ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​នឹងពិនិត្យ​មើល​​ច្បាប់​ប្រឆាំង​ការនិយាយ​ប្រកប​ដោយ​ភាព​ស្អប់​ខ្ពើម​នៅ​លើបណ្តាញ​អ៊ីនធឺណិត​ដ៏​ចម្រូងចម្រាស


ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទ្វីធ័រ (Twitter)
ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទ្វីធ័រ (Twitter)
ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា
នៅ​ប្រទេស​ឥណ្ឌា ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែល​គ្រប់គ្រង​ឯកសារ​វាយ​ប្រហារដែល​បង្ហោះ​នៅលើបណ្តាញអ៊ីនធឺណិត ​នឹង​ត្រូវ​បានពិនិត្យមើលឡើងវិញ​ បន្ទាប់​ពី​មាន​ការតវ៉ាអំពី​ការ​ប្រើប្រាស់​ក្នុង​ផ្លូវ​ខុស​បែប​នេះ។ ដូច​ដែល Anjana Pasricha រាយការណ៍​ពី​រដ្ឋធានី​ញ៉ូវដេលី (New Delhi) ចំណាត់ការបែបនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​មាន​ការចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​កាល​ពីពេល​ថ្មី​ៗនេះ​ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​មនុស្ស​ជា​ច្រើន ពណ៌នា​ថាជាការ​សរសេរ​ផ្សាយ​លើទំព័រ​ហ្វេសប៊ុក (Facebook)​ប្រកប​ដោយភាព​ស្មោះ​ត្រង់។
ក្រោយ​ពី​បើក​សវនាកាលើរឿង​ក្តី​ដែល​ប្រឆាំងទៅនឹង​ផ្នែក​៦៦A​នៃ​ច្បាប់​ស្តីពី​ព័ត៌មាន​វិទ្យា​ តុលាការ​កំពូល​បាន​ថ្លែង​ថា​ការ​ប្រើ​ពាក្យពេចន៍​នៅ​ក្នុង​ច្បាប់​នេះ​គឺ​គ្មាន​ចេតនាច្បាស់​លាស់​នោះ​ទេ ​ហើយ​ច្បាប់​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​ផ្លូវ​ខុស។ តុលាការ​នេះ​បញ្ជាក់ថា​ ច្បាប់​នេះ​ចាំបាច់​ត្រូវ​សើរើ​ឡើង​វិញ។
ច្បាប់នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តុលាការ​កំពូល បន្ទាប់ពី​មាន​ការតវ៉ា​ជា​សាធារណៈ​ ​អំពី​ការចាប់​ខ្លួន​ស្ត្រី​វ័យ​ក្មេង​ពីរ​នាក់ ​ដែល​រស់នៅ​ជិត​ទីក្រុង​មុំបៃ (Mumbai) ពី​បទ​ផ្សព្វផ្សាយភាពស្អប់ខ្ពើម។
ស្ត្រី​ម្នាក់​ក្នុង​ចំណោមពីរនាក់ បាន​បង្ហោះ​ការ​អត្ថាធិប្បាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​សប្តាហ៍​មុន ដែល​បាន​ចោទ​សួរថាតើហេតុ​អ្វី​បាន​ជា​ទីក្រុង​មុំបៃ​ត្រូវ​បាន​បិទ បន្ទាប់​ពីការ​ស្លាប់​របស់​លោក បាល់ ថេគីរ៉េ (Bal Thackeray) ដែល​ជា​អ្នក​នយោបាយប្រកាន់​ស្តាំ​និយម​ម្នាក់ និង​ប្រតិបត្តិ​សាសនា​ហិណ្ឌូ។ នាង​បាន​និយាយ​ថា ទីក្រុង​នេះ​ត្រូវ​បាន​បិទ​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច មិន​មែន​ដោយ​សារ​ការ​គោរព​នោះ​ទេ។ មិត្ត​នាង​ម្នាក់​ដែល​បាន​ចុច​លើ​ពាក្យ «​ចូលចិត្ត» ចំពោះ​ការ​សរសេរ​នេះ ​ក៏​ត្រូវ​បាន​ចាប់ខ្លួនដែរ។
ក្រោយ​មក ពួកគេត្រូវ​បាន​ដោះលែង​ដោយ​បង់​ប្រាក់​ធានា ​ហើយ​ការ​ចោទប្រកាន់ប្រឆាំង​នឹង​ពួកគេ ​ក៏ត្រូវបាន​បោះបង់​ចោល។ មន្ត្រី​ប៉ូលីស​ពីរ​នាក់​ក៏ត្រូវ​បាន​ផ្អាកការងារដែរ។
ប៉ុន្តែ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លាប្រឆាំង​នឹង​ការ​ចាប់ខ្លួនពីបទ​សរសេរ​យោបល់ធម្មតាសោះ ​បាន​នាំ​ឱ្យ​មាន​ការត្រួតពិនិត្យលើ​ច្បាប់​នេះ។
ក្រុមអ្នក​ជំនាញ​និយាយ​ថា ​ច្បាប់​នេះ ដែលការចាប់​ខ្លួន​ត្រូវ​បានអនុវត្ត ត្រូវ​បាន​តាក់តែងឡើងប្រកប​ដោយ​ភាពស្រពិចស្រពិល​និងបាន​ពង្រីក​ដែន​អំណាច​របស់ខ្លួន។ ច្បាប់នេះអនុញ្ញាត​ឱ្យដាក់​ពន្ធនាគា​រ​រហូត​ដល់​បី​ឆ្នាំ​ចំពោះការ​ផ្ញើ​អ៊ីម៉េល​ឬ​សារ​អេឡិចត្រូនិច​ដ​ទៃ​ទៀត​ដែល «បណ្តាល​ឱ្យមាន​ការ​រំខាន​ឬ​ភាពមិនស្រណុក​ចិត្ត។»
លោក ផាវ៉ាន ឌូកហ្គាល (Pavan Duggal) ​អ្នក​ឯកទេស​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ម្នាក់​ ក្នុង​រដ្ឋធានី​ញ៉ូវ​ដេលី ពណ៌នា​ច្បាប់​នេះ​ថា​ជា​«ដង្កូវ​មួយ​កំប៉ុង» និងអាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផ្លូវ​ខុសយ៉ាង​ធ្ងន់ធ្ងរ។
«​ច្បាប់​នេះ​មិន​បាន​កំណត់​និយមន័យ​ចំពោះអ្វី​ដែល​ហៅ​ថា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ទេ។ ច្បាប់​នេះ​មិន​បាន​ផ្តល់​និយមន័យចំពោះអ្វី​ដែល​មាន​សារជាតិ​គំរាម​កំហែងនោះ​ទេ។ ការណ៍នេះ ផ្តល់​ឆន្ទានុសិទ្ធិប្រកប​ដោយ​ភាព​សត្យានុម័តដល់ក្រុម​ប៉ូលិស និង​ភាគី​ដើម​បណ្តឹង ក្នុង​កំណត់ថាតើអ្វី​ជា​ការ​និយាយដោយ​សេរី​ ​អាច​ត្រូវ​បាន​ចាត់​ថ្នាក់ថាជា​ការ​បំពាន​ឬ​គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ បញ្ហា​នេះ​នាំ​ឱ្យ​មាន​ការ​រំលោភអំណាច​យ៉ាងខ្លាំងក្លា»។​
មាន​ឧទាហរណ៍​មួយ​ចំនួនពី​មុន​ៗមក ​ស្តី​ពី​ការ​ប្រើប្រាស់​ច្បាប់​ក្នុង​ផ្លូវ​ខុស។ នៅ​ខែ​តុលា អ្នក​ជំនួញ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សង្កាត់ ផូនឌីឈឺរី (Pondicherry) ដោយសារ​ការបង្ហោះ​ព័ត៌មាននៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទ្វីធ័រ (Twitter) ដែល​បាន​រិះគន់​កូន​ប្រុស​ម្នាក់​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុរបស់ឥណ្ឌា​។ នៅខែមីនា គ្រូ​បង្រៀន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួននៅរដ្ឋបង់ហ្គាល់​ខាង​លិច (West Bengal) ពីបទ​ផ្ញើ​អ៊ីម៉េល​រូប​ត្លុក​កំប្លែង​មួយ ​ដែល​រិះ​គន់​ប្រមុខ​រដ្ឋ​មន្ត្រី​របស់​រដ្ឋ​នេះ​ទៅ​ឲ្យ​មិត្ត​ភ័ក្តរបស់​ខ្លួន។
រដ្ឋ​មន្ត្រី​ព័ត៌មានវិទ្យាឥណ្ឌា លោក កាភាល ស៊ីបាល (Kapil Sibal) និយាយ​ថា ​រដ្ឋាភិបាល​បាន​ចេញ​គោលការណ៍​ណែនាំ​ថ្មី​ៗ ​ដែល​រារាំងក្រុម​មន្ត្រី​ប៉ូលីស​ថ្នាក់​ក្រោម មិនឲ្យ​ធ្វើ​ការ​ចាប់​ខ្លួននៅក្រោម​ច្បាប់​នេះ​ទេ។ ប៉ុន្តែ​ការ​ទាមទារនេះ​ កំពុង​កើន​ឡើង ទាក់​ទង​នឹង​ការបោះបង់​ចោល​ចំនុច​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ។ កាល​ពី​មុន ប្រទេស​ឥណ្ឌា​ ​ធ្លាប់​ត្រូវ​បាន​រិះគន់ចំពោះការ​រឹត​ត្បិត​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​តាមរយៈការ​ព្យាយាម​បង្កើត​ច្បាប់​គ្រប់គ្រងលើ​ខ្លឹមសារ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិតនេះ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG