កូនស្រីរបស់លោក Joko Widodo ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីបានប្រែក្លាយទម្លាប់នៃការប្រឡងចូលជាបុគ្គលិករដ្ឋការស៊ីវិលឲ្យទៅជាប្រធានបទនៃការផ្តោតយកចិត្តទុកដាក់របស់ថ្នាក់ជាតិ ដោយមិនព្រមទទួលយកបុព្វសិទ្ធិពិសេស ដែលជាទូទៅទទួលបានដោយសារតែខ្លួនជាសាច់ញាតិរបស់អ្នកមានអំណាចក្នុងប្រទេស។
កាលពីថ្ងៃព្រហស្បតិ៍នេះ នាង Kahiyang Ayu បានបង្ហាញខ្លួននៅក្នុងការប្រឡងចូលជាបុគ្គលិករដ្ឋការស៊ីវិលនៅទីក្រុង Solo ហើយបានប្រឡងជាមួយនឹងបេក្ខជនប្រមាណជាង៦ពាន់នាក់ផ្សេងទៀត។
ការធ្វើបែបនេះបានបង្ករឲ្យមានការចាប់អារម្មណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលអំពើពុករលួយ និងបញ្ហាបក្ខពួកនិយមគឺជាបញ្ហាដ៏រាំរ៉ៃ ហើយកូនចៅរបស់អ្នកមានអំណាចជាញឹកញាប់ទទួលបានការបុព្វសិទ្ធិពិសេស។
ការចូលប្រឡងរបស់នាង Kahiyangនេះ បានកើតឡើងក្នុងពេលមិនដល់មួយសប្តាហ៍ ក្រោយពីឪពុករបស់នាងបានឡើងកាន់ដំណែង ដោយក្នុងពេលយុទ្ធនាការបោះឆ្នោតបានសន្យាថានឹងលុបបំបាត់អំពើពុករលួយ។ នៅសប្តាហ៍នេះ លោក Widodo ដែលគេស្គាល់ជាទូទៅថា Jokowi បានចាត់វិធានការណ៍ដែលមិនធ្លាប់មានពីមុន គឺឲ្យក្រុមឃ្លាំមើលប្រឆាំងអំពើពុករលួយជាតិពិនិត្យពិច័យក្រុមសមាជិកគណៈរដ្ឋមន្ត្រីសំខាន់ៗ។
ក្នុងឯកសណ្ឋានសខ្មៅដូចបេក្ខជនផ្សេងទៀត ហើយមានក្រុមសន្តិសុខការពារ នាង Kahiyang Ayu បានប្រាប់អ្នកយកព័ត៌មានថា ក្រោយពីប្រឡងរួច នាងចង់បានលទ្ធផលជោគជ័យដូចបេក្ខជនផ្សេងៗទៀតដែរ។
នាង Kahiyang Ayu និយាយថា៖
«តាមរយៈការចូលរួមប្រឡងនេះ ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងអាស្រ័យលើលទ្ធផលប្រឡង ដើម្បីជាប់ជាបុគ្គលិករដ្ឋការស៊ីវិលដូចៗគ្នា»។
នាង Lilis Jannatun ជាបេក្ខនារីម្នាក់ដែលបានអង្គុយជិតកូនស្រីលោកប្រធានាធិបតីក្នុងពេលប្រឡង ប្រាប់វីអូអេថា នាងភ្ញាក់ផ្អើលដែលកូនស្រីលោកប្រធានាធិបតី Widodoមិនទទួលបានការបុព្វសិទ្ធិពិសេស។
នាង Lilis ថា៖
«ច៎ា នាងបានអង្គុយក្បែរកាំជណ្តើរនៅពេលប្រឡង ឃ្លាតពីកន្លែងខ្ញុំអង្គុយពីរកៅអី... ខ្ញុំមិនឃើញមានសន្តិសុខណានៅក្បែរនាងក្នុងអំឡុងពេលប្រឡងទេ។ នាងបានប្រឡងដោយមិនបានទទួលបុព្វសិទ្ធពិសេសអ្វីឡើយ»។
លោក Hari Prihatno ប្រធានការងាររដ្ឋការប្រចាំតំបន់ បានប្រាប់អ្នកយកព័ត៌មានថា ការកំណត់បែបបទ និងការជួយសម្រួលដល់បេក្ខជន រួមទាំងកូនស្រីរបស់លោកប្រធានាធិបតីគឺមានភាពស្មើគ្នា។
លោក Hari និយាយថា៖
«អ្នកទាំងអស់គ្នាដែលជាអ្នកយកព័ត៌មានបានឃើញផ្ទាល់ភ្នែកហើយថា អ្វីៗគ្រប់យ៉ាងទាំងអស់គឺប្រព្រឹត្តទៅតាមបទដ្ឋាន និងវិធី ដោយគ្មានការផ្តល់បុព្វសិទ្ធិពិសេសអ្វីឡើយ បើទោះបីជានាងជាកូនស្រីលោកប្រធានាធិបតីក៏ដោយ។ ដូចបេក្ខជនដទៃទៀតដែលមានឯកសណ្ឋានសខ្មៅដូចគ្នាសម្រាប់ការប្រឡង នាងបានយកប័ណ្ណប្រឡង និងអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនមកជាមួយដែរ។ នាងបានអង្គុយលើកៅអីគ្មានពូកដូចគ្នានឹងបេក្ខជនប្រឡងផ្សេងទៀត។ នៅទីនេះអ្វីៗទាំងអស់មានតម្លាភាព»។
នៅទីក្រុង Solo បេក្ខជនប្រមាណ៦ពាន់២រយនាក់បានចូលរួមប្រឡងចូលជាបុគ្គលិករដ្ឋការស៊ីវិលចំនួន៦៥កន្លែង៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត