ក្រុមហ៊ុនអន្តរជាតិកំពុងកាត់បន្ថយការទិញទំនិញពីក្រុមហ៊ុនធំបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី ឈ្មោះស៊ីណាម៉ាស (Sinar Mas) ដោយសារតែ មានការអះអាងថា ក្រុមហ៊ុននេះបានកាប់ព្រៃឈើរបស់ប្រទេសនេះដោយខុសច្បាប់ ហើយដាំដុះនៅលើដីមានជីជាតិនោះវិញ។ ក្រុមបរិស្ថានឈ្មោះគ្រីនភីស (Greenpeace) បានដឹកនាំកិច្ចប្រឹងប្រែង ដើម្បីជំរុញឲ្យមានផលិតផលប្រេងដូង និងក្រដាសប្រកបដោយនិរន្តរភាព នៅប្រទេសឥណ្ឌូនេស៊ី។
កាលពីពេលថ្មីៗនេះ ហាងលក់អាហារឆ្អិនស្រាប់ របស់សហរដ្ឋអាមេរិក ឈ្មោះប៊ើហ្គឺឃីង (Burger King) បានចាប់ផ្តើមកាត់បន្ថយការទិញប្រេងដូងពីសាខាមួយ របស់ក្រុមហ៊ុនស៊ីណាម៉ាស ដែលជាក្រុមហ៊ុនផលិតប្រេងដូងធំបំផុតលំដាប់ទី២ ក្នុងពិភពលោក។
ហាងនេះបានចាត់វិធានការដូច្នេះ បន្ទាប់ពីសវនកម្មមួយបានរកឃើញថា សាខារបស់ក្រុមហ៊ុនស៊ីណាម៉ាស ឈ្មោះស្មាត (SMART) បានបំពានលើច្បាប់ឥណ្ឌូនេស៊ី ដោយដាំដុះនៅលើដីមានជីជាតិ ដែលសម្បូរទៅដោយជាតិការប៊ោន។ SMART បានផ្តល់សិទ្ធិឲ្យធ្វើសវនកម្មនេះ។
ហាងប៊ើហ្គឺឃីងចូលរួមក្នុងបញ្ជីក្រុមហ៊ុនពហុជាតិសាសន៍ ដោយរាប់បញ្ចូលទាំងក្រុមហ៊ុនផលិតអាហារ ឈ្មោះណេស្លេ (Nestle) និងក្រុមហ៊ុនលក់ផលិតផលសម្រាប់អតិថិជនឈ្មោះយូនីលែវើ (Unilever) ដែលកំពុងកាត់បន្ថយការទិញប្រេងដូង និងក្រដាស ដែលផលិតដោយអង្គភាពនានារបស់ក្រុមហ៊ុនស៊ីណាម៉ាស។
អតិថិជនកាន់តែច្រើនឡើង នៅជុំវិញពិភពលោកកំពុងយកចិត្តទុកដាក់ទៅលើយុទ្ធនាការរបស់គ្រីនភីស ដើម្បីការពារព្រៃឈើរបស់ឥណ្ឌូនេស៊ី។ គ្រីនភីស និងក្រុមអភិរក្សដទៃទៀតបានឲ្យដឹងថា ព្រៃឈើ និងដីមានជីជាតិមួយចំនួនដ៏ល្វឹងល្វើយ កំពុងត្រូវបានកាប់ត្រាយ ដើម្បីយកឈើ និងផលិតក្រដាស ឬក៏យកកន្លែងសម្រាប់ធ្វើចំការដូងប្រេង។
លោកប៊ូសតារ ម៉ៃថា (Bustar Maitar) នៃគ្រីនភីសប្រចាំនៅតំបន់អាស៊ីអគ្នេយ៍ ថ្លែងថា សវនកម្ម ដែលធ្វើឡើងដោយក្រុម BSI បានបង្ហាញពីតួនាទីរបស់ក្រុមហ៊ុនស៊ីណាម៉ាស ក្នុងការកាប់ព្រៃឈើ។
«យើងបានរកឃើញថា អ្វីដែលក្រុមហ៊ុនស៊ីណាម៉ាសកំពុងធ្វើ គឺបានបំផ្លិចបំផ្លាញព្រៃឈើ ដែលទាក់ទាញទឹកភ្លៀង បំផ្លាញជម្រកសត្វជិតផុតពូជ ហើយស្របពេលជាមួយគ្នានោះដែរ បានបំផ្លាញដីមានជីជាតិ ដែលមានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងការចាប់ទុកជាតិកាប៊ោន ដើម្បីធ្វើឲ្យការផ្លាស់ប្ដូរអាសធាតុ ធ្វើដំណើរការទៅដោយយឺតៗ»។
ពីដំបូង ក្រុមហ៊ុនស៊ីណាម៉ាសបានបដិសេធថា ខ្លួនមិនបានដាំដុះនៅលើដីមានជីជាតិទេ បើទោះជាឥឡូវនេះ ខ្លួនបានទទួលស្គាល់ថា មានបញ្ហាក៏ដោយ។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុននេះ បានឲ្យដឹងថា ដីដែលពាក់ព័ន្ធនឹងបញ្ហានេះ មានទំហំតូចជាងអ្វីដែលគ្រីនភីសបានអះអាងចោទប្រកាន់។
SMART បានថ្លែងថា ខ្លួនកំពុងធ្វើការ ដើម្បីការពារបរិស្ថាន ហើយថា នៅត្រឹមឆ្នាំ២០១៥ ផលិតកម្មទាំងអស់នឹងមាននិរន្តរភាព។ លោកដត ដាសូណូ (Daud Dharsono) ជានាយករបស់ SMART ។
«SMART ទទួលស្គាល់អំពីការមិនគោរពច្បាប់ទាក់ទងទៅនឹងទំហំដីចំនួន១.៨ភាគរយ នៃតំបន់ដែលត្រូវបានដាំដុះនៅលើដីមានជីជាតិ ។ ចាប់ពីពេលនោះមក SMART បានចាត់វិធានការកែតម្រូវដ៏ចាំបាច់មួយចំនួននៅទីកន្លែងណាដែលអាចធ្វើទៅបាន ដូចជាការស្តារដីនោះឡើងវិញជាដើម»។
គេបានប្រទះឃើញ ប្រេងដូងនៅក្នុងផលិតផលរាប់ពាន់មុខ ដែលរាប់ចាប់តាំងពីនំ គ្រឿងសំអាង រហូតដល់ឥន្ធនៈជីវសាស្រ្តទៀតផង។
ឥណ្ឌូនេស៊ីជាប្រទេសផលិតប្រេងដូងច្រើនជាងគេបំផុតក្នុងពិភពលោក ហើយបរិមាណចំនួន២០លានតោន ដែលខ្លួនបានផលិតកាលពីឆ្នាំមុន បំពេញសេចក្ដីត្រូវការ នៃការបញ្ជាទិញរបស់សកលលោក បានជិតពាក់កណ្តាល ។ តួលេខរបស់ក្រសួងបរិស្ថានបង្ហាញថា ឥណ្ឌូនេស៊ីមានផែនការបន្ថែមទំហំដីចំនួន១៨លានហិកតាទៀត សម្រាប់ធ្វើចំការដូងប្រេងនៅទសវត្សរ៍ក្រោយ។
ក្រុមអភិរក្សព្រួយបារម្ភថា ការបង្កើននោះ ភាគច្រើន អាចត្រូវធ្វើឡើង ដែលនាំឲ្យខូចប្រយោជន៍ព្រៃឈើ និងដីមានជីជាតិរបស់ឥណ្ឌូនេស៊ី។
ក្រុមតស៊ូមតិការពារប្រេងដូងថ្លែងថា ការបង្កើនផលិតផលអាចមានលទ្ធភាពធ្វើទៅបាន ហើយការពារព្រៃឈើនៅពេលជាមួយគ្នាផងដែរ។ ការពិភាក្សាតុមូលស្តីពីប្រេងដូងប្រកបដោយនិរន្តភាព( Roundtable of Sustainable Palm Oil ឬហៅកាត់ថា RSPO) ជាយន្តការ តែមួយគត់ ដែលស្របតាមបទដ្ឋានឧស្សាហកម្ម ហើយដែលដាក់កិច្ចការយកប្រេងដូងទៅប្រើក្នុងវិស័យផ្សេងៗ នៅទូទាំងពិភពលោកប្រកបដោយនិរន្តរភាព ទៅក្នុងបញ្ជីត្រឹមត្រូវ។
ប៉ុន្តែ ក្រុមបរិស្ថានបានហៅ RSPO ថាគ្មានប្រសិទ្ធភាពទេ។ មានតែក្រុមហ៊ុនដាំដូងប្រេងចំនួន១២ប៉ុណ្ណោះ ក្នុងចំណោមក្រុមហ៊ុនរាប់ពាន់នៅឥណ្ឌូនេស៊ី ដែលបានចុះឈ្មោះក្នុងបញ្ជីត្រឹមត្រូវ ។ គ្រីនភីសបានថ្លែងថា ដរាបណាក្រុមហ៊ុនកាន់តែច្រើនឡើង គ្មានឈ្មោះនៅក្នុងបញ្ជីត្រឹមត្រូវទេ នោះព្រៃឈើរបស់ឥណ្ឌូនេស៊ីនៅតែស្ថិតក្នុងការគំរាមកំហែង។
លោកចូហាន់ វើប៊ើក (Johan Verburg) ជាប្រធាននៃក្រុមប្រឹក្សាទទួលពាក្យបណ្តឹងនៃអង្គការRSPO។ លោកមានប្រសាសន៍ថា អង្គការនេះនឹងបញ្ជូនលិខិតព្រមានទៅឲ្យក្រុមហ៊ុនសាខាSMART ទាក់ទងទៅនឹងរបាយការណ៍របស់គ្រីនភីស។
«វាច្បាស់ណាស់ថា ជាករណីស្របច្បាប់មួយ ហើយដោយគោលបំណងរបស់ RSPO គឺសំដៅទៅរកផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព យើងកំពុងចូលប្រឡូកក្នុងការសន្ទនាគ្នាជាមួយនឹងសមាជិកមួយនេះ ដើម្បីឲ្យ RSPO កែលំអការអនុវត្តន៍របស់ខ្លួន»។
ក្រុមអ្នកបរិស្ថាននិយាយថា ប្រព័ន្ធដើម្បីតាមឃ្លាំមើល ហើយនិងដាក់ផលិតផលប្រេងដូងប្រកបដោយនិរន្តរភាព នៅក្នុងបញ្ជីត្រឹមត្រូវ មានសភាពយឺតជាងការទាមទាររបស់អតិថិជន ដែលចង់បានផលិតផលមិនធ្វើឲ្យខូចបរិស្ថាន ។
ដោយការដាក់ឈ្មោះនៅក្នុងបញ្ជីត្រឹមត្រូវ មិនអាចធ្វើដំណើរការឲ្យបានឆាប់រហ័សបែបនេះហើយ ទើបក្រុមហ៊ុនទំនិញមួយចំនួនកំពុងស្វែងរករបៀបថ្មីៗ ដើម្បីបង្ហាញថា ទំនិញទាំងនោះ មានលក្ខណៈមិនធ្វើឲ្យខូចបរិស្ថានទេ។
ក្រុមហ៊ុនគ្រប់គ្រងជំនួញ ឈ្មោះSAP ផ្តល់ជូនកម្មវិធីកុំព្យូទ័រ ដែលធ្វើឲ្យក្រុមហ៊ុននានាធ្វើការវាស់ស្ទង់ពីការគោរពច្បាប់បរិស្ថាន និងបទបញ្ជាផ្នែកឧស្សាហកម្ម។
លោកសៃម៉ុន ដេល (Simon Dale) នៃក្រុមហ៊ុនSAP ដែលមានទីស្នាក់ការនៅប្រទេសសឹង្ហបូរី ថ្លែងថា កម្មវិធីកុំព្យូទ័រ អាចវាស់ស្ទង់កម្រិតជាតិកាប៊ោនរបស់ក្រុមហ៊ុន និងនិរន្តរភាពនៃផលិតផលរបស់ខ្លួន។
«ក្រុមហ៊ុននានាកំពុងប្រើប្រាស់ផលិតផលរបស់យើង ដើម្បីគ្រប់គ្រង រូបមន្តនៃផលិតផលរបស់ពួកគេ នៅក្នុងករណីខ្លះៗ។ ដូច្នេះ ដើម្បីធ្វើជាផ្នែកមួយនៃការធានាឲ្យប្រាកដថា ក្រុមហ៊ុនកំពុងធានាបាននូវផលិតផលប្រកបដោយនិរន្តរភាព ការណ៍នោះជាផ្នែកមួយនៃរូបមន្តនេះ ហើយផ្នែកដទៃទៀតគឺថា ប្រសិនបើផលិតផលឆ្លងកាត់តាមបណ្ដាញផ្គត់ផ្គង់ ត្រូវបានតាមដានមើលថាតើចេញពីប្រភពប្រកបដោយនិរន្តរភាពឬយ៉ាងណានោះ ប្រការនោះក៏ជាចំណុចមួយទៀតដែរ ដែលអតិថិជនម្នាក់ៗនឹងអនុវត្តតាមដំណោះស្រាយរបស់យើង»។
លោកដេលថ្លែងថា កម្មវិធីកុំព្យូទ័រជួយក្រុមហ៊ុននានាឲ្យចូលប្រឡូកដោយផ្ទាល់ជាមួយនិងអតិថិជនរបស់ខ្លួនលើបញ្ហាបរិស្ថាន ហើយបង្ហាញអំពីអ្វីៗដែល ពួកគេកំពុងធ្វើកិច្ចការ ដើម្បីការពារភពផែនដីនេះ៕
ប្រែសម្រួលដោយលី សុខឃាង