ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​ភ្ញាស់​ត្រី​​​សមុទ្រ​​អាច​កាត់​បន្ថយ​​ការ​​​ប៉ះពាល់​ដល់​ធនធាន​ត្រី​ទឹក​ប្រៃ


ជាច្រើន​ឆ្នាំ​មក​ហើយ ​ការ​នេសាទ​ត្រី​សមុទ្រ​បាន​កើន​ឡើង​ជា​លំដាប់​ដែល​ជា​កត្តា​បង្ក​ឱ្យ​មាន​ការ​ ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​ធនធាន​ត្រី​ទឹកប្រៃ​នេះ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មជ្ឍមណ្ឌល​ភ្ញាស់​កូន​ត្រី​និង​បង្គា​សមុទ្រ​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ផង​និង​ដើម្បី​កាត់បន្ថយ​សម្ពាធ​ទៅ​លើ​ការ​ចាប់ត្រី​សមុទ្រ​ធម្មជាតិ​ផង។

លោក ​ពេជ្រ សំណាង​ រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ពី​ខេត្ត​ព្រះ​សីហនុ​ជូន​ដូច​ត​ទៅ៖

កម្មករ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​២០​នាក់​ដោយ​ខ្លះ​កំពុង​ចង​សសៃ​ដែក​ត្រៀម​ចាក់​ពុម្ព​សរសេរ ​ខណៈ​ដែល​ខ្លះ​ទៀត​កំពុង​បញ្ជា​គ្រឿង​យន្ត​ឈូស​ពង្រាប​ដី​នៅ​ក្នុង​ការដ្ឋាន​សាងសង់​មួយ​កន្លែង​ក្នុង​ភូមិ​ ទំនប់​រលក​ សង្កាត់​លេខ១​ នៃ​ក្រុង​ព្រះសីហនុ។

គឺ​ទី​នេះ​ហើយ​ដែល​ជា​ការដ្ឋាន​សាងសង់​មជ្ឍមណ្ឌល​អភិវឌ្ឍន៍​វារី​វប្បកម្ម​សមុទ្រ​ឬ​កន្លែង​បង្កាត់​កូន​ត្រី​និង​មច្ឆា​សមុទ្រ​ដំបូង​គេ​របស់​កម្ពុជា​នោះ។

ការ​សាងសង់​មណ្ឌល​នេះ​បាន​ចាប់​ផ្តើម​នៅ​ចុង​ខែមេសា​ ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ក្នុង​ទឹក​ប្រាក់​ចំនួន​៦២៤​លាន​យេន​ ឬ​ស្មើនឹង​ជាង​៦,៦​លាន​ដុល្លារ​អាមេរិក​ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១១។

មជ្ឈមណ្ឌល​នេះ​នឹង​ត្រូវ​ប្រើ​ជា​កន្លែង​ស្រាវជ្រាវ​ ចិញ្ចឹម​និង​បង្កាត់​ពូជ​ត្រី​សមុទ្រ​ជាច្រើន​ប្រភេទ​រួមមាន​ត្រី​ដំរី​ ​ត្រី​តឹកកែ ​ត្រី​អាំងគើយ​ និង​ត្រី​ឆ្ពង់​ ហើយ​រួមទាំង​ភ្ញាស់​កូន​បង្គា​និង​បង្កង​ផង​ដែរ។ ​ពូជ​ត្រី​ទាំងនេះ​កំពុង​ទទួល​រង​ការ​នេសាទ​យ៉ាង​ច្រើន​នេះ​បើ​ផ្អែក​តាម​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន​ហៅ​កាត់​ថា JICA ​ដែល​ទទួល​បន្ទុក​ខាង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​បង្កាត់​កូន​ត្រី​សមុទ្រ​នេះ។

កញ្ញា ​ស៊ីវ ជាង​ មន្រ្តី​កម្ម​វិធី​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​របស់​អង្គការ JICA ​មាន​ប្រសាសន៍​ថា​ ​ការ​បង្កើត​មណ្ឌល​ភ្ញាស់​កូនត្រី​សមុទ្រ​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កូន​ត្រី​ដែល​ចេះ​តែ​កើន​ឡើង​ក្នុង​ចំណោម​កសិករ​ខ្មែរ​ដែល​ចិញ្ចឹម​ត្រី​សមុទ្រ​នេះ។

“មួយ​ទៀត​គឺ​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ទៅ​លើ​ការ​ប្រើប្រាស់​ត្រី​ធម្មជាតិ​និង​ការ​ចាប់​ត្រី​ធម្មជាតិ​ហើយ​នឹង​មួយ​ទៀត​គឹ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​ទាក់ទង​នឹង​ការ​នាំចូល​ត្រី​ពី​បរទេស​មក​ ដែល​ជួនកាល​ត្រី​អស់នោះ​ភ្ជាប់​មក​ជាមួយ​នឹង​ជំងឺ”។

នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ មណ្ឌល​ភ្ញាស់​កូនត្រី​សមុទ្រ​នេះ​នឹង​ភ្ញាស់​កូនត្រី​ឆ្ពង់​ចំនួន​៤០​ម៉ឺន​ក្បាល​ក្នុង​មួយ​ឆ្នាំ។

ប្រជាជន​ខ្មែរ​ម្នាក់​ជា​មធ្យម​បរិភោគ​សាច់ត្រី​សមុទ្រ​ចំនួន​១​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ​ ​ខណៈ​ដែល​ពួកគេ​បរិភោគ​សាច់​ត្រី​ទឹក​សាប​សរុប​ជាង​៥១​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ​ នេះ​បើ​យោង​តាម​រដ្ឋបាល​ជលផល​កម្ពុជា។

តម្រូវការ​ត្រី​សមុទ្រ​នេះ​ចេះ​តែ​កើន​ឡើង​ក្នុង​មួយ​ឆ្នាំៗ​ដែល​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​ដែល​ចិញ្ចឹម​ត្រី​សមុទ្រ​ត្រូវ​បង្កើន​ការចិញ្ចឹម​របស់​ពួក​គេ​បន្ថែម​ទៀត។​ កូន​ត្រី​សមុទ្រ​ដែល​កសិករ​ខ្មែរ​ចិញ្ចឹម​នោះ​ត្រូវ​នាំ​ចូល​មក​នាំ​ពី​ប្រទេស​វៀតណាម ​តៃវ៉ាន់​និង​ភាគច្រើន​ពី​ប្រទេស​ថៃ​ ក្នុង​តម្លៃ​ពី​១០០០​ទៅ​២០០០​រៀលក្នុង​មួយ​ក្បាល។

លោក ​ណៅ​ ធួក​ ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា ​មាន​ប្រសាសន៍​ថា ​មជ្ឍមណ្ឌល​នេះ​មាន​គោល​ដៅ​ជួយ​បណ្តុះ​បណ្តាល​កសិករ​ខ្មែរ​ឱ្យ​ចេះ​ពី​របៀប​ភ្ញាស់​និង​ចិញ្ចឹម​ត្រី​សមុទ្រ​ប្រយោជន៍​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពួក​គេ​បន្ថែម​ទៀត។

លោក​ ណៅ ធួក​ មាន​ប្រសាសន៍​បន្ត​ថា​ កសិករ​ចិញ្ចឹម​ត្រី​និង​បង្គា​សមុទ្រ​នៅ​ក្នុង​ខេត្ត​ទាំង​បួន​ជាប់​មាត់​សមុទ្រ​ រួមមាន​ខេត្ត​កំពត​ កែប ​កោះកុង​ និង​ខេត្ត​ព្រះសីហនុ​នេះ​នឹងទទួល​បាន​បច្ចេក​ទេស​ ភ្ញាស់​និង​ចិញ្ចឹម​មច្ឆា​សមុទ្រ​នេះ។

“យើង​បង្កើត​មួយ​ហ្នឹង​ធំ ​ ​ហើយយើង​ហៅ​កសិករ​ទាំង​បួន​ខេត្ត​ហ្នឹង​ឱ្យ​មក​រៀន។​ កាល​ណា​យើង​ត្រូវការ​ឱ្យ​គាត់​ចេះ​ភ្ញាស់​បង្គា​ ភ្ញាស់​ឆ្ពង់ ​ត្រី​តឹកកែ​ហ្នឹង​ គឺ​យើង​ហៅ​គាត់​យក​មក​បង្រៀន​ ហើយ​គាត់​ទៅសង់​ខ្លួន​គាត់​តូចៗ។​ យើង​ជួយ​បច្ចេក​ទេស​ក្នុង​ការ​ឱ្យ​គាត់​សង់ ​ហើយ​គាត់​ភ្ញាស់​លក់​ខ្លួន​គាត់”។

ប្រជា​នេសាទ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ទំនប់​រលក​ សង្កាត់​លេខ១​ ក្នុង​ក្រុង​ព្រះសីហនុ​នេះ​បាន​សម្តែង​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ការ​បង្កើត​មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រី​និង​បង្គា​សមុទ្រ​ក្នុង​ភូមិ​របស់​ខ្លួន​ដោយ​ពួក​គេ​រំពឹង​ថា ​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គេ​ប្រសើរ​ជាង​មុន។

កំពុង​អង្គុយ​លើ​គ្រែ​ក្នុង​ផ្ទះ​របស់​លោក​ដែល​សង់​នៅ​លើ​ទឹក​សមុទ្រ​នេះ​ លោក​នុត សាផៃ​ អ្នក​នេសាទ​វ័យ​៣៤​ឆ្នាំ​ បាន​មាន​ប្រសាសន៍​ ក្នុង​ខណៈដែល​កូន​តូចៗ​បី​នាក់​របស់​លោក​កំពុង​រត់​ប្រឡែង​គ្នា​លេង​ ​ថា​ ​លោក​សង្ឃឹម​ថា​ មជ្ឈមណ្ឌល​បង្កាត់​កូនត្រី​នេះ​នឹង​ជួយ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ចិញ្ចឹម​ត្រី​ដល់​រូបលោក​និង​អ្នក​នេសាទ​ផ្សេង​ទៀត​ក្នុង​ភូមិ​នេះ។

“បើ​សិន​ជា​មាន​វិធី​ភ្ញាស់​កូនត្រី ​បង្កាត់​លក់​ឱ្យ​យើង​ ឬ​មួយ​មាន​វិធី​បង្រៀន​យើង​ខាង​ចិញ្ចឹម​ ឬ​ណែនាំ​យើង​ចិញ្ចឹម​បាន​ផល​ល្អ។ ​យើង​ក៏សប្បាយ​ចិត្ត​ដែរ ​ដោយសារ​យើង​នៅ​នឹង​ទឹក​នេសាទ។​ យើង​ត្រូវ​ការ​ ចិញ្ចឹម​ត្រី​ចិញ្ចឹម​អី​ ​ព្រោះ​មួយ​ជួរ​ហ្នឹង​បើ​ចិញ្ចឹម​ត្រី​ល្អ”។

អ្នក​នេសាទ​ម្នាក់​ទៀត​គឺ​លោក​ អ៊ុយ ប៊ុនទៀង​ វ័យ​៣៨​ឆ្នាំ ​បាន​មាន​ប្រសាសន៍​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក​ដែល​ស្ថិត​នៅ​អែប​នឹង​ការដ្ឋាន​សាងសង់​មណ្ឌល​ភ្ញាស់​កូនត្រី​នេះ​ថា​ ​លោក​រំពឹង​ថា មជ្ឈមណ្ឌល​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​នេសាទ​ ដូចជា​រូបលោក​ជាដើម​ ដែល​បច្ចុប្បន្ន​ពឹង​អាស្រ័យ​ទាំងស្រុង​ទៅ​លើ​ការ​នេសាទ​ត្រី​នៅ​ក្នុង​សមុទ្រ។

“ជំនួយ​របស់​គេ​មក​រាប់​លាន​ហ្នឹង​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​មាន​ជីវភាព​ធូរធារ។​ ខ្ញុំ​សង្ឃឹម​ថា​ គេ​នឹង​ជួយ​ប្រជាជន។​ ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​ជា​ប្រជាជន​ម្នាក់​ដែរ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ពី​កន្លែង​វារី​វប្បកម្ម​ហ្នឹង។​ យើង​ទិញ​កូន​ត្រី​ពី​គេ​យក​មក​ចិញ្ចឹម​ឬ​យក​មក​ធ្វើ​អី​អញ្ចឹង​ហា៎ ​ ព្រោះ​អី​យើង​មិន​អាច​នេសាទ​បាន​រហូត​ទេ។ ​ដល់​ពេល​យើង​ចាស់​ទៅ​ ​យើង​មាន​វិធី​មួយ​ទៀត​គឺ​យើង​ចិញ្ចឹម​ត្រី គឺ​យើង​នៅ​មួយ​កន្លែង​អញ្ចឹង។ ​វា​ស្រួល​ជាង​យើង​ចុះ​ទៅ​សមុទ្រ”។

តែ​ទោះជា​យ៉ាងនេះ​ក្តី ​ ​អ្នក​នេសាទ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ទំនប់​រលក​នេះ ​បាន​និយាយ​ថា​ ​ មជ្ឈមណ្ឌល​បង្កាត់​កូនត្រី​សមុទ្រ​នេះ​នឹង​គ្មាន​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​នោះ​ទេ​ ​ដោយ​ពួក​គេ​លើក​ឡើង​ថា​ ​ពួក​គេ​ពុំ​បាន​ទទួល​ព័ត៌មាន​ណា​មួយ​អំពី​ការ​បង្កើត​មណ្ឌល​នេះ​ទេ​ បើ​ទោះជា​ពួកគេ​រស់នៅ​អែប​នឹង​ការដ្ឋាន​សាងសង់​មណ្ឌល​នេះ​ក៏ដោយ។

លោក ​ឆោម ទ្រី ​អ្នក​នេសាទ​ម្នាក់​ដែល​រស់​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ការដ្ឋាន​សាងសង់​មណ្ឌល​ភ្ញាស់​កូនត្រី​នេះ ​មាន​ប្រសាសន៍​នៅ​លើ​អង្រឹង​មុខ​ផ្ទះ​របស់​លោក​ថា​ ​ លោក​មិន​រំពឹង​ថា​ ​ មណ្ឌល​ភ្ញាស់​កូន​ត្រី​សមុទ្រ​នេះ​នឹង​ផ្តល់​ពូជ​ត្រី​ដោយ​ឥត​គិត​ថ្លៃ​ដល់​រូបលោក​និង​ប្រជា​នេសាទ​ផ្សេង​ ទៀត​ក្នុង​ភូមិ​នេះ​ទេ។ ​លោក​ជឿ​ថា​ ​ការ​បង្កើត​មណ្ឌល​ភ្ញាស់​កូនត្រី​នេះ​គឺ​គ្រាន់​តែ​ដើម្បី​លក់​កូន​ត្រី​ឱ្យ​ កសិករ​ដើម្បី​រក​ផល​ចំណេញ​តែ​ប៉ុណ្ណោះ។

“គេ​អត់​ឱ្យ​បាន​អី​ដល់​យើង​ផង។​ យើង​រក​ស៊ី​តាម​តែ​យើង។ ​គេ​ធ្វើ​អី​តាម​តែ​គេ។​ យើង​អត់​បាន​ប្រយោជន៍​អី​ទាំង​អស់។​ គេ​មាន​ឱ្យ​យើង​ឯ​ណា? គេ​ចិញ្ចឹម​តែ​គេ។​ គេ​ភ្ញាស់​តែ​គេ​ហ្នឹង​ ហើយ​នៅ​តែ​នេសាទ​ដដែល។​ បើ​យើង​មិន​ទៅ​រក ​យើង​អត់​អី​ហូប”។

លោក​ ណៅ ធួក ​មាន​ប្រសាសន៍​ថា ​គម្រោង​អភិវឌ្ឍន៍​មណ្ឌល​ភ្ញាស់ កូនត្រី​សមុទ្រ​នេះ ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ដោយ​មាន​ការ​លើក​ផ្ទាំង​ប៉ាណូ​អំពី​គម្រោង​ដាក់​នៅ​ខាង​មុខ​ការដ្ឋាន​សាងសង់​និង​ការ​អញ្ជើញ​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ប្រមាណ​៥០០​នាក់​ឱ្យ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​នេះ​នៅ​ថ្ងៃ​ទី២៦​ ខែមេសា​កន្លង​ទៅ​នេះ​ផង​ដែរ។

ប៉ុន្តែ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា ​គម្រោង​នេះ​នឹង​មិន​ចែកចាយ​កូនត្រី​ដោយ​ឥត​គិត​ថ្លៃ​ដល់​ កសិករ​ដែល​ចង់​ចិញ្ចឹម​ត្រី​សមុទ្រ​នេះ​ទេ​ ដោយសារ​លោក​ពន្យល់​ថា ​ការ​ធ្វើ​បែប​នេះ​នឹង​ក្លាយ​ជា​ បទ​ពិសោធន៍​អាក្រក់​ ដោយ​កសិករ​នឹង​មិន​គិត​ថា​ ​ខ្លួន​ជា​ម្ចាស់​ត្រូវ​ចូល​រួម​ចំណែក​ថែ​រក្សា​ធនធាន​ដែលបាន​ស្រាប់​ទាំង​នោះ​ឡើយ។

តែ​ទោះជា​យ៉ាង​នេះ​ក្តី ​ ​លោក​ ណៅ ធួក​ បន្ថែម​ថា ​កសិករ​ដែល​មាន​បំណង​ចង់​ភ្ញាស់​និង​ចិញ្ចឹម​ត្រី​ និង​បង្គា​សមុទ្រ ​នឹង​អាច​ទទួល​បាន​បច្ចេក​ទេស​នេះ​ បន្ទាប់​ពី​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​វារី​វប្បកម្ម​សមុទ្រ​នេះ​ត្រូវ​បាន​សាងសង់​រួចរាល់​នៅ​ដើម​ឆ្នាំ​ក្រោយ។

XS
SM
MD
LG