ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹកជំនន់​បង្ខំ​អាជ្ញា​ធរ​ជម្លៀស​អ្នក​ទោស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ


អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ ​​ជម្លៀស​អ្នកទោស​ទាំង​អស់​ចំនួន​៨៤៤នាក់ ​ទៅ​កាន់ទី​ទួល​សុវត្តិភាព​បន្ទាប់ពី​ពន្ធនាគារ​ខេត្ត​បាន​ជន់​លិច​យ៉ាង​ខ្លាំង។ (Photo: VOA Fan)
អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ ​​ជម្លៀស​អ្នកទោស​ទាំង​អស់​ចំនួន​៨៤៤នាក់ ​ទៅ​កាន់ទី​ទួល​សុវត្តិភាព​បន្ទាប់ពី​ពន្ធនាគារ​ខេត្ត​បាន​ជន់​លិច​យ៉ាង​ខ្លាំង។ (Photo: VOA Fan)
ភ្នំពេញ៖ អ្នកទោស​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ចំនួន​៨៤៤​នាក់​ត្រូវបាន​ជម្លៀស​ចេញ​ជា​បន្ទាន់​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​យ៉ាង​អាក្រក់​ដែលបាន​ចាក់​ពន្លិច​មន្ទីរ​ឃុំឃាំង​ទាំងស្រុង។ ​ទឹកជំនន់​នេះ​ដែល​ធ្លាក់​មកពី​ប្រទេស​ថៃ​បាន​ហូរ​ចាក់យ៉ាង​គំហុក​ចូល​ក្នុង​បរិវេណ​ពន្ធនាគារ​ចាប់តាំង​ពី​ម៉ោង​មួយ​កន្លះ​រសៀល​ហើយ​កម្ពស់​ទឹក​បាន​ឡើង​រហូត​ចាប់​ពី​ត្រឹម​ចង្កេះ​រហូត​ដល់​ត្រឹម​ ក ​តាម​កន្លែង​ខ្ពស់​ឬ​ទាប។
នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ពន្ធនាគារ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

លោក ហ៊ីន សុផល ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ​នា​ពេល​នេះ​អាជ្ញាធរ​កំពុង​ព្យាយាម​ជម្លៀស​អ្នក​ទោស​ទៅ​កន្លែង​មាន​សុវត្ថិភាព។

«ខ្ញុំ​កំពុង​តែ​ជម្លៀស​ពួកគាត់​ទៅ​សៀមរាប​និង​បាត់​ដំបង។ ៥០០​នាក់​ជម្លៀស​ទៅ​សៀមរាប​ហើយ៣៤៤​នាក់​ទៀត​ទៅ​បាត់​ដំបង»។

លោក​ប្រធាន​ពន្ធនាគារ​បញ្ជាក់​ថា ​ស្ត្រី ​កុមារ ​មនុស្ស​ចាស់​ជរា ​និង​អ្នក​ជំងឺត្រូវបាន​ដឹកជញ្ជូន​ចេញ​ពី​បន្ទប់​ឃុំឃាំង​ជា​អាទិភាព។

ទោះយ៉ាងណា​គេ​មិន​ទាន់​ដឹងថា​តើ​មាន​អ្នកទោស​ចំនួន​ប៉ុន្មាន​នាក់ត្រូវ​បាន​ជម្លៀស​ចេញ​នៅឡើយ​ទេ​រហូត​មក​ដល់​ល្ងាច​នេះ​ដោយសារ​លោកហ៊ីន សុផល ​អះអាង​ថា​លោក​មិនអាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ដោយ​លោក​ជាប់​រវល់។

បើ​តាម​លោក​ ស៊ុម ចន្ទគា ​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា​ កម្លាំង​ទឹកជំនន់​បាន​បំបាក់​របង​មន្ទីរ​ឃុំ​ខ្លួន​អ្នកទោស។

«ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​បាន​ធ្វើ​ឱ្យ​បាក់​របង​ពន្ធនាគារ​ធ្វើ​ឱ្យ​ទឹក​ហូរ​មក ​កន្លែង​ខ្លះ​ត្រឹម​ចង្កេះ​ ខ្លះ​ត្រឹម​ឃ្លៀក ហើយ​កន្លែង​ខ្លះ​ត្រឹម​ក»។

ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ស្ថិតនៅ​ចំងាយ​ប្រមាណ​ជា​៦​គីឡូម៉ែត្រ​ពីទីប្រជុំជន​ក្រុង​សេរីសោភ័ណ។ អ្នកទោស​ចំនួន​៨៤៤​នាក់កំពុង​ជាប់​ឃុំ​នៅ​ទីនេះ។

មក​ទល់​ម៉ោង​៦និង​៣០​នាទី​យប់​នេះ ​អ្នក​ទោស​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ក្នុង​ពន្ធនាគារ​មក​កាន់​តំបន់​សុវត្ថិភាព​ប៉ុន្តែ​មិនទាន់​ត្រូវ​បាន​ដឹកជញ្ជូន​ចេញ​ទៅ​កាន់​គោលដៅ​ខេត្តសៀមរាប​និង​បាត់ដំបង​រួចរាល់​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​លោកស៊ុម ច័ន្ទគា។​
លោកស៊ុម ច័ន្ទគា ​យល់​ថា​អាជ្ញាធរ​មាន​ការធ្វេស​ប្រហែស​ក្នុង​ការទប់ទល់​នឹង​ស្ថានការណ៍។

«អ្វី​ដែល​យើង​សោកស្តាយ​គឺ​ថា​អាជ្ញាធរ​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​នេះ។ ទី​មួយ​គឺ​ធ្វេស​ប្រហែល ទី​ពីរ​គឺ​ជឿជាក់​ថា​ខ្លួន​អាច​ជួយ​បាន​ បូម​បាន ​មិន​បាន​បង្ហាញ​ហានិភ័យ​ទាក់ទង​នឹង​របង​អាច​បាក់ ​គឺ​គាត់​អត់​បាន​យក​ចិត្ត​ទុក​ដាក់​រឿង​ហ្នឹង​ទេ ​អញ្ចឹង​ហើយ​ឯកសារ​មួយ​ចំនួន​ត្រូវ​ខូចខាត​ដោយ​សារ​ទឹក»។

​ខេត្តបន្ទាយ​មានជ័យ​គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដែល​ទទួល​រង​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ ខណៈ​ដែល​ទឹកជំនន់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បានរាតត្បាត​ក្នុងខេត្ត​ចំនួន​២០​នៅ​ទូទាំង​ប្រទេស។

ជនរងគ្រោះ​ស្លាប់​បាត់​បង់ជីវិត​បានកើន​ដល់​១០៤​នាក់​និង​ប៉ះពាល់​មនុស្ស​ជាង​១,៥​លាន​នាក់។ ដោយ​ឡែក​លំនៅដ្ឋាន១២​ម៉ឺន​ខ្នង ​សាលារៀន​៦៧០​កន្លែង​និង​វត្ត​អារាម​៣៧០​វត្ត​ត្រូវ​បាន​លិច​លង់។

លោក ញឹម វណ្ណដា ​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​ដឹង​ថា​មូលហេតុ​នៃ​ការ​ជន់​លិច​នៅខេត្ត​បន្ទាយមានជ័យ​នេះ​គឺ​ដោយសារ​ការ​ធ្លាក់ភ្លៀងខ្លាំង​និង​ទឹក​ជំនន់​ដែល​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ។

យ៉ាង​ណា​ក៏​ដោយ​ លោក ញឹម វណ្ណដា ​បន្ថែម​ថា​ស្ថានភាព​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេសនៅ​ពេល​នេះ​មាន​ការ​ស្រក​ចុះ​បន្តិច​ហើយ ​ហើយ​តួ​លេខមនុស្ស​ស្លាប់ពុំ​មាន​ការ​កើន​ឡើង​ទេនៅ​ថ្ងៃ​នេះ៕
XS
SM
MD
LG