ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ខឹង​នឹង​សារសព្ទ​នយោបាយ​បក្ស​ជំទាស់​ចំពោះ​ការ​ផ្លាស់​ប្ដូរ​លោក​ ​ស ខេង


រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)

លោក​ គង់​ គាំ ជឿ​ថា​ មានតែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​គឺ​ បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជារាស្ត្រ​នឹង​ផ្ដល់​​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ដឹកនាំ​ប្រទេស។

ក្រសួង​មហា​ផ្ទៃ​ សម្ដែង​ការ​ខឹង​សម្បារ​នឹង​ការឃោសនា​នយោបាយ​របស់​ទីប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ថ្លែង​ទាក់​ទិន​ការ​រក្សា​ទុកតំណែង​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស ខេង ជា​ឧបនាយករដ្ឋមន្ត្រី ប្រសិន​បើ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ឈ្នះ​ការ​បោះឆ្នោត​ដឹកនាំ​ប្រទេស។​ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ ដែល VOA ​ទទួល​បាន​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

លិខិត​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា​ បានសរសេរ​ថា​ ​កាល​ពី​ថ្ងៃ​ទី០១​ ខែ​មិថុនា​ ឆ្នាំ ២០១៧​ កន្លង​ទៅ​នេះ​ លោក​ គង់​ គាំ​ ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ឱកាស​ចុះ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិ​ទី ៤​ នៅ​សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ បាន​និយាយ​ទៅ​កាន់​អ្នក​គំា​ទ្រ​របស់​ខ្លួន​ថា៖

«...បើ​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ឆ្នាំ​ ២០១៨ ដឹកនាំ​រាជរដ្ឋាភិបាល​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ ទុក​សម្ដេច​ក្រឡាហោម​ ធ្វើ​ឧបនាយក​រដ្ឋមន្ត្រី​ដដែល​ តែ​សង្គ្រោះ​ជាតិ​ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ...»។​

ក្រសួងមហាផ្ទៃ​បាន​បន្ត​ថា​ ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ មិន​មែន​ជា​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ដែល​នឹង​ត្រូវ​មាន​ការ​រៀបចំ​ជ្រើស​តាំង​សមាជិក​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី​នោះ​ទេ​ ​ហើយ​ថា ​ការ​លើកឡើង​ដែល​បង្កប់​នូវ​គំនិត​ទុច្ចរិត​របស់​លោក គង់ គាំ គឺ​ជា​ការ​ឃោសនា​បោកប្រាស់​ បន្លំ​យក​ឈ្មោះ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង​ ទៅ​ប្រើប្រាស់​ បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ ក្នុង​គោល​បំណង​កេង​ចំណេញ​នយោបាយ​ដើម្បី​ទាក់​ទាញ​សំឡេង​ឆ្នោត​តែ​ប៉ុណ្ណោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ គង់ គាំ​ ​ថា​ជា​ការ​មាក់ងាយ​បក្ស​ប្រជាជន​កម្ពុជា​ ​និង​បាន​សង្កត់​ធ្ងន់​ក្នុង​ន័យ​ដើម​ថា៖​

«សំដី​របស់​លោក​ គង់​ គាំ​ ក៏​ជា​ការប្រមាថ​មាក់ងាយ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សម្ដេច​ក្រឡាហោម​ ស ខេង​ ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​តែង​ទទួល​បាន​នូវ​ការ​គោរព​ស្រឡាញ់​ពី​សំណាក់​មន្ត្រី​រាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ និង​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​ស្រទាប់​ក្នុង​សង្គម»។

ប្រតិកម្ម​ក្រសួង​មហាផ្ទៃ​ កើត​មាន​ តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ​ការ​អធិប្បាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ក្នុង​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ហៅ​ការ​សន្យា​របស់​បក្ស​ប្រឆាំង​ថា​ ​នឹង​ទុក​តំណែង​ឧបនាយក​រដ្ឋ​មន្ត្រី​ឲ្យ​ ​លោក​ ​ស ខេង​ ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ និង​អស់​សំណើច។

លោក​នាយករដ្ឋមន្ត្រី​ចំអក​បក្ស​ប្រឆាំង​ថា​ ពួកគេ​គួរ​យក​តំណែង​ទាំង​អស់​របស់​លោក​ ស ខេង​ ​ប្រសិន​បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះឆ្នោត។ ​

«ភាសា​ឈ្នះ​នេះ​ យើង​ឮ​យូរ​ហើយ​ យើង​ឮយូរ​ហើយ​ ការ​យកឈ្នះ​គណបក្ស​ប្រជាជន​ មិនមែន​ជា​ល្បែង​កូនក្មេង​ងាយ​លេង​នោះ​ទេ»។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ​បាន​បញ្ចប់​ទៅ​នៅ​ថ្ងៃ​សុក្រ​ទី​២ ខែ​មិថុនា ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់​ ​និង​គ្មាន​ហិង្សា ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ នឹង​រៀបចំឡើង​ នៅ​ថ្ងៃ​អាទិត្យ​នេះ។​

លោក​ គង់ គាំ​ ​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ ​សម រង្ស៊ី​ ថ្លែង​ប្រាប់​VOA ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ ការឃោសនា​នយោបាយ​របស់​លោក​ មិន​មាន​ចេតនា​មាក់ងាយ​ លោក​ ​ស ខេង​ តែ​ជា​បង្ហាញ​នូវ​ការ​ចង់​បាន​ដៃ​គូ​ដែល​មាន​បទពិសោធន៍​ការងារ​ សម្រាប់​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​កសាង​ប្រទេស​ក្នុង​កាលៈទេសៈ​ ដែល​បក្ស​ប្រឆាំង​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹក​នាំ​ប្រទេស។​

លោក​ គង់ គាំ​ ​ជា​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ៖​

«ដូច្នេះ​ មិនមែន​ជាកលល្បិច​ ហៅ​ថា​ អាក្រក់​ ​ឬក៏​ចេតនា​បោកប្រាស់​ យក​សំឡេង​ឆ្នោត​អី​ទេ​ ប៉ុន្តែ​ជា​ការ​ជាក់ស្ដែង​ គឺ​ខ្ញុំ​ធ្លាប់​ជា​សមាជិកព្រឹទ្ធសភា ​ដែល​មាន​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ជា​តំណាង​ហ្នឹង​យល់​ យល់​ឃើញ​ថា​ ក្រសួងមហាផ្ទៃ​ ត្រូវតែ​មាន​ អ្នកដឹកនាំ​ពី​គណបក្ស​ទាំងពីរ​ដើម្បី​គ្រប់​គ្រង​ដឹកនាំ​ឲ្យ​រលូន​ ហើយ​និង​រីកចម្រើន តែ​ប៉ុណ្ណឹង​ទេ​បាទ។ ដូច្នេះ គ្មាន​អី​ពិសពុល​ ហើយ​គ្មាន​អី​ខ្វះ​ការ​គួរសម​ចំពោះ​សម្ដេច​ក្រឡាហោម​ ឧបនាយក​រដ្ឋមន្ត្រី​ទេ​បាទ»។​

លោក​ គង់​ គាំ ជឿ​ថា​ មានតែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​គឺ​ បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជារាស្ត្រ​នឹង​ផ្ដល់សេចក្ដី​ទុក​ចិត្ត​ឲ្យ​ដឹកនាំ​ប្រទេស។

លោក​អះអាង​ថា សំឡេង​គាំទ្រ​បក្ស​ទាំង​ពីរ​គឺ​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​ទើប​លោក​លើក​ជា​អនុសាសន៍​ថា​ លោក​ ស ខេង​ ​គួរ​នៅ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ ឯ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ គួរតែ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ។​

VOA ​ព្យាយាម​សុំ​សេចក្តី​អធិប្បាយ​ពី​នាយ​ឧត្ដម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ តែ​នៅ​មិនទាន់​អាច​ទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃសៅរ៍​នេះ។​

ដោយឡែក​ ការិយាល័យ​បោះឆ្នោត​ នៅ​តាម​មណ្ឌល​នីមួយៗ​ ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​រៀបចំ​រួច​រាល់​នៅ​ថ្ងៃសៅរ៍​នេះ​ ដែល​ត្រូវ​ចាត់​ទុក​ថា​ជា«ថ្ងៃ​ស» សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ ហើយ​ក៏​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ទាក់​ទិន​អំពី​ហិង្សា​ ឬ​ការ​ប៉ះទង្គិច​ខាង​នយោបាយ​ណា​មួយ​បាន​កើតឡើង​នោះ​ឡើយ​មក​ទល់​នឹង​រសៀល​ថ្ងៃ​សៅរ៍​ដដែល​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

លោក មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា​(Central)​ ​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៧​ ថ្លែងប្រាប់​ ​VOA​ ​ថា​ ស្ថានភាព​មុន​ថ្ងៃ​បោះឆ្នោត​ មាន​សភាព​ស្ងប់​ស្ងាត់ និង​ពុំ​ទាន់​មាន​ហេតុការណ៍​ហិង្សា​នយោបាយ​ណា​កើត​ឡើង​នោះ​ទេ។​

​«ចាប់​ពី​ពេល​ព្រឹក​មក​ដល់​ឥឡូវនេះ​ វា​អត់​ទាន់​មាន​ទទួល​ព័ត៌មាន​អី​ ដែល​ជា​អវិជ្ជមាន​អី​នៅឡើយ​ទេ​ សម្រាប់​ថ្ងៃ​ស​នេះ។​ ​ប៉ុន្តែ​ជាទូទៅ​ ការបោះឆ្នោត​មុនៗ​ វា​ពេល​ថ្ងៃ​នេះ​ វា​អត់​ទាន់​កើត​មាន​ប៉ុន្មាន​ទេ​ ប៉ុន្តែ​វា​កើត​មាន​នៅ​ពេល​យប់​ ដែល​គេ​ច្រើន​និយាយ​ថា​ រាត្រី​ឆ្កែ​ព្រូស​ អញ្ចឹង​ប្រហែល​ជា​ទាល់តែល្ងាច​បន្តិច​ ឬ​ក៏​យប់​បន្តិច​ បាន​យើង​ដឹង​ថា​ តើ​អាច​នឹង​មាន​អី​កើត​ឡើង?​ មានការ​ជប់​លៀង​ មាន​របៀប​ជា​រាត្រី​ឆ្កែ​ព្រូស​ ដូច​ជា​ធ្លាប់​មាន​កន្លង​មក​ដែរ​អត់»។​

រូបឯកសារ៖ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស។ (រូបថត​ផ្តល់​ឲ្យ​លោក មឿន តុលា)
រូបឯកសារ៖ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស។ (រូបថត​ផ្តល់​ឲ្យ​លោក មឿន តុលា)

នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​ ​លោក​ ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ជួបពិភាក្សា​ជាមួយក្រុម​អ្នក​សង្កេត​ការណ៍អន្តរជាតិ​ចំនួន​បី ដែល​ចូលរួម​ឃ្លាំមើល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា។​

ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ទាំង​បី​នោះ​រួមមាន​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​(CDI International)​ ​ក្រុម​សន្និសីទ​អន្តរជាតិ​ នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី ​(ICAPP)​ ​និង​ក្រុម​ចុង​ក្រោយ​មក​ពី​អង្គ​ការ​ អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី-ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

​នាយ​ឧត្ដម​សេនីយ៍​ គៀត​ ចន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ VOA នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ ​ក្រោយ​ការពិភាក្សា​នោះ​ លោក​រដ្ឋមន្ត្រី​ ស ខេង​ បាន​បញ្ជាក់​ក្រុម​អ្នក​សារព័ត៌មាន ​ថា​ នឹង​ពុំ​មាន​ឧបសគ្គ​ណា​មួយ​កើត​ឡើង​ ​ដែល​នឹង​រំខាន​ដល់​ការបោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​ឡើយ។​

«សម្ដេច​បាន​បញ្ជាក់​ដែរ​ថា ថ្ងៃ​ស្អែក​ហ្នឹង​សង្ឃឹម​ថា​ បរិយាកាស​នៃ​ការ​បោះឆ្នោត​បាន​នឹង​ប្រព្រឹត្ត​ទៅ​ ដោយ​រលូន​ ហើយ​និង​គ្មាន​ស្អី​យាយី រំខាន​ទេ​ ហើយ​សម្ដេច​បញ្ជាក់​ថា​ នឹង​ទទួល​បាន​ជោគជ័យ»។ ​

ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ លោក​ គៀត ចន្ទថារិទ្ធ បាន​បញ្ជាក់​ថា​ កម្លាំង​មាន​សមត្ថកិច្ច​ជាង​៥ម៉ឺន​នាក់​ បាន​ត្រៀម​រួចរាល់​ សម្រាប់​រក្សា​សន្តិសុខ​ដល់​ការបោះឆ្នោត។ កម្លាំង​ទាំងនោះ​ នឹង​ផ្ដើម​ត្រៀម​ការ​ពារ​សន្តិ​សុខ​ចាប់​ពី​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ រហូត​ដល់​ថ្ងៃ​អាទិត្យ​ដែល​ជា​ថ្ងៃ​បោះឆ្នោត,ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​គ្រា​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​សាកល្បង​សមត្ថភាព​របស់​លោក​ ហ៊ុន សែន​ ក្នុង​នាម​លោក​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ក្ដោបក្ដាប់​ប្រទេសកម្ពុជា​ជាង៣០ឆ្នាំ​មក​ហើយ។​

សម្រាប់​លោក​ ហ៊ុន សែន​ ការ​បោះឆ្នោត​នេះ​មិន​អាច​ចាញ់​បាន​ទេ ​ព្រោះ​ការ​ចាញ់​នៅ​លើក​នេះ​បន្ទាប់ពី​ការ​ធ្លាក់​ប្រជាប្រិយ​ភាព​ក្នុង​ឆ្នាំ​២០១៣​ វា​នឹង​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ចំពោះ​គណបក្ស​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨៕

XS
SM
MD
LG