអង្គារ។
សេចក្តីសម្រេច ដែលមានចំនួន៤ប្រការ ចេញដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ខែមករាឆ្នាំ២០១៩នេះ បញ្ជាក់ថា ក្រសួងមហាផ្ទៃបានសម្រេចបង្កើតក្រុមការងារ ដែលមានសមាសភាពមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចំនួន១០រូបដើម្បីសិក្សា និងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំប្រទល់។
សេចក្តីសម្រេចដដែលបញ្ជាក់ថា ក្រុមការងារដែលមានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន មានភារកិច្ចស្រាវជ្រាវបទដ្ឋានគតិយុត្តិ និងឯកសារពាក់ព័ន្ធស្តីពីការសម្រេចបើកច្រកព្រំដែនដែលកម្ពុជាបានព្រមព្រៀងជាមួយបណ្តាប្រទេសជាប់ព្រំដែន ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងចុះពិនិត្យសិក្សាអំពីស្ថានភាពជាក់ស្តែងដើម្បីស្វែងរកដំណោះស្រាយសមស្រប សម្របសម្រួល ពិភាក្សា និងចរចាជាមួយភាគីនៃបណ្តាប្រទេសជាប់ព្រំដែនដើម្បីជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែន ធ្វើរបាយការណ៍ និងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។
សេចក្តីសម្រេចនោះមិនមានបញ្ជាក់ព័ត៌មានពាក់ព័ន្ធចំនួននិងប្រភេទច្រកព្រំដែនដែលនឹងត្រូវសិក្សាដើម្បីបើកនោះទេ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច លើកឡើងថា ការបង្កើតច្រកព្រំដែនច្រើន អាចមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដែលលោកថា ចាំបាច់ត្រូវមានការថ្លឹងថ្លែង។ លោកបន្តថា ការបង្កើតច្រកព្រំដែនច្រើនអាចធ្វើឲ្យលំហូរសេដ្ឋកិច្ចបានប្រសើរឡើង ប្រសិនបើការអនុវត្តនៃការប្រើប្រាស់ច្រកព្រំដែនបានត្រឹមត្រូវ ប៉ុន្តែលោកថា ច្រកព្រំដែនច្រើនក៏កាន់តែធ្វើឲ្យមានការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការគេចពន្ធមានការកើនឡើងផងដែរ។
លោកបញ្ជាក់ថា៖ «យើងត្រូវសិក្សាពីលំហូរនៃពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅតាមច្រកនីមួយៗ ពីព្រោះយើងគិតដែរ ប្រសិនណាឧទាហរណ៍យើងដាក់មន្រ្តីគយ យើងដាក់មន្រ្តីតាមច្រកព្រំដែន សម្រាប់ច្រកមួយហ្នឹង គ្នា១០នាក់ ប៉ុន្តែបើលំហូរពាណិជ្ជកម្មហ្នឹងតិច ឧទាហរណ៍ថា ត្រឹម៤-១០ម៉ឺនដុលា្លរ ២០ម៉ឺនដុល្លារ វាអត់ចាំបាច់ទេ។ ប៉ុន្តែបើសិនរាប់រយលានដុល្លារ អាហ្នឹងចាំបាច់។ ជាពិសេសការថ្លឹងថ្លែងជាមួយការធ្វើពាណិជ្ជកម្ម ហើយយើងត្រូវប្រយ័ត្នប្រយែងជាមួយការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ព្រោះយើងមានច្រកច្រើន»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុំមិនធ្វើអត្ថាធិប្បាយលម្អិតដោយបង្វែរឲ្យទៅសួរប្រធានក្រុមការងារដែលទើបបង្កើត និងអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
យ៉ាងណាក្តី លោកគ្រាន់តែបញ្ជាក់ថា ក្រុមការងារនេះបង្កើតឡើងដោយសារមានឧបសគ្គ ក្រោយការព្រមព្រៀងបើកច្រកព្រំដែនរវាងកម្ពុជានិងប្រទេសជាប់ព្រំប្រទល់។
លោកបានលើកឧទាហរណ៍បញ្ជាក់ថា៖
«ច្រកម៉ឺនជ័យ ដូចរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាហើយ តែបើកវាមិនបាន។ បើកមិនបានយ៉ាងម៉េច? បើកមិនបានត្រង់ថា ដីទាំងអស់ហ្នឹងនៅពេលដែលដឹងថា រដ្ឋាភិបាលនឹងបើកច្រកទ្វារទ្វេរភាគីកម្ពុជា-វៀតណាម ត្រង់ច្រកម៉ឺនជ័យហ្នឹង បងប្អូនប្រជាពលរដ្ឋយើងនាំគ្នាទៅទិញនៅទីហ្នឹងអស់ទៅ! អស់រលីងទៅ! ធ្វើជាប៉ុស្តិ៍ធ្វើជាអីវាមិនគ្រប់តាមស្តង់ដារ។ អ៊ីចឹងបានយើងឲ្យមានគណៈកម្មការមួយដើម្បីសម្របសម្រួល រួមទាំងពលរដ្ឋហ្នឹងផង»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សុខ ផល ប្រធានក្រុមការងារសិក្សា និងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែននោះបានទេ។
ចំណែកលោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធមិនធ្វើអត្ថាធិប្បាយដោយប្រាប់ថា កំពុងជាប់ប្រជុំ។
បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ កម្ពុជាមានច្រកទ្វារសរុបចំនួន៨២។ ច្រកទ្វារទាំងនោះរួមមាន ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ច្រកទ្វារកំពង់ផែអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ៕