រដ្ឋាភិបាលឥណ្ឌាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Narendra Modi កំពុងមានជម្លោះជាមួយក្រុមហ៊ុនបណ្តាញសង្គមនានារបស់អាមេរិក ទាក់ទងនឹងការកំណត់គោលការណ៍ថ្មីរបស់រដ្ឋាភិបាលប្រទេសនេះស្តីពីការបញ្ចេញមតិលើប្រព័ន្ធអនឡាញ នៅក្នុងប្រទេសដែលមានប្រជាជនសរុបជិត១៤០០លាននាក់។
ឥណ្ឌាតម្រូវឲ្យក្រុមហ៊ុនបណ្តាញសង្គមនានាក្នុងប្រទេសឥណ្ឌារឹតបន្តឹងទៅលើប្រធានបទមួយចំនួននៅក្នុងប្រព័ន្ធសេវារបស់ខ្លួន ដោយអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាលឥណ្ឌាក្នុងការដកចេញនូវសារបង្ហោះ និងបង្ហាញប្រភពដើមនៃព័ត៌មាន ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមទាំងនោះ។ ក្នុងករណីដែលក្រុមហ៊ុនមិនអនុវត្តតាម បុគ្គលិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះនឹងត្រូវដាក់ឲ្យទទួលខុសត្រូវតាមបទព្រហ្មទណ្ឌ។
សកម្មជននិយាយថា កំណើនភាពតានតឹងរវាងរដ្ឋាភិបាលឥណ្ឌា និងក្រុមហ៊ុនបច្ចេកវិទ្យានេះអាចរឹតត្បិតសិទ្ធិបញ្ចេញមតិតាមប្រព័ន្ធអនឡាញក្នុងប្រទេសឥណ្ឌា។
ក្រុមហ៊ុនបណ្តាញសង្គមដែលកំពុងមានជម្លោះលេចធ្លោជាងគេជាមួយរដ្ឋាភិបាលឥណ្ឌាគឺក្រុមហ៊ុន Twitter ដែលបានស្នើសុំពន្យារពេល៣ខែក្នុងការអនុវត្តតាមគោលការណ៍ថ្មីរបស់រដ្ឋាភិបាលឥណ្ឌា ដែលបានចូលធរមានកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។
បញ្ហាទាក់ទងនឹងក្រុមហ៊ុន WhatsApp គោលការណ៍ថ្មីនេះតម្រូវឲ្យក្រុមហ៊ុននេះដកចេញការបំប្លែងជាលេខកូដដែលហៅថា encryption។
រដ្ឋាភិបាលឥណ្ឌាបានបដិសេធរាល់ការរិះគន់ដែលថា គោលការណ៍ថ្មីនោះជាការរឹតត្បិតការបញ្ចេញមតិតាមប្រព័ន្ធអនឡាញ៕