នៅក្នុងប្រទេសស៊ីមបាវ៉េ ប្រជាជនមានគំនិតផ្ទុយពីគ្នាអំពីមរណភាពរបស់លោក Robert Mugabe ដែលជាអតីតប្រធានាធិបតីនៃប្រទេសនេះ។ លោកបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា កន្លងទៅនេះ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសសិង្ហបុរី។
លោក Mugabe ត្រូវបានគេទទួលស្គាល់ថា ជាមេដឹកនាំដំបូងបង្អស់ម្នាក់នៃចលនារំដោះប្រឆាំងនឹងអាណានិគមក្នុងទ្វីបអាហ្វ្រិក។ លោកធ្លាប់ត្រូវបានមនុស្សជាច្រើនហៅថាជាវីរបុរសដ៏អង់អាចម្នាក់។ ប៉ុន្តែកេរដំណែលរបស់លោកក៏រួមមានទាំងការបង្ហូរឈាមប្រជាពលរដ្ឋខ្លួនឯងនិងធ្វើឲ្យសេដ្ឋកិច្ចរបស់ស៊ីមបាវ៉េ ធ្លាក់ចុះដុនដាបផងដែរ។
ក្នុងចន្លោះឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៧ រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ZANU PF របស់លោក Mugabe បានធ្វើការគាបសង្កត់យ៉ាងសាហាវឃោរឃៅទៅលើចលនាសេរី ZAPU ដឹកនាំដោយលោក Joshua Nkomo ដែលជាគូប្រជែងនឹងរូបលោក។ ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលភាគច្រើននិយាយភាសា Ndebele បានស្លាប់នៅក្នុងតំបន់ Matabeleland ដែលជាមូលដ្ឋានដ៏សំខាន់របស់លោក Nkomo។
លោក Mugabe បានប្រើប្រាស់កងពលតូចទីប្រាំ ដែលត្រូវបានគេស្គាល់តាមរយៈភាពសាហាវឃោរឃៅរបស់ក្រុមនេះនៅក្នុងតំបន់។ ទាហាននៃកងពលតូចនេះបានបង្ខំប្រជាពលរដ្ឋរាប់ពាន់នាក់ឲ្យរត់ភៀសខ្លួនទៅប្រទេសអាហ្វ្រិកខាងត្បូង Botswana និងកន្លែងដទៃទៀត។
លោក Mugabe បាននិយាយថា រដ្ឋាភិបាលបានប្រយុទ្ធនឹងក្រុមឧទ្ទាមដែលប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងក្រុម ZAPU មួយចំនួន។ មេដឹកនាំក្រុម ZAPU បានបដិសេធថា មិនបានពាក់ព័ន្ធនឹងក្រុមឧទ្ទាមនោះទេ។
បច្ចុប្បន្ននេះ ក្រុមអ្នករិះគន់បាននិយាយថា អំពើហិង្សាដែលត្រូវបានគេស្គាល់ថា Gukurahundi នៅតែធ្វើឲ្យក្រុមជនផ្ដាច់ខ្លួនចង់ឲ្យតំបន់នេះផ្ដាច់ចេញពីតំបន់ផ្សេងទៀតនៅក្នុងប្រទេស ដែលសម្បូរទៅដោយអ្នកនិយាយភាសា Shona។
អារម្មណ៍ច្របូកច្របល់គ្នា
សិល្បករ Paul Mlauzi វ័យ២៩ឆ្នាំ គឺជាអ្នករស់នៅក្នុងទីក្រុង Bulawayo ដែលជាទីក្រុងធំជាងគេទីពីរនៅក្នុងប្រទេស ស៊ីមបាវ៉េ និងជារដ្ឋធានីនៃតំបន់ Matabeleland។
លោកបានថ្លែងថា៖ «មរណភាពរបស់លោក Robert Mugabe បានធ្វើឲ្យមនុស្សជាច្រើនមិនដឹងថាគួរមានអារម្មណ៍យ៉ាងដូចម្ដេច ដោយសារតែពួកគេធំធាត់ឡើងក្នុងសហគមន៍ដែលពួកគេបានឮរឿងរ៉ាវអាក្រក់ជាច្រើនអំពីអតីតមេដឹកនាំរបស់ពួកគេ។ វាជាអារម្មណ៍ច្របូកច្របល់គ្នាក្នុងការដែលដឹងថា មេដឹកនាំអាហ្វ្រិករបស់យើងភាគច្រើន មិនទុកបញ្ហារបស់យើងជាអាទិភាពនោះទេ ជាឧទាហរណ៍ មេដឹកនាំអាហ្វ្រិកភាគច្រើនត្រូវទៅបរទេសដើម្បីព្យាបាលសុខភាព»។
លោក Mugabe បានសម្រាកព្យាបាលនៅប្រទេស សិង្ហបុរី តាំងពីខែមេសាមក។ លោកបានទៅប្រទេស សិង្ហបុរី ជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដើម្បីព្យាបាលសុខភាព ដោយសារតែប្រព័ន្ធសុខាភិបាលរបស់ប្រទេស ស៊ីមបាវ៉េ មិនល្អនោះទេ។
លោក Dumisani Nkomo គឺជាបុគ្គលិកនៃក្រុមកសាងសន្ដិភាពសាសនាគ្រិស្ត Habakkuk Trust ដែលប្រតិបត្តិការនៅក្នុងតំបន់ Matabeleland។ លោកបានលើកឡើងពីកេរដំណែលលាយឡំគ្នារបស់លោក Mugabe។
លោក Nkomo បានថ្លែងថា៖ «ជាការពិតណាស់ នេះគឺជាមរណទុក្ខដ៏ធំធេងរបស់ក្រុមគ្រួសាររបស់លោក។ ការរួមចំណែកជួយរំដោះប្រទេសជាតិរបស់លោក ត្រូវបានលុបបាត់ដោយសារការសម្លាប់រង្គាលនៅក្នុងអំពើហិង្សា Gukurahundi ដែលលោកគឺជាមេផ្ដើមគំនិត ការដួលរលំសេដ្ឋកិច្ចពីឆ្នាំ២០០០ដល់ឆ្នាំ២០០៣ និងដោយសារអំពើហិង្សាក្នុងការបោះឆ្នោត។
សេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្តែធ្វើបុណ្យកំណើតអធិកអធម
បន្ថែមពីលើការគាបសង្កត់យ៉ាងសាហាវឃោរឃៅរបស់លោកទៅលើក្រុមប្រឆាំង លោក Mugabe បានធ្វើឲ្យសេដ្ឋកិច្ចស៊ីមបាវ៉េធ្លាក់ចុះ។ ប្រទេសមួយដែលសម្បូរទៅដោយដីដាំដំណាំនិងធនធានរ៉ែបានក្ស័យធនអស់រយៈពេលជិតពីរទសវត្សដោយសារតែការគ្រប់គ្រងមិនបានល្អ។ ប៉ុន្តែខណៈដែលអតិផរណាកាន់តែអាក្រក់ហើយប្រជាជនក្លាយទៅជាអត់ឃ្លាន អតីតប្រធានាធិបតីរូបនេះបានល្បីល្បាញដោយសារតែការរៀបចំពិធីបុណ្យកំណើតសម្រាប់ខ្លួនឯងយ៉ាងអធិកអធម ដែលត្រូវចំណាយប្រាក់អស់រាប់សែនដុល្លារ។
ប៉ុន្តែនៅម្ខាងទៀតនៃទ្វីបនេះ លោក Mugabe ត្រូវបានគេចាត់ទុកជាវីរបុរសចំពោះការតស៊ូមតិឲ្យពួកស្បែកខ្មៅរួចផុតពីការធ្វើទុក្ខបុកម្នេញ។ ប៉ុន្តែសម្រាប់លោក Nkomo និងអ្នកផ្សេងជាច្រើនទៀតនៅក្នុងតំបន់ លោក Mugabe ត្រូវគេមើលឃើញថា ល្អតែពីក្រៅប៉ុណ្ណោះ។ លោក Nkomo មិនជឿថា គេអាចស្ដារកេរដំណែលរបស់លោក Mugabe បានទេ។
លោក Nkomo បានថ្លែងថា៖ «ពិបាកកែឲ្យល្អណាស់។ ខ្ញុំគិតថា អំពើអាក្រក់បានលុបបាត់អំពើល្អ។ ពិតណាស់ អ្នកខ្លះអាចនឹងអះអាងថា ក្នុងនាមជាអ្នកស្រោចស្រង់អាហ្វ្រិកម្នាក់ លោក Mugabe ពិតជាបានតស៊ូមតិសម្រាប់អាហ្វ្រិកទៅមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីឲ្យគេស្គាល់ថា ស៊ីមបាវ៉េគឺជាដៃគូស្មើគ្នាមួយនៅក្នុងអង្គការសហប្រជាជាតិ និងនៅក្នុងស្ថាប័នដទៃទៀត។ ដូច្នេះជាទ្រឹស្ដី លោកគឺជាជ័យលាភីមួយរូបសម្រាប់អាហ្វ្រិក ប៉ុន្តែជាការអនុវត្តជាក់ស្ដែង លោកបានធ្វើបាបប្រជាជនរបស់ខ្លួនឯង»។
មានការលំបាកណាស់ក្នុងការសម្រេចទៅលើកេរដំណែលរបស់លោក Mugabe បើធៀបទៅនឹងប្រទេសអាហ្វ្រិកដទៃទៀត ដែលមានមេដឹកនាំផ្ដាច់ការដូចគ្នា ហើយបដិសេធមិនព្រមប្រគល់អំណាចនោះ។ លោក Nkomo និងអ្នកផ្សេងទៀតនិយាយថា មរណភាពរបស់លោក Mugabe គួរតែជាការក្រើនរំឭកដល់ប្រទេសអាហ្វ្រិកដទៃទៀត ឲ្យពិនិត្យមើលឡើងវិញថាតើពួកគេចង់ឲ្យប្រទេសរបស់ខ្លួនក្លាយទៅជាបែបណា។
លោក Nkomo បានថ្លែងថា៖ «ជាការពិតណាស់ វាគឺជាការឆ្លុះបញ្ចាំងពីខ្លួនយើង។ ក្រឡេកមើលទៅលើការស្អប់ជនបរទេសនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងស្មារតីជាតិនិយមដែលយើងមាននៅគ្រប់កន្លែង។ ប៉ុន្តែចំពោះករណីរបស់លោក ប្រហែលជាមានលក្ខណៈធ្ងន់ធ្ងរ ដោយសារតែលោកគឺជាប្រធានាធិបតី»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា