កាលពីថ្ងៃសុក្រ ទី៨ ខែមីនា ប្រទេសឥណ្ឌាបានចាប់ផ្តើមបញ្ជូនជនភៀសខ្លួនមីយ៉ាន់ម៉ាមួយក្រុមដំបូងដែលស្វែងរកទីជម្រកនៅទីនោះបន្ទាប់ពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ជូនបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីប្រទេសនេះបានថ្លែងថា ខ្លួននឹងបញ្ចប់គោលនយោបាយព្រំដែនគ្មានទិដ្ឋាការជាមួយមីយ៉ាន់ម៉ា។
ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់មកពីប្រទេសមីយ៉ាន់ម៉ាបានភៀសខ្លួនទៅរដ្ឋនានានៅប្រទេសឥណ្ឌា ជាកន្លែងដែលសហគមន៍នៃប្រទេសទាំងពីរមានទំនាក់ទំនងជាតិសាសន៍ និងគ្រួសារនឹងគ្នា ដែលធ្វើឱ្យមានការព្រួយបារម្ភដល់រដ្ឋាភិបាលក្រុងញូវដែលី ដោយសារតែហានិភ័យនៃភាពតានតឹងសហគមន៍រីករាលដាលដល់ប្រទេសឥណ្ឌា។
លោក N. Biren Singh អភិបាលរដ្ឋ Manipur នៅភាគឦសាននៃប្រទេសឥណ្ឌាដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា បានថ្លែងនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ថា «ក្រុមទីមួយនៃជនជាតិមីយ៉ាន់ម៉ាដែលបានចូលក្នុងប្រទេសឥណ្ឌាដោយខុសច្បាប់ត្រូវបានបញ្ជូនខ្លួនទៅវិញនៅថ្ងៃនេះ»។
រដ្ឋ Manipur គ្រោងនឹងបញ្ជូនជនភៀសខ្លួនយ៉ាងតិច ៧៧ នាក់ត្រឡប់ទៅវិញ ដោយចាប់ផ្តើមពីថ្ងៃសុក្រ ទី៨ ខែមីនា។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាលថ្នាក់រដ្ឋ ដែលសារព័ត៌មាន Reuters បានឃើញ។ នៅរដ្ឋនេះ មានការផ្ទុះឡើងនូវអំពើហិង្សាជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សជិត ២០០ នាក់រហូតមកដល់ពេលនេះ ចាប់តាំងពីពេលផ្ទុះឡើងនូវការប៉ះទង្គិចជាតិសាសន៍កាលពីខែឧសភាឆ្នាំមុន។
មន្ត្រីសន្តិសុខឥណ្ឌាម្នាក់បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃបញ្ហានេះថា ជនភៀសខ្លួនក្រុមដំបូងបានមកដល់ទីក្រុង Moreh ដែលជាទីក្រុងនៅព្រំដែនឥណ្ឌា ហើយទំនងជាត្រូវបានប្រគល់ខ្លួនទៅមីយ៉ាន់ម៉ានៅដើមខែមីនាកន្លងទៅនេះ។
លោក Singh បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គម X ដែលបង្ហាញពីជនភៀសខ្លួនជាស្ត្រីមួយចំនួនដែលត្រូវបាននាំចេញពីរថយន្តកងសន្តិសុខ និងយកទៅអាកាសយានដ្ឋាន។
អ្នកនាំពាក្យបានថ្លែងកាលពីពេលថ្មីៗនេះ ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក «ព្រួយបារម្ភចំពោះរបាយការណ៍ដែលថា ការបញ្ជូនខ្លួនកាលពីពេលថ្មីៗនេះពីប្រទេសឥណ្ឌាទៅមីយ៉ាន់ម៉ា រួមមានជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន»។
ក្រសួងការបរទេសអាមេរិកបានរំឭកឡើងវិញនូវការអំពាវនាវរបស់អង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ «ដែលបានជំរុញឱ្យប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាផ្តល់កន្លែងជ្រកកោន និងការការពារដល់អ្នកដែលភៀសខ្លួនចេញពីអំពើហិង្សា និងការបៀតបៀន»។
រដ្ឋាភិបាលក្រុងញូវដែលីមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ របស់អង្គការសហប្រជាជាតិ ដែលចែងអំពីសិទ្ធិជនភៀសខ្លួន និងការទទួលខុសត្រូវរបស់រដ្ឋដើម្បីការពារពួកគេនោះទេ ហើយក៏មិនមានច្បាប់ជាតិការពារជនភៀសខ្លួនដែរ។
លោក Singh បានសរសេរនៅក្នុងសាររបស់លោកថា ប្រទេសនេះបានផ្តល់«ជម្រក និងជំនួយដល់អ្នកដែលភៀសខ្លួនចេញពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមហេតុផលមនុស្សធម៌ ដោយប្រើប្រាស់វិធីសាស្រ្តជាប្រព័ន្ធ»។
កាលពីខែកុម្ភៈ ប្រទេសឥណ្ឌាបានថ្លែងថា ខ្លួននឹងបញ្ចប់គោលនយោបាយធ្វើដំណើរគ្មានទិដ្ឋាការជាមួយប្រទេសមីយ៉ាន់ម៉ាដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយសម្រាប់ពលរដ្ឋនៅតាមព្រំដែនរបស់ប្រទេសទាំងពីរ ក្រោមហេតុផលផ្សេងៗដែលរួមមានហេតុផលសន្តិសុខជាតិផងដែរ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសធ្វើរបងព្រំដែនប្រវែង ១.៦៤៣ គីឡូម៉ែត្រជាមួយប្រទេសមីយ៉ាន់ម៉ា៕