កិច្ចប្រតិបត្តិការនេះបង្កើតឡើងក្នុងគោលបំណងធ្វើឲ្យរចនាសម្ព័ន្ធកសិកម្មប្រសើរឡើង ដែលភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហ្សាការតាក្នុងឆ្នាំ២០១៦ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេវរករក្រុម Santoso ដែលកំពុងលាក់ខ្លួននៅក្នុងតំបន់នេះ។ ក្នុងពិធីបើកដាក់ឲ្យប្រើប្រាស់វាលស្រែដែលមានផ្ទៃដីទំហំ៣.០០០ហិកតា និងពិធីផ្តើមការសាងសង់អាងស្តុកទឹកចំនួនពីរ រួមជាមួយនឹងប្រឡាយធារាសាស្រ្តប្រវែង១.៧០០ម៉ែត្រ និងបំពង់ទឹកធារាសាស្ត្រប្រវែង៣.៨០០ម៉ែត្រ ឧត្តមសេនីយ៍ទោ Agus Surya Bakti បាននិយាយថា ក្រុមគ្រួសារអ្នកស្រុកនៅក្នុងតំបន់នេះ នឹងលែងសូវពឹងផ្អែកលើកម្លាំងប្រឆាំងរដ្ឋាភិបាលទៀតហើយ។
លោកនាយឧត្តមសេនីយ៍ Bakti មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាប្រចាំដែនដីខេត្ត Central Sulawesi បាននិយាយថា៖ «ប្រសិនបើអ្នកស្រុកទាំងនោះមានមធ្យោបាយគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់គ្រួសាររបស់ពួកគេនោះ សន្តិភាពនឹងកើតមានដោយស្វ័យប្រវត្តិ។ ពេលនោះពួកគេនឹងជៀសវាង និងពង្រឹងខ្លួនឯងប្រឆាំងនឹងទស្សនៈហិង្សា»។
លោកនាយឧត្តមសេនីយ៍ Bakti បានក៏បានថ្លែងដែរថា ប្រតិបត្តិការអភិវឌ្ឍន៍រួមគ្នារវាងយោធា និងរដ្ឋាភិបាល នឹង«លើកកម្ពស់ភាពថ្លៃថ្នូរនៃប្រជាជននៅកំពង់ផែ Poso ដែលបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងក្រសែភ្នែករបស់ពិភពលោក ដែលមើលឃើញតំបន់នេះហាក់បីដូចជាតំបន់ទទួលរងអំពើហិង្សាដោយសារជម្លោះជាច្រើន»។ Posoគឺជាកំពង់ផែដ៏ធំមួយ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់កោះ Sulawesi ដែលស្ថិតនៅតំបន់ឆ្នេរភាគឦសាន។ តំបន់នេះជាកន្លែងដែលមានយុទ្ធនាការយោធាដ៏ខ្លាំងក្លាដើម្បីកាត់បន្ថយការគាំទ្រក្នុងស្រុកដល់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមដែលកំពុងតែកើនឡើងដែលក្រុមនេះគាំទ្រដោយក្រុមភេរវករ Santosoដែរ។
Santoso គឺជាជនដែលប្រទេសឥណ្ឌូនេស៊ីកំពុងតាមស្វែងរកចាប់ខ្លួនយ៉ាងខ្លាំងបំផុត ដែលជននេះបានរត់គេចខ្លួនអស់រយៈពេលជាងបីឆ្នាំមកហើយ។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា៖ «យើងចង់ឲ្យពិភពលោកខាងក្រៅលុបបំបាត់ការយល់ឃើញបែបនេះ។ នេះក៏ជាសារមួយសម្រាប់មិត្តរបស់យើងដែលកំពុងប្រយុទ្ធនៅក្នុងព្រៃ ដែលជឿលើមនោគមវិជ្ជាមួយដែលពួកគេគិតថាជាការត្រឹមត្រូវ ប៉ុន្តែវាជាមនោគមវិជ្ជាដែលមនុស្សយើងភាគច្រើនគិតថាមិនត្រឹមត្រូវ។ យើងចង់ប្រាប់ពួកគេថា ហេតុអ្វីពួកគេមិនធ្វើស្រែ ជាជាងរត់ពីកន្លែងមួយទៅកន្លែងមួយទៀត។
ប្រតិបត្តិការដែលត្រូវបានគ្រោងឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរថ្នាក់តំបន់ និងអាជ្ញាធរប៉ូលិសមូលដ្ឋានរយៈពេលបីខែនោះ ត្រូវបានធ្វើឡើងស្របពេលដែលមានការបង្កើនសន្តិសុខក្នុងអំឡុងពេលរដូវបុណ្យរ៉ាម៉ាឌន។
លោកនាយឧត្តមសេនីយ៍ Boy Rafly អគ្គមេបញ្ជាការផ្នែកស៊ើបអង្កេតរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថាភ្នាក់ងារប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេវរករបានរកឃើញកន្លែងដែលភេរវករក្រុម Santoso អាចលាក់ខ្លួន នៅតំបន់ជួរភ្នំខៀវ ប៉ុន្តែកងកម្លាំងពិសេសនេះ មិនទាន់រកឃើញទីតាំងច្បាស់លាស់របស់ពួកជនសកម្មប្រយុទ្ធនេះនៅឡើយទេ។ លោកនាយឧត្តមសេនីយ៍ Rafly និយាយថា នគរបាលក្នុងតំបន់មានការសង្ស័យថា អ្នកស្រុកមួយចំនួនត្រូវបានបង្ខំឲ្យផ្តល់អាហារ និងធនធានផ្សេងៗដល់ពួកជនសកម្មប្រយុទ្ធទាំងនោះ៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា