គណៈកម្មការស៊ើបអង្កេត បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍បាយ័នថា មូលហេតុ ដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើស្ពាននៃមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ បានកើតឡើងដោយសារមូលហេតុមនុស្សច្រើនពេក និងដោយសារថប់ដង្ហើម។
ចំនួនជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតមកដល់ពេលនេះ មានចំនួន៣៥៤និងរបួស៣៩៥នាក់។
កាសែតកម្ពុជាថ្មី បានចុះផ្សាយតាមគេហទំព័ររបស់ទូរទស្សន៍បាយ័ន ដែលគ្រប់គ្រងដោយអ្នកស្រីហ៊ុន ម៉ាណា កូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មកផ្សព្វផ្សាយនៅថ្ងៃពុធនេះថាមូលហេតុដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់និងរងរបួសដ៏សោកសៅនេះគឺដោយសារតែមានមនុស្សច្រើនហួសហេតុពេក។
កាសែតដដែល បានដកស្រង់សម្តីរបស់ក្រុមគណៈកម្មការស៊ើបអង្កេត និងកោសល្យវិច័យរបស់រដ្ឋាភិបាលថា ឧបទ្ទវហេតុនេះ បណ្តាលមកពីការថប់ដង្ហើម គួបផ្សំ និងភាពរង្គើរបស់ស្ពាន បណ្តាលឲ្យប្រជាពលរដ្ឋភ័យខ្លាចរុញគ្នាទៅវិញទៅមកធ្វើឲ្យស្ទះដង្ហើមរហូតដល់ដួលជាន់គ្នា និងផ្សេងទៀតស្រែកថាបាក់ស្ពាន។
លោកឧត្តមសេនីយទោ ម៉ក់ ជីតូ សមាជិកគណៈកម្មការទទួលខុសត្រូវដោះស្រាយឧបទ្ទវហេតុនេះ មិនទាន់បានអះអាងឲ្យបានប្រាកដប្រជាចំពោះមូលហេតុជាផ្លូវការនៅឡើយទេ។
លោកឧត្តមសេនីយទោ ម៉ក់ ជីតូ បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះថា នៅពីរ បី ថ្ងៃខាងមុខទៀត យើង នឹងចេញរបាយការណ៍ជាផ្លូវការ។
«យើងសន្និដ្ឋានទៅ ក៏វាមិនច្បាស់លាស់ អញ្ចឹងគួររង់ចាំការប្រជុំបូកសរុបវាយតម្លៃរបស់គ្រប់ជំនាញទាំងអស់បានយើងវាយតម្លៃកើត»។
ឧបទ្ទវហេតុរត់ជាន់គ្នានេះកើតឡើងនៅលើស្ពាននៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រក្នុងពិធីបុណ្យ អុំទូក អក អំបុក និងសំពះព្រះខែ។
ក្រោយពីហេតុការណ៍ បានបញ្ចប់ទៅរយៈពេលតែជាងពីរម៉ោងប៉ុណ្ណោះ បានបណ្តាលឲ្យប្រជាពលរដ្ឋយ៉ាងតិចប្រមាណ៣៥៤នាក់ស្លាប់បាត់បង់ជីវិត និងប្រមាណ៣៩៥នាក់ផ្សេងទៀត បានទទួលរងរបួស។ នេះបើតាមការបញ្ជាក់របស់លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
លោកម៉ម ប៊ុនហេង បានមានប្រសាសន៍ទៀតថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះត្រូវបានដឹកជញ្ជូនទៅលំនៅដ្ឋានរបស់ពួកគេរួចរាល់អស់ហើយ។
លោកបានមានប្រសាសន៍ទៀតថាតាមការធ្វើកោសល្យវិច័យរបស់មន្ទីរពេទ្យបានបង្ហាញឲ្យឃើញថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតដោយសារការថប់ដង្ហើម។
«គឺអ្នកដែលមាន វាកកកុញគ្នា ហើយវាដួលជាន់លើគ្នាទៅធ្វើឲ្យសង្កត់លើគ្នាហើយធ្វើឲ្យថយប៉ះ ជាន់គ្នាពីលើទៅក្រោមអញ្ចឹងទៅ ហើយពីមុខទៅក្រោយវាណែនទាំងអស់ទៅ ធ្វើឲ្យមនុស្សថប់»។
ការអះអាងរបស់សមត្ថកិច្ចហាក់បីដូចជាមានការផ្ទុយគ្នាខ្លះៗទៅនឹងការអះអាងរបស់ជនរងគ្រោះមួយចំនួន ដែលបានរស់រានមានជីវិតពីហេតុការណ៍សោកនាដកម្មនេះ។
អ្នកស្រីមួយរូប ដែលកំពុងអង្គុយកំដរប្អូនស្រីរបស់ខ្លួនអាយុ១៨ឆ្នាំ ដែលបានរស់រានមានជីវិត និង កំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា ប្អូនស្រីអ្នកស្រីបាននិយាយថា នាងត្រូវបាន ខ្សែភ្លើងឆក់។
«គឺថា រឿងហ្នឹង ដូចមានឧប្បតិ្តហេតុដូចការ មានឆក់ មានអ្វីឆក់គាត់អញ្ចឹង បណ្តាលឲ្យអត់មាន កម្លាំងមានកំហែងទប់ខ្លួនបាន»។
ចំណែកប្អូនប្រុសជៀច រ៉ាវី អាយុ២១ឆ្នាំ មកពីខណ្ឌដង្កោក្រុងភ្នំពេញ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតដែរនោះ បាននិយាយថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះ បានស្លាប់ និងរង របួសនេះ គឺដោយសារតែមានការរត់ជាន់គ្នា។
«អ្នកនៅខាងមុខគេស្រែកប្រាប់ថាមានមនុស្សសន្លប់នៅខាងមុខ ដល់ពេលអញ្ចឹងទៅ គេឃាត់អត់ ឲ្យទៅទេ ប្រហែលមួយម៉ែត្រពីខ្ញុំ ដល់ពេលអញ្ចឹងទៅខ្ញុំឈរប្រហែលប្រាំនាទី អ្នកក្រោយកាន់តែរុញមក ពេលរុញមកវាផ្អៀងផ្អៀងមកដល់ពេលគេយកអ្នកសន្លប់ចេញអស់ អ្នកខាងមុខខ្ញុំក៏ដួល ខ្ញុំក៏ដួលកិនលើគ្នាអ្នកមុខដល់ពេលគេយកមុខចេញអស់ទៅ សល់ពួកខ្ញុំពិបាកទាញនៅស្អិតរមួតជាប់គ្នា។ ខ្ញុំអត់ដឹងដែរព្រោះខ្ញុំមើលមិនឃើញ ប្រហែលជាមួយម៉ែត្រមែន ប៉ុន្តែមនុស្សច្រើនពេក ដល់ថ្នាក់រង្គើខ្លួនរង្គើមិនកើតផង»។
នៅក្នុងចំណោមប្រជាពលរដ្ឋដែលរងគ្រោះបាត់បង់ជីវិតនោះ គឺប្រជាពលរដ្ឋមកពីទីក្រុងភ្នំពេញមានចំនួនច្រើនជាងគេ ហើយខេត្តដែលពុំមានប្រជាពលរដ្ឋបាត់បង់ជីវិតនោះ មានខេត្តប៉ៃលិន ខេត្តព្រះវិហារ កោះកុង និងខេត្តមណ្ឌលគីរី។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៕