តុលាការឥណ្ឌូនេស៊ីបានច្រានចោលការអំពាវនាវដ៏ខ្លាំងមួយសុំឲ្យសម្រាលទោសអ្នកជួញដូរថ្នាំញៀនជនជាតិអូស្រ្តាលី២នាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីប្រហារជីវិត ស្ថិតក្នុងករណមួយដែលបានធ្វើឲ្យមានទំនាក់ទំនងជូរចត់រវាងប្រទេសឥណ្ឌូនេស៊ីនិងអូស្រ្តាលី។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបដិសេធការសម្រាលទោសដល់អ្នកទោស២នាក់នោះ។ នៅថ្ងៃអង្គារនេះ តុលាការទីក្រុងហ្សាការតាបានសម្រេចថា លោកមានសិទ្ធិធ្វើការប្រហារជីវិត ហើយតុលាការមិនអាចច្រានចោលការសម្រេចនេះទេ។
រដ្ឋាភិបាលអូស្រ្តាលីបានបង្កើនសំពាធខាងការទូតលើឥណ្ឌូនេស៊ី ដើម្បីទុកជីវិតជនជាតិអូស្រ្តាលី២នាក់គឺ Myuran Sukumaran និង Andrew Chan ដែលនឹងត្រូវប្រហារជីវិតដោយការបាញ់សម្លាប់ជាក្រុម។
នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតី Widodo បានទទូចឲ្យរដ្ឋាភិបាលរបស់លោកបន្តការប្រហារជីវិតជនជាតិអូស្រ្តាលីទាំង២នាក់នោះជាមួយនឹងមនុស្ស៩នាក់ផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីប្រហារជីវិត ហើយបានព្រមានរដ្ឋាភិបាលបរទេសកុំឲ្យព្យាយាមអូសបន្លាយបញ្ហានេះ។
លោកប្រធានាធិបតី Widodo បាននិយាយថា «កុំធ្វើអន្តរាគមន៍ក្នុងការប្រហារជីវិតនេះ។ នេះជាអធិបតេយ្យភាពខាងតុលាការនិងនយោបាយរបស់ឥណ្ឌូនេស៊ី»។ លោកប្រធានាធិបតីបាននិយាយទៀតថា លោកបានទទួលទូរស័ព្ទពីមេដឹកនាំបារាំងនិងប្រេស៊ីលដែលមានពលរដ្ឋរបស់ខ្លួនស្ថិតនៅក្នុងបញ្ជីប្រហារជីវិតដែរ។
កាលពីដំបូងជនជាតិអូស្រ្តាលីទាំង២នាក់នេះគ្រោងនឹងត្រូវប្រហារជីវិតនៅក្នុងខែកុម្ភៈនេះ ក៏ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់មួយខែ ពីព្រោះតែមូលហេតុខាងដឹកជញ្ជូន៕